ករណី​ឃាតកម្ម​បាញ់សម្លាប់​អ្នកទិញ​ឡាន​ រួច​ចោទថា​ចោរ​ ​ឥឡូវ​ឃាត់ខ្លួន​ជិត ​១០ ​នាក់​

485
ចែករម្លែក
  • 856
    Shares
ជបជាប់សង្ស័យដែលកំពុងគេចខ្លួន(រូបឯកសារ)

ដោយៈ​ចាន់ ថន​/ព្រៃវែងៈ ដំណើររឿង​កូនលោក​ឧកញ៉ា ជឹម សុខ និង​ក្មួយ រួម​ទាំង​មេ​ប៉ុស្តិ៍​កំពង់​សឹង ដេញ​ ស្ទាក់​បាញ់សម្លាប់​បុរស​ម្នាក់​យ៉ាង​ព្រៃផ្សៃ និង​របួស​ម្នាក់ នៅ​ស្រុក​បាភ្នំ ដោយ​ចោទថា​ចោរលួច​ឡាន​នោះ​​ ​គិត​មកដល់​យប់​ថ្ងៃទី​២៥​ខែមីនា​ឆ្នាំ​២០១៩​ម្សិលមិញ ការស្រាវជ្រាវ​ឈានដល់​ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​៨​នាក់​។ ​ក្នុងនោះ​រួមមាន​ម្ចាស់​ឡាន​ដែល​ផ្ដល់ព័ត៌មាន​កុហកថា​ចោរលួច។ អ្នកប្ដឹង អ្នកទទួល​បណ្ដឹង អ្នករួមដំណើរ អ្នកដឹកនាំ​កម្លាំង ​រួមទាំង​ជនដៃដល់​ម្នាក់ ខណៈ​ខ្មាន់កាំភ្លើង​ម្នាក់ទៀត​កំពុង​រត់គេចខ្លួន(​កូនលោក​ឧកញ៉ា ជឹម សុខ) ។


​យោងតាម​ប្រភព​លេច​ធ្លាយ​បាន​ឲ្យ​ដឹងថា ​ជន​ដែល​ត្រូវ​ឃាត់ខ្លួន​ទាំង​៨​នាក់​មាន​ដល់​ទៅ​៣​ក្រុម​។ ​ក្រុមទី​១​.គឺ​ភាគី​ម្ចាស់​ឡាន​អ្នកលក់, ក្រុមទី​២. ដៃជើង​បក្ខពួក​មេការ​លោក​ឧក​ញ៉ា​ជឹម សុខ និង ក្រុមទី​៣​.​សមត្ថកិច្ច​នគ​របាល​ខេត្តព្រៃវែង ។​

