ករណី​ចិន​បង្ខាំង​និង​ជំរិត​ទារប្រាក់​ចិន​ដូចគ្នា​៖ បញ្ជូន​ជនជាតិ​ចិន​៧​នាក់មក​តុលាការ​

486
ចែករម្លែក

ដោយ​: ស​រិ​ទ្ធ / ភ្នំពេញ​: ជនជាតិ​ចិន​ចំនួន​៧​នាក់​ក្នុងចំណោម​១៥​នាក់ ដែល​ជាប់​ពាក់ព័ន្ធ​ករណី​បង្ខាំង​មនុស្ស​ខុសច្បាប់ និង​ជំរិត​ទារប្រាក់​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ ក្រសួងមហាផ្ទៃ​បញ្ជូនមក​តុលាការ​នៅ​ព្រឹក​ថ្ងៃទី​២៦​ខែ ធ្នូ ដើម្បី​ចាត់ការ​តាមច្បាប់ ។​រហូតដល់​រសៀល​ថ្ងៃ​ដដែល​នេះ​លោក ស្រី ម៉ា​កនី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​កំពុងធ្វើការ​សាកសួរ​។​

​ជនសង្ស័យ​១.​ឈ្មោះ WANG LONG ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ២.​ឈ្មោះ YU HAO ភេទ​ប្រុស អាយុ​២០​ឆ្នាំ ៣.​ឈ្មោះ PENG CHONG ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ៤.​ឈ្មោះ ឈឹង លី​មីង ហៅ ហ្វា​ង សឺ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ៥.​ឈ្មោះ អ៊ូ រួយ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ៦.​ឈ្មោះ ZHOU YUAN ភេទ​ប្រុស អាយុ​៣១​ឆ្នាំ និង​៧.​ឈ្មោះ DENG CHOAN QIANG ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ។​

​ប្រភព​ព័ត​មាននៅ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា កាលពី​វេ​ល​ម៉ោង​៨ ៖៣០​នាទី​យប់​ថ្ងៃទី​២២ ធ្នូ មាន​ករណី​ជនជាតិ​ចិន​២​នាក់ ជិះ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​អែ​រអិច ៣០០​ពណ៍​ខ្មៅ​១​គ្រឿង បានធ្វើ​សកម្មភាព​ចាប់​ឈ្មោះ HAN XIAO FEI ជា​ជន​ជាតិចិន​ដូចគ្នា​ដាក់ចូល​ក្នុង​រថយន្ត នៅ​ចំណុច​មុខ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ស្ថិតក្នុង​សង្កា​ត​កា​កាប ខណ្ឌ​ពោធិ​សែន​ជ័យ យកទៅ​បង្ខាំង​ទុក​ធ្វើ​ទារុណកម្ម​ដើម្បី​ជំរិត​ទារប្រាក់​។​

