ករណី​ឃាតកម្ម​នៅ​ស្រុក​ឈូក​មាន​មេខ្លោង​រៀប​ផែនការ​និង​បញ្ជា​ពីក្រោយ​

1017
ចែករម្លែក
  • 1.6K
    Shares

ដោយ​: បូកគោ / កំពត​: ជនសង្ស័យ​បួនរូប​ក្នុងចំណោម​ប្រាំមួយ​នាក់ ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​ឃាតកម្ម នៅ​ភូមិ​ព្រៃ​ពាយ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្តកំពត បាន​សារភាពថា ការសម្លាប់​មនុស្ស​ដែល​ធ្វើឡើង​ទាំង​បង្ខំចិត្ត​នោះ ដោយសារ​មាន​មេខ្លោង​បញ្ជា​ពីក្រោយ ព្រោះ​ទាក់ទិន​នឹង​វិវាទ​ដីធ្លី​រ៉ៃ​រ៉ាំ​យូរ​ឆ្នាំ​។​

​សូម​រំលឹកថា កាលពី​ម៉ោងជាង​៨​យប់​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៩ ព្រោះតែ​បាត់​បុរស​ជា​សមាជិកគ្រួសារ ម្នាក់​មិនឃើញ​ត្រឡប់ទៅផ្ទះ បងប្អូន​សាច់ញាតិ​បាន​តាម​ទៅរក​ដល់​ចម្ការ​ស្ថិតនៅ​ចំណុច​ស្រែ​ប្រិ​យ​ក្នុងភូមិ​ព្រៃ​ពាយ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ក៏​ប្រទះឃើញ​ជនរងគ្រោះ​ស្លាប់​ក្នុង​ខ្ទម ទើប​ប្រញាប់ប្រញាល់​រាយការណ៍​ជូន​សមត្ថកិច្ច​ឱ្យដឹង​ភ្លាមៗ​ដើម្បី​ចុះ​ពិនិត្យមើល​។ បុរសរងគ្រោះ​ឈ្មោះ អ៊ួ​ន វណ្ណា ហៅ​ម៉ឹ​ល អាយុ ៤៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទ្វារ​ថ្មី ឃុំ​ព្រៃ​ថ្នង ស្រុក​ទឹកឈូ ខេត្តកំពត​។

​តាមរយៈ​ការធ្វើ​កោសល្យវិច័យ សមត្ថកិច្ច​បានបញ្ជាក់​ថា ជនរងគ្រោះ​ត្រូវគេ​វាយ​ត្រង់​ក្បាល​ពីក្រោយ​ជាច្រើន​កន្លែង និង​រហែក​មាត់​ផ្នែក​ខាងឆ្វេង​។ នេះ​ជា​ករណី​មនុស្សឃាត​បង្កឡើង​ដោយ ជន​មិន​ស្គាល់មុខ​ដែល​តម្រូវឱ្យ​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​ដើម្បី​នាំ​ជនដៃដល់​យកមក​ផ្តន្ទាទោស​តាម​វិធី​ច្បាប់​។ សាច់ញាតិ​ជនរងគ្រោះ​បញ្ជាក់ថា ពេល​ក្រុមគ្រួសារ​យក​គោយន្ត​ដឹក​សព​មក​លំនៅស្ថាន មាន​ដៃជើង​ឈ្មួញ​ដី​ដែល​តែង​ធ្វើបាប​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​ព្យាយាម​រារាំង តែដោយសារ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ទើប​ពួកគេ​មិនអាច ឃាត់​ដំណើរ​បាន​។ ដោយ​សន្និដ្ឋានថា ក្រុម​អុកឡុក​គោយន្ត​អាចពាក់ព័ន្ធ​ករណី​មនុស្សឃាត លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ ស្នងការ​នគរបាល​ខេត្តកំពត​បាន​ណែនាំ និង​បញ្ជា​ដល់​កម្លាំង​ក្រោម​ឱវាទ​ឱ្យ​ចុះ​ឃាត់ខ្លួន ក្រុម​ជនសង្ស័យ​ជា​បន្តបន្ទាប់​ចំនួន​ប្រាំ​មួយរូប នាំមក​កាន់​ស្នងការដ្ឋាន​ដើម្បី​សាកសួរ​។ ជនសង្ស័យ​ទាំងនោះ រួមមាន ១. ឈ្មោះ ង៉ែត ផុន អាយុ ៥៥​ឆ្នាំ​, ២. ឈ្មោះ តូច សា​រុំ អាយុ ៤៦​ឆ្នាំ​។ ទាំងពីរ​នាក់​រស់នៅ​ភូមិ​កំពង់​ចិន ឃុំ​ស្ទឺ​ង​កែវ ស្រុក​ទឹកឈូ ខេត្តកំពត​។ ៣. ឈ្មោះ ព្រីង ឡ​ន អាយុ ៦៥​ឆ្នាំ​, ៤. ឈ្មោះ មឿ​ន វាសនា អាយុ ២៦​ឆ្នាំ​, ៥. ឈ្មោះ សឿង បុល អាយុ ៤៦​ឆ្នាំ​។ អ្នក​ទាំងបី​រស់នៅ​ភូមិ​ព្រៃ​ពាយ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្តកំពត​។ ៦. ឈ្មោះ ហ៊ាង ចាន់ អាយុ ៣០​ឆ្នាំ រស់នៅ​ភូមិ​ដូន​ស៊យ ឃុំ​ថ្មី ស្រុក​ទឹកឈូ ខេត្តកំពត​។​

​នៅ​ទីតាំង​កើតហេតុ ពេល​នាំ​ក្រុម​ជនសង្ស័យ​ធ្វើ​ត្រាប់​ឡើងវិញ នា​ព្រឹក​ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ​២០១៩ លោក ឧ​ត្ត​ម​សេនីយ៍​ត្រី សៅ សំអឿន ស្នងការរង​ទទួលបន្ទុក​ផែន​ព្រហ្មទណ្ឌ​បាន​បញ្ជាក់ថា ក្នុងចំណោម​ជនសង្ស័យ​ដែល​ត្រូវបាន​ឃាត់ខ្លួន គឺមាន​បួន​នាក់​ដែល​បាន​រួមគ្នា​សម្លាប់​ជនរងគ្រោះ​កាលពី​ថ្ងៃទី​៣១ ខែ មករា ឆ្នាំ​២០១៩​។
​ឯ​ពីរ​នាក់​ទៀត​ជាប់​បណ្តឹង​ពី​ការប្រើ​ហិង្សា​លើ​ពលរដ្ឋ​នៅ​តំបន់​កើតមាន​អំពើ​ឃាតកម្ម​នេះ​។ ក្រុម​ជនសង្ស័យ បាន​សារភាពថា មុននឹង​សម្លាប់​បុរស​ម្នាក់នេះ​គឺមាន​មេខ្លោង​រៀបចំ​ផែនការ និង​បញ្ជា​ពួកខ្លួន​៕ ល​