​យោងតាម​ឯកសារ​មួយចំនួន​ដែល​យើងខ្ញុំ​ទទួលបាន​នៅ​ព្រឹក​ថ្ងៃទី​២៦​ ខែមីនា​នេះ បាន​ឲ្យ​ដឹងថា ជន​ដែល​ត្រូវ​ឃាត់ខ្លួន​រួមមាន​​ទី​១.​ឈ្មោះ សេង ឈិន ជា​ម្ចាស់​បណ្ដឹង​ផ្ដល់ព័ត៌មាន​មក​ឈ្មោះ ផាន់ សុ​ឌី ឲ្យ​ជួយ​ចាប់ចោរ​លួច​ឡាន​។​២​.ឈ្មោះ ឈុន ឡាយ អ្នករួមដំណើរ​។​៣​.ឈ្មោះ ផាន់ សុ​ឌី ភេទ​ប្រុស នៅ​ភូមិ​តា​ម៉ៅ ឃុំ​កំពង់​សឹង ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង ប​ច្ចុ​ប្បន្នជាជាង​ជួសជុល​ឡាន​នៅ​ភ្នំពេញ​ដែល​ជួល​រថយន្ត​នោះឲ្យ​ទៅ​ជនជាតិ​ចិននិង​ជា​ម្ចាស់​ដើម​។​៤.​ឈ្មោះ វ៉ែន ប៊ុន​សារៈ អ្នករួមដំណើរ​។​៥. លោក​អនុសេនីយ៍ឯក ជា ឡា​ឌី​ន មេ​ប៉ុស្តិ៍​កំពង់​សឹង ជា​អ្នកដឹកនាំ​កម្លាំង​និង​ផ្ដល់​មធ្យោបាយ​សម្រាប់​ប្រព្រឹត្ត​បទល្មើស​។​៦.​ឈ្មោះ អ៊ូ ប៊ុត​ទី​ឃី​យ៉ា​ត់ ជា​មេការ​បេន​ទួល​ខ្លូត របស់លោក​ឧកញ៉ា​ជឹម​សុខ​។​៧.​អនុសេនីយ៍ទោ ជឹម វិ​ន មន្ត្រី​ប៉ុស្តិ៍​កំពង់​សឹង ស្រុក​ព្រះស្ដេច ត្រូវជា​ក្មួយ​លោក​ឧកញ៉ា​ជឹម​សុខ និង​ជា​ជនដៃដល់​។និងទី៨ ភាព ផានី ជា​ពលរដ្ឋ​ដែល​ផ្ដល់ព័ត៌មាន​មក​ប៉ុស្តិ៍​ថា ចោរលួច​ឡាន​។​ ​ដោយឡែក​ខ្មាន់កាំភ្លើង​ឈ្មោះ ជឹម រត​នៈ ប្រធាន​ផ្នែក​អន្តោប្រវេសន៍​ស្រុក​ព្រះស្ដេច ត្រូវជា​កូនប្រុស​លោក​ឧកញ៉ា ជឹម សុខ កំពុង​រត់គេចខ្លួន​។


​បើតាម​ប្រភពបាន​លួច​បង្ហើប​ថា ជន​ពាក់ព័ន្ធ អាច​នឹង​ចាប់ខ្លួន​ជា​បន្តបន្ទាប់​ទៀត គឺ​មិនទាន់​អស់​ទេ ខណៈ​សមត្ថកិច្ច​បានរៀបចំ​ឯកសារទៅ​ព្រះរាជអាជ្ញា​ដើម្បី​សុំ​គោល​ការណ៍ឃាត់​បន្ត​។​


​សូមបញ្ជាក់ថា​ ករណី​ឃាតកម្ម​បាញ់សម្លាប់ ជនរងគ្រោះ​ដោយ​ចោទថា​ចោរលួច​ឡាន​។​​អ្នកស្លាប់​ឈ្មោះ ម៉ន រ៉ាវុធ ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ មុខរបរ​ជាង​ម៉ៅការ​សំណង់ មាន​ស្រុកកំណើត​នៅឃុំ​ឈើកាច់ ស្រុក​បាភ្នំ ខេត្តព្រៃវែង។ បច្ចុប្បន្ន​ស្នាក់នៅខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​អ្នករួមដំណើរ​ឈ្មោះ វ៉ាន ខេមរិន ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ នៅ​ភូមិ​ឈើកាច់ ឃុំ​ឈើកាច់ ស្រុក​បាភ្នំ ខេត្តព្រៃវែង រងរបួស​ស្រាល​។​

​ហេតុការណ៍​នេះ​បានកើត​ឡើងកាលពី​វេលា​ម៉ោង​១១យប់ ថ្ងៃទី​២៣​មីនា នៅ​ចំណុច​ភូមិ​គោក​សណ្តែក ឃុំ​រក្ស​ជ័យ ស្រុក​បាភ្នំ ខេត្តព្រៃវែង​។ដោយ​សមត្ថកិច្ច ស្ទាក់​បាញ់សម្លាប់​ជនរងគ្រោះ ព្រោះ​ច្រឡំ​ថាជា​ចោរលួច​រថយន្ត ។ ​​ជនរងគ្រោះគ្មាន​អាវុធ​ក្នុង​ដៃ ថែមទាំង​បាន​លើកដៃ​សំពះ​កុំ​បាញ់ ​ទុកជីវិត​ឲ្យខ្លួន​ផង​។​​ប៉ុន្តែ​ជនដៃដល់​នៅតែ​បាញ់ស្រោច​មិន​ឈប់ រហូត​ស្លាប់​ម្នាក់​ក្នុង​ថ្លុកឈាម​និង​របួស​ម្នាក់​។​


