ករណី​ចាប់ជំរិត​ក្មេងស្រី​សិស្សសាលា​នៅខេត្តកំពង់ស្ពឺ​, ជនដៃដល់​ត្រូវ​នគរបាល​ចាប់បាន នៅ​ខេត្តកំពង់ឆ្នាំង​

2213
ចែករម្លែក
  • 238
    Shares
(រូប៖មុនីរត្ន)

កំពង់ស្ពឺ​៖ ករណី​ចាប់​ក្មេងស្រី​សិស្សសាលា​បឋមសិក្សា​អង្គ​លំ​ទង ជំរិត​ទារប្រាក់​ពី​ឪពុកម្ដាយ​ក្មេងស្រី​រងគ្រោះ​ចំនួន​៤​ពាន់​ដុល្លារ កាលពី​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៧​នោះ ត្រូវបាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ នៃ​នាយកដ្ឋាន​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ សហការ​ជាមួយ​កម្លាំង​នគរបាល នាយកដ្ឋាន​កណ្តាល​សន្តិ​សុខ កម្លាំង​នគរបាល​ខេត្តកំពង់ស្ពឺ និង​ខេត្តកំពង់ឆ្នាំង នៅ​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៧​នេះ បើក​ការស្រាវជ្រាវ និង​ឈានទៅដល់​ការចាប់ខ្លួន ស្ដ្រី​ដែល​ជនសង្ស័យ​បាន​ហើយ នៅ​ទី​រួម​ខេត្តកំពង់ឆ្នាំង​។​

​មន្ដ្រីនគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ត្រូវបាន​ចាប់ខ្លួន ខណៈ​ទៅ​បើក​លុយ ដែល​ជំរិត​ពី​ឪពុកម្ដាយ​ក្មេងស្រី​រងគ្រោះ​ចំនួន​៤,០០០​ដុល្លារ នៅ​ទីភ្នាក់ងារ​វី​ង​មួយកន្លែង ស្ថិតនៅ​ម្ដុំ​ផ្សារលើ ទី​រួម​ខេត្តកំពង់ឆ្នាំង​។​

​បើតាម​សមត្ថកិច្ច​ជនសង្ស័យ​ឈ្មោះ ហេង សុខលី អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ ដែល​ស្ដ្រី​រូបនេះ បាន​ចាប់​ក្មេងស្រី​រងគ្រោះ ឈ្មោះ ម៉ុក ចាន់​រស្មី អាយុ​៨​ឆ្នាំ ហើយ​ជំរិត​ទារប្រាក់​ពី​ឪពុកម្ដាយ​ក្មេងស្រី ចំនួន​៤,០០០​ដុល្លារ​។ នៅពេលនេះ ស្ដ្រី​សង្ស័យ​ត្រូវបាន​នាំខ្លួន យកទៅ​សួរ​នាំនៅ​នាយកដ្ឋាន ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​។ ដោយឡែក​ក្មេងស្រី​រងគ្រោះ ក៏​ត្រូវបាន​សមត្ថកិច្ច​ទាក់ទង​ទៅ​ក្រុមគ្រួសារ​មក​ទទួលយក​ផងដែរ​។​

​គួរ​បញ្ជាក់ថា ក្មេងស្រី​សិស្សសាលា​បឋមសិក្សា​អង្គ​លំ​ទង ស្ថិតនៅ​ភូមិ​ព្រែ​តា​មួ​ច ឃុំ​ស្នំ​ក្រពើ ស្រុក​គងពិសី ខេត្ដ​កំពង់ស្ពឺ ត្រូវបាន​ស្ដ្រី​ម្នាក់​ចាប់ខ្លួន​ទៅ​បាត់​ហើយ ជំរិត​ទារប្រាក់​ពី​ឪពុកម្ដាយ កាលពី​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៧​។ ក្មេងស្រី​រងគ្រោះ​មានឈ្មោះ ម៉ុក ចាន់​រស្មី អាយុ​៨​ឆ្នាំ រៀន​ថ្នាក់​ទី​២ មាន​ទីលំនៅ​ភូមិ​ឃុំ​ខាងលើ ឪពុក​ឈ្មោះ ម៉េង អោក និង​ម្ដាយ​ឈ្មោះ ភី សោភា​។​

​សូមជម្រាបថា នាពេល​ថ្មីៗ​នេះ នាយកដ្ឋាន​កណ្ដាល​សន្ដិ​សុខ នៃ​ក្រសួងមហាផ្ទៃ បានប្រកាស​លេខ​ទូរស័ព្ទ​ចំនួន​២​ខ្សែ សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ណា​ដែល​ដឹង​រឿង ឬក៏​ជនរងគ្រោះ​ជា​មាតាបិតា អាណាព្យាបាល​ផ្ទាល់ ក្នុងករណី​បាត់​ក្មេង សូម​រាយការណ៍​ជាបន្ទាន់​ទៅ​លេខ​ទូរស័ព្ទ​របស់​នាយកដ្ឋាន រួមមាន​៖ 031 201 2345 , 031 601 2345 ដើម្បី​ជួយសង្គ្រោះ​ឲ្យ​បាន​ទាន់ពេលវេលា និង​ស្វែងរក​ក្រុម​ជនអនាមិក​នោះ មក​ផ្តន្ទាទោស​តាមច្បាប់​៕ ដោយ​៖ លីន​ណា​