​ប្រភព​ដដែល​បន្តថា ជនសង្ស័យ​បាន​ចាប់​ជនរងគ្រោះ​យកទៅ​បង្ខាំង​ទុក​នៅ​អាគារ​លេខ​៦៩KJ ផ្លូវ​កាំ​កូ​ស៊ី​ធី ភូមិ​ពោងពាយ សង្កាត់​ទួល​សង្កែ​២ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ដែលមាន​បក្សពួក​ចិន​ដូចគ្នា​មួយចំនួនទៀត​កំពុង​រង់ចាំ​នៅ​ទីនោះ ។ នៅពេល​ជនសង្ស័យ​បាន​ចាប់ខ្លួន​ជនរងគ្រោះ​យកទៅ​បង្ខាំង​ទុក ក្រោយមក​ស្រាប់តែ​ជនសង្ស័យ បាន​ទូរស័ព្ទ​គំរាម​ទារប្រាក់​ពី​ក្រុម​ក្រុមគ្រួសារ​ជនរងគ្រោះ​ចំនួន​៦ ០០០ ដុល្លារ​អាមេរិក​ជា​ថ្នូរ និង​ការមិនធ្វើ​ទារុណកម្ម​រួមទាំង​ការដោះលែង​ជនរងគ្រោះ ។ លុះដល់​ថ្ងៃទី​២៣ ធ្នូ ក្រុមគ្រួសារ​ជនរងគ្រោះ​ក៏បាន​ទៅប្តឹង​សមត្ថកិច្ច ដើម្បី​ឲ្យ​ជួយ​សហការ​វែកមុខ​ក្រុម​ឧក្រិដ្ឋជន ចាប់ជំរិត​ទារប្រាក់ ។ រហូតដល់​រសៀល​ថ្ងៃ​ដដែល​នោះ កម្លាំង​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ធ្វើការ​ឡោម​ព័​ទ​ចាប់ខ្លួន​ជនសង្ស័យ​នៅ ពេល​ពួកគេ​បាន​ណាត់​ក្រុមគ្រួសារ​ជនរងគ្រោះ​ឲ្យ​ទៅ​ទទួលយក​ប្រាក់ និង​ឈានដល់​ក្រសោប​ទាំង​សំបុ​ក្រ​ចំនួន​១៥​នាក់ នៅ​ម្តុំ​កាំ​កូ​ស៊ី​ធី ដែល​ពេលនោះ​សម​ត្ត​កិច្ច ក៏បាន​រំដោះ​ជនរងគ្រោះ​ពី​កណ្តាប់ដៃ​ក្រុម​ឧក្រិដ្ឋជន​មកវិញ​ដែរ​។​

​ប្រភព​ដដែល​បាន​អះអាងថា​ជនរងគ្រោះ​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា កាលពី​ថ្ងៃ​មិន​ចាំ​ខែធ្នូ ឆ្នាំ ២០១៨ រូបគេ​បាន​ខ្ចីប្រាក់​ឈ្មោះ WANG ZIHIO ចំនួន​២ ២០០​ដុល្លារ​អា​មេ​រិ និង​គិតការ​ប្រាក់​៨០០​ដុល្លារ​អាមេរិក ។ លុះ​វេលា​ម៉ោង​៨៖៣០​នាទី​យប់​ថ្ងៃទី​២២ ធ្នូ ម្ចាស់​ប្រាក់ និង​បក្សពួក បាន​ជិះ​រថយន្ត​ណាត់​រូបគេ​ទៅ​ជួប​នៅ​ជិត​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ នៅពេល​ជួបគ្នា​ហើយ​ជនសង្ស័យ​បាន​បង្ខំ​ឲ្យ​រូបគេ​សង​ប្រាក់​ចំនួន​៣ ៥០០ ដុល្លារ​អាមេរិក​។​ពេលនោះ​ពួកគេ​មិនទាន់បាន​និយាយ​គ្នា​ស្រួលបួល​ផង ស្រាប់តែ​ជនសង្ស័យ​ចាប់ខ្លួន​រុញ​ចូល​រថយន្ត​ដឹកចេញទៅ និង​បង្ខាំង​ទុក​ធ្វើ​ទារុណកម្ម​ជំរិត​ទារប្រាក់​៦​ពាន់​ដុល្លារ ។​

​ករណី​ខាងលើនេះ​ដំបូង​សមត្ថកិច្ច​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ បានធ្វើការ​ឡោម​ព័ត​ចាប់ខ្លួន​ជនជាតិ​ចិន​ចំនួន​១៥​នាក់​។ ប៉ុន្តែ​នៅពេល​នាំទៅ​សាកសួរ មានតែ​៧​នាក់​ទេ ដែល​ពាក់ព័ន្ធ​ករណី​បង្ខាំង និង​ជំរិត​ទារប្រាក់​។ ចំណែក​៨​នាក់ នគរបាល​បាន​រាយការណ៍​ជូន​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​សុំ​គោលការណ៍​ដោះលែង​វិញ​៕ ល​

#