មូលហេតុ មកពី​ជនរងគ្រោះទិញ​រថយន្ត​បង់លុយ​មិនទាន់​គ្រប់ ហើយ​ម្ចាស់​ដើម បាន​យក​រថយន្ត​នោះទៅ​ជួល​ឲ្យ​ជនជាតិ​ចិន​។​ធ្វើ​ឲ្យ​អ្នកទិញ​ខឹង បាន​ស្កាត់​ទៅយក​រថយន្ត​ពី​ជនជាតិ​ចិន រួច​បើក គច​មក​ស្រុកកំណើត ។​ ​ស្រាប់តែ​ម្ចាស់​ដើម ស្រាវជ្រាវ​តាម ​GPS​ដេញ​ពីក្រោយ ប្ដឹង​សមត្ថកិច្ច ដោយ​បំភ័ន្តថា​ចោរៗ​ទើប​សមត្ថកិច្ចស្ទាក់​បាញ់សម្លាប់​អ្នកទិញ​រថយន្ត​តែម្ដង ព្រោះ​ស្មានថាចោរលួច​រថយន្ត​ដូច​ពាក្យបណ្ដឹង​។​

​ម្ដាយ​ជនរងគ្រោះ​ដែល​ត្រូវបាន​គេ​បាញ់​ស្លាប់ បាន​អះអាងថា​ កូន​គាត់​បាន​ទិញ​រថយន្ត ម៉ាក​ព្រូស​ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AF2679 ដោយ​បង់​រំ​លស់ នៅ​ខ្វះ​លុយ ៣.០០០​ដុល្លារ​ទៀត​។ ​ម្ចាស់​ដើម​ឈ្មោះ ផាន់ សុ​ឌី ភេទ​ប្រុស នៅ​ភូមិ​តា​ម៉ៅ ឃុំ​កំពង់​សឹង ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង ប​ច្ចុ​ប្បន្ន​ជាជាង​ជួសជុល​ឡាន​នៅ​ភ្នំពេញ​។ទន្ទឹមនេះម្ចាស់​បាន​ជួល​រថយន្ត​នោះឲ្យ​ទៅ​ជនជាតិ​ចិន សម្រាប់​ជិះ។​


​ក្រោយមក​ជនរងគ្រោះ​ឈ្មោះ ម៉ន រ៉ាវុធ ដឹងថារថយន្ត​ខ្លួន ត្រូវ​ម្ចាស់​ដើម​យកទៅ​ជួល​ឲ្យ​ចិន​ ​ទើប​ខ្លួន​ស្កាត់​ទៅយក​រថយន្ត​នោះពី​ជន​ជាតិចិន​ ​រួច​បើក​ពី​ភ្នំពេញ រត់គេច​មកផ្ទះ​ជាមួយ​ឈ្មោះ វ៉ាន ខេមរិន ។​
​ចំណែកឈ្មោះ ផាន់ សុ​ឌី ម្ចាស់ឡានគិតថា​ទិញ​រថយន្ត​ឲ្យ​លុយ​មិនទាន់​គ្រប់​ផង​ហើយ​ទៅយក​រថយន្តពី​អតិថិជន​អ្នក​ជួល​បែប​នោះ​ទៀត​​និង​មានបំណងគេច ទើប​ខ្លួន​ស្រាវជ្រាវ​តាម​ GPS បើកឡាន​តាម​ពីក្រោយ និង​ទូរស័ព្ទ​ប្ដឹង​សមត្ថកិច្ច ដោយ​បំភ្លៃ​ថាចោរលួច​រថយន្ត​របស់ខ្លួន។


