ករណី​ឃាតកម្ម​សម្លាប់​នារី​បម្រើការ​ខារ៉ាអូខេ​, សមត្ថកិច្ច​កំពុង​តាម​ចាប់ខ្លួន​ឃាតក​

1852
ចែករម្លែក
  • 480
    Shares

ដោយ​: អង្គរតូច / សៀមរាប​: អំពើ​ឃាតកម្ម​ដ៏​សាហាវព្រៃផ្សៃ វាយ​និង​រឹត​ក​សម្លាប់​នារី​បំរើការ​ខារ៉ាអូខេ​យី​យោ “​កម្សាន្ត​រីករាយ​” នៅ​ស្រុក​ស្រីស្នំ ដែល​ផ្តើមចេញពី​ភ្លើង​ប្រចណ្ឌ ពេលនេះ​សមត្ថកិច្ច​កំពុង​តាម​ប្រ​ម៉ាញ់​ចាប់ខ្លួន​ឃាតក បន្ទាប់ពី​បានកំណត់​មុខសញ្ញា​រួចហើយនោះ​។​

​អធិការនគរបាល​ស្រុក​ស្រីស្នំ លោក​វរសេនីយ៍ឯក អ៊ុន ស្រស់ បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា​តាម​ទូរស័ព្ទ​ថា ករណីនេះ សមត្ថកិច្ច​កំពុង​តាម​ប្រ​ម៉ាញ់ ចាប់ខ្លួន​ឃាតក ដើម្បី​ផ្តន្ទាទោស ត្បិត​អីយើ​ង​បានកំណត់​មុខសញ្ញា​ច្បាស់​ហើយ ជនសង្ស័យ​ដែលជា​ឃាតក ជា​អ្នក​បើកឡាន​ដឹក​ដី​ធ្វើ​ផ្លូវ​។ តាម​ការសាកសួរ​ក្រុម​មិត្ត​ភ័ក្តិ​ជន​ខាងលើនេះ មានឈ្មោះ ម៉ៅ សុ​ថៃ អាយុ​ប្រហែល​៣០​ឆ្នាំ មាន​ស្រុកកំណើត​នៅ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ហើយ​ពេលនេះ​កំពុង​រត់គេចខ្លួន​។ ជនសង្ស័យ​ជា​អ្នកបើក​ឡាន​ដឹក​ដី​ធ្វើ​ផ្លូវ ក្នុង​ស្រីស្នំ ហើយក៏​ស្នាក់​នៅក្នុង​ការដ្ឋាន​នោះ​ផងដែរ​។ ចំណែក​ស្ត្រី​រងគ្រោះ​មានឈ្មោះ ស៊ុន នាង អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ជ្រោយ​នាង​ងួន ឃុំ​ជ្រោយ​នាង​ងួន ស្រុក​ស្រីស្នំ ខេត្តសៀមរាប​។

​លោក​បន្តថា ជនសង្ស័យ​និង​សព​ស្ត្រី​រងគ្រោះ​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយគ្នា តាំងពី​អំឡុង​ខែ​៣​ឆ្នាំ​២០១៨​មក​ម្លេះ​។ អ៊ីចឹង​ទេ ករណី​ខាងលើនេះ អាច​ផ្តើមចេញពី​រឿង​ប្រចណ្ឌ ហើយ​អំពើ​ឃាតកម្ម​នេះ ឃាតក​អាច​មិនមាន​គ្នា​លើសពី​ម្នាក់​នោះទេ​។​

​លោក​អធិការ​បន្ថែមថា តាម​ការពិនិត្យ និង​កោសល្យ​ពិច័យ ជនរងគ្រោះ​មាន​ស្នា​មរឹតក ហើយ​មាន​របួស​លើ​ក្បាល​និង​ខ្លួន ដែល​សន្និដ្ឋាន​ជំហាន​ដំបូង គឺ​ឃាតក​អាច​រឹត​ក​សម្លាប់ ហើយ​ទើប​យក​ដុំថ្ម​វាយ​បន្ថែម​។​

​សូមបញ្ជាក់ថា កាលពី​ម៉ោង​៦​ព្រឹក​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០១៨ មាន​ឃាតកម្ម​ដ៏​សាហាវព្រៃផ្សៃ ដោយ​ពលរដ្ឋ​ប្រទះឃើញ​សាកសព​ស្ត្រី​ម្នាក់​ដេកស្លាប់ ត្រង់ចំណុច​ក្បែរ​ជើងភ្នំ​តា​ប៉ែន ខាងកើត​ភូមិ​ដំណាក់​ដំរី ឃុំ​ស្លែង​ស្ពាន ស្រុក​ស្រីស្នំ ហើយ​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច ដើម្បី​ពិនិត្យ​និង​កំណត់​មុខសញ្ញា​ជនដៃដល់​។ ពេលនេះ​ជនដៃដល់​សមត្ថកិច្ច​កំពុង​តាម​ប្រ​ម៉ាញ់​ចាប់ខ្លួន​៕