ករណី​ចាប់​បង្ខាំង​មនុស្ស​ដើម្បី​ជំរិត​ទារប្រាក់​៖​តុលាការ​ឃុំខ្លួន​បុរស​ជនជាតិ​ចិន​ចំនួន​៥​នាក់​

734
ចែករម្លែក

ដោយ : ស​រិ​ទ្ធ​/​ភ្នំពេញ  : ​បុរស​ជនជាតិ​ចិន​ចំនួន​៥ នាក់​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ចាប់​បង្ខាំង​មនុស្ស ​ដើម្បី​ជំរិត​ទារប្រាក់​ពី​ជន​ជាតិចិន​ដូចគ្នា ​បាន​ត្រូវ​តុលាការ​សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ​នៅ​រសៀល​ថ្ងៃទី​២២​ខែ សីហា​ដើម្បី​រង់ចាំ​ការស៊ើបអង្កេត​ជា​បន្តទៀត​។

បុរស​ជនជាតិ​ចិន​ទាំង​៥​នាក់​នោះ​ឈ្មោះ LEE JUNG CHUEN ហៅ LAO LY អាយុ​៥២​ឆ្នាំ, ឈ្មោះ​CHEN CHEN ហៅ PANG ZHI អាយុ​៣៤​ឆ្នាំ, ឈ្មោះ WANG XIANWEI អាយុ​២៣​ឆ្នាំ, ឈ្មោះ ZU ZHAN CIANG អាយុ​៣៦​ឆ្នាំ និង ឈ្មោះ ZHANG YOUNG JIAN អាយុ​២៧​ឆ្នាំ ។

​សមត្ថកិច្ច​បានបញ្ជាក់​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង​២និ១៥​រំលង​អា​ធ្រា​ត្រ​ ឈានចូល​ថ្ងៃទី​១៦​ខែ សីហា សមត្ថកិច្ច​នគរបាល​ខណ្ឌទួលគោក ទទួលបាន​ពាក្យបណ្តឹង​ផ្ទាល់មាត់ ពី​ជនរងគ្រោះ​ជា​ជន​ជាតិចិន​ដូចគ្នា ថា មាន​ជនជាតិ​ចិន​១​ក្រុម កំពុង​ចាប់​បង្ខាំង​មនុស្ស​នៅ​ចំណុច​អគារ​សម្រាប់​ជួល ដីឡូត៍​លេខ​២ ផ្លូវ​លេខ​៣១៥ ក្នុង សង្កាត់​បឹងកក់​១ ។ ក្រោយពី​ទទួលបាន​បណ្តឹង​ផ្ទាល់មាត់​នេះ​នគរបាល​ជំនាញ​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ បានធ្វើការ​ស្រាវជ្រាវ​ជាបន្ទាន់ ដោយមាន​ការសហការ​ជាមួយ​នគរបាល​ខណ្ឌ​សែន​សុខ កម្លាំង​ជំនាញ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​រាជធានី​ភ្នំពេញ និង មានការ​សម្របសម្រួល​ពី​សំណាក់​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅវេលា​ម៉ោង​៨​យប់​ថ្ងៃទី​១៨ សីហា ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៥ នាក់​ខាងលើនេះ ។​

ប្រភពព័ត៌មាន​បន្តថា ការឃាត់ខ្លួន​ជនសង្ស័យ​ជា​ជន​ជាតិចិន​ទាំង​៥ នាក់​នោះបាន​រកឃើញ​បទល្មើស​ជាក់ស្តែង​ចំនួន​៣​បទល្មើស​គឺ​បទ កំហែង​យក បទ​លួច​ប្រាក់​ក្នុង​កាបូប​ជនរងគ្រោះ​ចំនួន​២០ ០០០​ដុល្លារ​អាមេរិក និង លិខិតឆ្លងដែន​មួយ​ក្បាល និង​បទ បង្ខាំង​ទុក​ធ្វើ​ទារុណកម្ម​ជំរិត​ទារប្រាក់​ចំនួន​២០០ ០០០​យ័ន ដោយ​យក​ដែក​ដង​អំបោស កូនកាំបិត​វះ​ដៃ យក​ខ្សែចំណង​ពណ៍​ស​ចងជើង​ជនរងគ្រោះ និង​ធ្វើ​ទារុណកម្ម​លើ​ជនរងគ្រោះ បណ្តាល​ឲ្យ​រងរបួស​ច្រើន​កន្លែង ប្រព្រឹត្ត​នៅ​៣​ទីតាំង​ផ្សេងគ្នា ។

​សមត្ថកិច្ច​បាន​អះអាងថា​ទីតាំង​ទី​១.​បទល្មើស​កំហែង​យកបាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១៖ ១០​យប់​ថ្ងៃទី​១២​ខែ សីហា នៅ​ចំណុច​បន្ទប់​ផ្ទះជួល​លេខ​៩២ ផ្លូវ​១៩ ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។ ទីតាំង​ទី​២.​បទល្មើស​លួច​កើតហេតុ​កាលពី​វេលា​ម៉ោង​២៖ ១៥​រំលង​អ​ធ្រា​ត​ឈានចូល​ថ្ងៃទី​១៣​ខែ សីហា នៅ​ចំណុច​បន្ទប់​លេខ​៤០០ នៃ​សណ្ឋាគារ RIVER STAR ដែល​ស្ថិតនៅ​ផ្លូវ​លេខ​១១៨ សង្កាត់​ផ្សារកណ្តាល​ទី​១ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ និង ទីតាំង​ទី​៣.​បទល្មើស​បង្ខាំង​ទុក​ជំរិត​ទារប្រាក់ កើតហេតុ​កាលពី​វេលា​ម៉ោង​ប្រហែល​២ ៖៤០​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១៦ ខែសីហា នៅ​ចំណុច​អគារ​សម្រាប់​ជួល ដីឡូត៍​លេខ​២ ផ្លូវ​៣១៥ សង្កាត់​បឹងកក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។​

មន្ត្រីនគរបាល​បាន​បង្ហើប​ឲ្យ​ដឹងថា ដោយយោង​ទៅលើ​ពាក្យបណ្តឹង​ផ្ទាល់មាត់ និង ជា​ករណី​បង្ក្រាប​ជាក់ស្តែង រួមទាំង​ចម្លើយ​ជនសង្ស័យ​ទាំង​៥ នាក់​មាន​ភាពស៊ីសង្វាក់​ប្រហាក់ប្រហែលគ្នា សមត្ថកិច្ច​នគរបាល​ខណ្ឌ​ទួលគោក បានធ្វើ​សេចក្តីសន្និដ្ឋាន​ចោទប្រកាន់​បុរស​ជនជាតិ​ចិន​ទាំង​៥​នាក់​ចំនួន​៣ បទល្មើស ដូច​បាន​រៀបរាប់​ខាងលើនេះ​៕​B

#