សមត្ថកិច្ចប៉េអឹម​បាន​បើករថយន្ត​ដេញតាមពីក្រោយ​ចាប់ពី​ចំណុច​ស្ពាន​អ្នក​លឿង ផ្លូវជាតិ​លេខ​១ ។ ​រថយន្ត​ក៏បានបត់​កាច់​តាម​ផ្សារ​អ្នក​លឿង ហើយ​បត់​ស្តាំ​មក​តាម​ផ្លូវជាតិ​លេខ​១១ ឆ្ពោះទៅ​ទី​រួម​ខេត្តព្រៃវែង​។ ​លុះ​មកដល់​កន្លែង​ផ្លូវបត់​កែង​ទៅ​ផ្សារស្នេហ៍ ស្រុក​បាភ្នំ រថយន្ត​នោះបាន​បើក​បត់​សំដៅទៅ​ស្រុក​បាភ្នំ​តែម្តង​។​​ខណៈ​សមត្ថកិច្ចប៉េអឹម​តាម​ពីក្រោយ បានទាក់ទងទៅនគរបាល​ប៉ុស្តិ៍​កំពង់​សឹង ស្រុក​ព្រះស្ដេច ។ប៉ូលិស​ដែលមាន​គ្នា​បី​បួន​នាក់ ក៏បើករថយន្ត​ចេញមក​ស្ទាក់នៅ​ចំណុច​ភូមិ​គោក​សណ្តែក ឃុំ​រក្ស​ជ័​យ ស្រុក​បាភ្នំ ដែលជា​កន្លែងកើតហេតុ​។​

​ពេល​ជន​រង​គ្រោះបាន​បើករថយន្ត​មិន​ព្រម​ឈប់ ទើប​ប៉ូលិស​វ័យក្មេង​ឈ្មោះ ជឹម រតនៈ និង​ឈ្មោះ ជឹម វិ​ន ដក​កាំភ្លើង​សម្រុក​បាញ់ស្រោចទៅលើ​ជនរងគ្រោះ ដោយ​គ្មាន​ប្រណី​ដៃ បើទោះបីជា​ជនរងគ្រោះគ្នា​លើកដៃ​សំពះសុំ​ជីវិត។ចំណែក​ឈ្មោះ ជា ឡា​ឌី​ន មេ​ប៉ុស្តិ៍​ក៏​មិន​ឃាត់​ទៀត ​បណ្ដាល​ឲ្យ​ឈ្មោះ ម៉ន រ៉ាវុធ អ្នកទិញ​រថយន្តនិង​ជា​អ្នកបើកបរស្លាប់​។​ដោយឡែក​អ្នករួមដំណើរ ឈ្មោះ វ៉ាន ខេមរិន បាន​រងរបួស​ស្រាល ហើយ​ត្រូវបាន​នគរបាល​ឃាត់ខ្លួន​មក​សួរនាំ​។​


​ក្រោយ​បាញ់សម្លាប់​ជនរងគ្រោះ​រួចមក ដើម្បី​ដោះខ្លួននិង​ការពារ​កូនចៅ​បក្ខពួក លោក ព្រុំ សន្ធរ ស្នងការ​ខេត្តព្រៃវែង ​​បានធ្វើ​របាយការណ៍​បំភ្លៃ​បិទបាំង​ថា​​ជា​រឿង​ជ្រុលដៃ​បាញ់​ចោរលួច​ឡាន ព្រោះ​ពួកគេ​ព្យាយាមបើក​បុក​ប៉ូលិស និង​ផ្អែកលើ​ពាក្យបណ្ដឹង ​បូករួម​ទាំង​អ្នកប្ដឹង​តាម​ពីក្រោយ​។​ប៉ុន្តែ​សាច់រឿង​ពិត​បានដឹង​ដល់​ថ្នាក់ដឹកនាំ​កំពូល ទើបសំណុំរឿងមួយនេះត្រូវបានលើកយកមកអនុវត្តន៍តាម នីតិវិធីដើម្បី​យុត្តិធម៌​ ៕សរន/Ha