ករណី​ឆបោក​ប្រាក់​ឆ្លងដែន​ចំនួន​៥០​ម៉ឺន​ដុល្លារ​: ឃុំខ្លួន​ប្តី​ប្រពន្ធ​ជនជាតិ​នី​ហ្សេ​រី​យ៉ា​

1105
ចែករម្លែក

ដោយ​: ស​រិ​ទ្ធ / ភ្នំពេញ​: សមត្ថកិច្ច​នគរបាល​ខណ្ឌ​៧​មករា នៅ​ព្រឹក​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០១៨ បាន​បញ្ជូន ប្ដី​ប្រពន្ធ​២​នាក់ ជា​ជនជាតិ​នី​ហ្សេ​រី​យ៉ា មក​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ​ករណី​ដក​ប្រាក់ និង​ផ្ទេរប្រាក់​ចំនួន​៥០​ម៉ឺន​ដុល្លារ ពី​ធនាគារ FTB ក្នុងប្រទេស​កម្ពុជា ផ្ញើ​ទៅ​ប្រទេស​ចិន​ដែល​ប្រាក់​ទាំងនេះ គឺជា​ប្រាក់​ដែល​ឆបោក​បាន​ពី​ធនាគារ​មួយ​នៅ​សហរដ្ឋអាមេរិក​។​

​រហូតមកដល់​ល្ងាច​ថ្ងៃ​ដដែល លោក រៀល សុ​ភិន ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចោទប្រកាន់​ប្ដី​ប្រពន្ធ​២​នាក់​នេះ ពីបទ​ឆបោក​រួច​បញ្ជូន​សំណុំរឿង​ទៅ​ចៅក្រម​ស៊ើបសួរ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ដើម្បី​ធ្វើការ​ឃុំខ្លួន​តែម្តង​។​

​មន្ត្រីនគរបាល​ខណ្ឌ​៧​មករា បាន​ប្រាប់ថា ជនសង្ស័យ​ឈ្មោះ ISAAC CHIBUNNA ជា​ប្តី អាយុ​៥០​ឆ្នាំ មុខរបរ​ពាណិជ្ជករ និង​ឈ្មោះ ISAAC REJOICE CHIBUNNA ជា​ប្រពន្ធ អាយុ​៤៨​ឆ្នាំ ជនជាតិ​នី​ហ្សេ​រី​យ៉ា មុខរបរ​ពាណិជ្ជករ ស្នាក់​នៅផ្ទះ​លេខ​1E ផ្លូវលំ (3C) សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។​

​សមត្ថកិច្ច​បាន​បន្តថា នៅ​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៨ ខាង​ធនាគារ FTB បានទទួល​ព័ត៌មាន​ពី​ធនាគារ​ស៊ី​ធី​ប៊ែ​ង នៅ​សហរដ្ឋអាមេរិក​បាន​ផ្ញើ​ប្រាក់​ចំនួន​៥០​ម៉ឺន​ដុល្លារ​ចូលមក​ធនាគារ FTB នៅ​ប្រទេស​កម្ពុជា​ក្នុង​គណនី​របស់​ពីរ​នាក់​ប្តី​ប្រព​ន្ឋ​ខាងលើនេះ​។ បន្ទាប់មក​ថ្ងៃទី​២៩ ខែមីនា ពីរ​នាក់​ប្តី​ប្រព​ន្ឋ​បានមក​ធនាគារ FTB ធ្វើ​ការដក​ប្រាក់​និង​ផ្ទេរប្រាក់​ចំនួន​៤២.៤៩៩៩​ដុល្លារ​អាមេរិក ទៅ​ប្រទេស​ចិន ពោលគឺ​ក្រោយ​ការដក​និង​ផ្ទេរ​រួចហើយ ក្នុង​គណនី​របស់​ពីរ​នាក់​ប្តី​ប្រពន្ធ​នេះ នៅសល់​ប្រាក់​ចំនួន​១៥៨៦៩​ដុល្លារ​អាមេរិក​។

​សមត្ថកិច្ច​បាន​អះអាងថា រហូតមកដល់​ថ្ងៃទី​៥ ខែមេសា ខាង​ធនាគារ FTB បានទទួល​ព័ត៌មាន​ពី​ធនាគារ​ស៊ី​ធី​ប៊ែ​ង​ថា អ្នក​ទាំងពីរ​នាក់​នេះ​បាន​ឆបោក​ប្រាក់​អតិថិជន​របស់​ធនាគា​រ​ស៊ី​ធី​ប៊ែ​ង ចំនួន​៥០​ម៉ឺន​ដុល្លារ​អាមេរិក​។ បន្ទាប់មក​ធនាគារ FTB បាន​ទាក់ទង​ទៅ​អ្នក​ទាំងពីរ​តាមរយៈ​ទូរស័ព្ទ និង​អ៊ី​ម៉ែ​ល តែ​ទាក់ទង​មិនបាន​។ លុះដល់​ថ្ងៃទី​៩ ខែមេសា អ្នក​ទាំងពីរ​បានមក​ធនាគារ FTB ធ្វើការ​ផ្ទេរប្រាក់​ដែល​នៅសល់​ទៅ​ប្រទេស​ចិន​ទៀត ក៏ត្រូវ​ខាង​ធនាគារ​ឃាត់ខ្លួន​ប្រគល់ឱ្យ​សមត្ថកិច្ច​តែម្តង​៕