ករណី​ឆ្លង​ជំងឺគ្រុនឈាម​តាមរយៈ​ការរួម​ភេទ​ជា​លើកដំបូង​ត្រូវបាន​ប្រកាស​ក្នុងប្រទេស​អេ​ស្ប៉ា​ញ​

352
ចែករម្លែក

​អាជ្ញាធរ​សុខាភិបាល​អេ​ស្ប៉ា​ញ​បានបញ្ជាក់​កាលពី​ថ្ងៃ​សុក្រ ទី​៩ វិច្ឆិកា​អំពី​ករណី​បុរស​ម្នាក់​ឆ្លង​ជំងឺគ្រុនឈាម​តាមរយៈ​ការរួម​ភេទ ដែលជា​មេរោគ​ដំបូង​គេ​នៅលើ​ពិភពលោក រហូតមកទល់​ពេល​ថ្មីៗ​នេះ​ត្រូវគេ​គិតថា​ឆ្លង​តែ​តាមរយៈ​មូស​ខាំ​។​

​លោកស្រី ស៊ូ​សាន ជី​មេណេស មកពី​នាយកដ្ឋាន​សុខភាព​សាធារណៈ​នៃ​ទីក្រុង​ម៉ា​ឌ្រី​ដ បាន​និយាយថា ករណីនេះ​គឺ​ទាក់ទង​នឹង​បុរស​អាយុ ៤១ ឆ្នាំ​ម្នាក់​មកពី​ទីក្រុង​ម៉ា​ឌ្រី​ដដែល​បាន​ឆ្លង​ជំងឺគ្រុនឈាម​បន្ទាប់ពី​រួមភេទ​ជាមួយ​ដៃគូ​បុរស​របស់គាត់ ដែល​ឆ្លង​វីរុស​នេះ​ដោយសារ​មូស​ខាំ​ក្នុងអំឡុងពេល​ធ្វើដំណើរ​ទៅ​ប្រទេស​គុយបា​។​

​លោកស្រី​បាន​បន្ថែមថា​ការឆ្លង​ជំងឺគ្រុនឈាម​របស់គាត់​ត្រូវបាន​បញ្ជាក់​ក្នុង​ខែកញ្ញា​ហើយ​វា​បានធ្វើឱ្យ​គ្រូពេទ្យ​មានការ​ងឿងឆ្ងល់​ខ្លាំង ព្រោះ​គាត់​មិនបាន​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ដែល​ជំងឺ​នេះ​កើតមាន​ជាទូទៅ​។ រោគសញ្ញា​នៃ​ជំងឺគ្រុនឈាម​គឺ​គ្រុនក្តៅ​ខ្លាំង​និង​ឈឺចាប់​ពេញ​រាងកាយ​។​

​លោកស្រី​ជី​មេណេស​និយាយថា “​ដៃគូ​របស់គាត់​បានបង្ហាញ​រោគសញ្ញា​ដូច​គាត់​ប៉ុន្តែ​ស្រាល​ជាង កាលពី​ប្រហែល ១០ ថ្ងៃមុន ហើយ​មុននេះ​គាត់​ធ្លាប់បាន​ទៅលេង​នៅ​ប្រទេស​គុយបា​និង​សាធារណរដ្ឋ​ដូ​មី​និក​។ ការវិភាគ​លើ​មេជី​វិត​ឈ្មោល​របស់​ពួកគេ​ត្រូវបាន​អនុវត្ត​ហើយ​វា​បាន​បង្ហាញថា​ពួកគេ​មិន​ត្រឹម​តែមាន​ជំងឺគ្រុនឈាម​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​វា​ក៏​ជា​វីរុស​ដូចគ្នា​ដែល​រាលដាល​នៅក្នុង​ប្រទេស​គុយបា​ផងដែរ​”​។​

​លោកស្រី​ជី​មេណេស​និយាយថា ករណី​ឆ្លង​ជំងឺគ្រុនឈាម​ដែល​អាច​កើតឡើង​រវាង​បុរស​និង​ស្ត្រី​ក៏​ជា​ប្រធានបទ​នៃ​អត្ថបទ​វិទ្យាសាស្ត្រ​ថ្មីៗ​នេះ​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង​ដែរ​៕ ដោយ៖ កញ្ញាដាលីស