ករណី​ឆក់​ទូរស័ព្ទដៃ ប៉ូលិស​បង្ក្រាប​ដល់​សម្បុក​ជនល្មើស​ឃើញ​អាវុធ​ដាវ កាំបិត ពូថៅ​ទាំង​ចង្កាក់ គួរ​ឲ្យ​ញាក់សាច់​

421
ចែករម្លែក

ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: ស្មានជា​ករណី​ឆក់​ទូរស័ព្ទដៃ​ធម្មតា ហើយ​ចៃដន្យ​។ លុះ​ប៉ូលិស​បង្ក្រាប​ដល់​សម្បុក​ជនល្មើស ក៏​ឃើញ​អាវុធ​ដាវ កាំបិត ពូថៅ​ទាំង​ចង្កាក់ គួរ​ឲ្យ​ញាក់សាច់​។​

​លោក​វរសេនីយ៍ ធិ​ន ស៊ីន​ដេ​ត អធិការនគរបាល​ក្រុង​ប៉ោយប៉ែត​ឲ្យ​ដឹង​ថ្ងៃទី​១៣​ខែធ្នូ​ថា បទល្មើស​នោះ បាន​កើតឡើង​កាលពី​ល្ងាច​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០១៩ ហើយ​តាម​ការស្រាវជ្រាវ​ស៊ើ​ប​អង្កេត និង​សុំ​សម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត លុះដល់​ថ្ងៃទី​១១-១២​ខែធ្នូ ២០១៩ កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត និង​ប៉ុ​ស្ត៍​នគរបាល​រដ្ឋបាល​ស​ង្កា​ត់​ប៉ោយប៉ែត​បាន​ឈាន​កំណត់​មុខសញ្ញា និង​ឃាត់ខ្លួន​ជនសង្ស័យ​បន្តបន្ទាប់​ចំនួន​៥​នាក់ ៖ ១. ឈ្មោះ​ពេជ្រ ស៊ី​ឡាង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​។ ២. ឈ្មោះ​អោក រស្មី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​។ ៣. ឈ្មោះ​សេង លី​ញ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​។ ៤ ឈ្មោះ​នួន វ៉េវ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​។ ទាំង​៤​នាក់ មុខរបរ​គ្មាន​។ ៥. ឈ្មោះ​កែវ មករា ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​មុខរបរ​កម្មករសំណង់​។​

​លោក​អធិការ​បន្តថា ជន​ទាំង​៥​នាក់​ខាងលើ​បាន​សារភាពថា ខ្លួន​ពិតជា​ធ្លាប់​បានធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទដៃ និង​គំរាម​ជនជាតិ​ចិន​ជាច្រើនលើក​មកហើយ​ពិតប្រាកដ​មែន នៅក្នុង​ភូមិសាស្ត្រ​ក្រុង​ប៉ោយប៉ែត ដូចជា​ផ្លូវ​ដើម​ពុទ្រា ផ្លូវ​ក្រោយ​នាគ​ទិព្វ ផ្លូវ​៩៩៩​និង​ផ្លូវជាតិ​លេខ​៥​។​

​ក្រោយពេល​បាន​ឃាត់ខ្លួន​ជន​ទាំង​៥ បានចង្អុលបង្ហាញ​បន្ទប់​ស្នាក់នៅ ពេលនោះ​សមត្ថកិច្ច​បាន​រកឃើញ​នូវ​អាវុធ​រក្សាទុក​ទាំង​ចង្កាក់ ដូច​សមត្ថកិច្ច​រក្សា​សម្រាប់​ប្រតិបត្តិការ​អ៊ីចឹង​ដែរ គឺ​រួមមាន​ដាវ​និង​កាំបិត ពូថៅ​ចំនួន​៦​។​

​ជនសង្ស័យ​បន្តថា តាម​ការចង្អុលបង្ហាញ​ថា ពេលធ្វើ​សកម្មភាព​រួច​ជន​ទាំងនេះ បាន​ដក​ដាវ​លើក​បង្ហាញ​ដើម្បី​កំញើញ គំរាម​ជនរងគ្រោះ​និង​ធ្វើ​ឥរិយាបថ​ជា​ជន​ទំនើង​ញៀន​ថ្នាំញៀន ដើម្បី​កុំ​ឲ្យ​ជនរងគ្រោះ​ម្ចាស់ទ្រព្យ​អាឡោះអាល័យ​ទ្រព្យ ហើយ​ចង់​ព្យាយាម​តស៊ូ​ដណ្តើមយក​ទូរស័ព្ទដៃ កាបូប​លុយ​…​វិញ​។​

​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត បញ្ជូន​ជនសង្ស័យ​ទាំង​៥​នាក់ ទៅ​ការិយាល័យ​ជំនាញ​ប្រឆាំង​គ្រឿងញៀន​ស្នងការដ្ឋាន​ខេត្ត ហើយ​ជំនាញ​ចាត់​ការបន្ត​ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការខេត្ត​ដើម្បី​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​៕ ​/Ha