ករណី​ជនពិការ តវ៉ា​សុំ​គោល​របប មន្ត្រី​ថា ពួកគាត់​គ្មាន​ឈ្មោះ ក្នុង​បញ្ជី​អន្តរក្រសួង​ទេ​

1490
ចែករម្លែក

​បន្ទាយមានជ័យ​: មន្ត្រី​ទទួលស្គាល់ថា បងប្អូន​មក​តវ៉ា ទាមទារ​ពិតជា​ជនពិការ​មែន ប៉ុន្តែ​បងប្អូន​មិនមែន ជា​ជា​យោធិន នគរបាល កងជីវពល ឬ​ពលរដ្ឋ​ពិការ ដោយសារ​សង្គ្រាម​ទាំងអស់​ទេ ហើយក៏​គ្មាន​ឈ្មោះ ក្នុង​បញ្ជី​ទទួលស្គាល់ ដោយ​អន្តរក្រសួង គឺ​ក្រសួងការពារជាតិ ក្រសួង​សង្គមកិច្ច ឬ​សមាគម​អតីតយុទ្ធជន​ដែរ​។​

​លោក ឃុន វុទ្ធី ប្រធាន​មន្ទីរ​សង្គមកិច្ច យុវនីតិសម្បទា និង​អតីតយុទ្ធជន និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ សមាគម​អតីតយុទ្ធជន ខេត្តបន្ទាយមានជ័យ បាន​ប្រាប់​រស្មី​កម្ពុជា កាលពី​ថ្ងៃទី​១៣ មីនា​ថា​: ” បងប្អូន​មក​តវ៉ា ភាគច្រើន ជា​ជនពិការ​មែន ប៉ុន្តែ​មិន​ច្បាស់​ថា ជា​យោធិន នគរបាល ជីវពល ពលរដ្ឋ ដែល​រងគ្រោះ ក្នុង​បុព្វហេតុ​ជាតិ មាតុភូមិ ឬ​ពិការ ក្នុងសម័យ​សង្គ្រាម​ឡើយ​។ ហើយ​ពួកគាត់ ក៏​មិនទាន់​ឃើញ​មាន បញ្ចូល​ឈ្មោះ​ក្នុង​បញ្ជី ដែល​ក្រសួងការពារជាតិ និង​រាជរ​ដ្ខា​ភិ​បាល ទទួលស្គាល់ ហើយ​ត្រូវ​ទទួល​គោល​របប​គោលនយោបាយ​ឡើយ​”​។ លោក​បាន​បន្តថា បើ​មាន​អតីតយុទ្ធជន នារី​ខ្លះ ក៏​ពួកគាត់​ជា​ទាហាន​រំសាយ​ផ្តាច់ មិនបាន​គោល​របប អ្វី​ទៀតឡើយ​។​

​សូម​រំលឹកថា កាលពី​ព្រឹក​ថ្ងៃទី​១២ ខែមីនា ជនពិការ​ចំនួន ៦៤ នាក់ ដែល​អះអាងថា ស្ថិតក្នុង​សមាសភាព សរុប ៥២០ នាក់ នៃ ៩ ស្រុក ក្រុង ទូទាំង​ខេត្តបន្ទាយមានជ័យ បាន​លើកគ្នា​មក​តវ៉ា នៅមុខ​សាលាខេត្ត​បន្ទាយមានជ័យ សុំ​លោក​អភិបាលខេត្ត ឱ្យជួយ​អន្តរាគមន៍ បញ្ចូល​ឈ្មោះ​ជា​យោ​ជិន​ពិការ ដើម្បី​បានការ​ឧបត្ថម្ភ ប្រាក់​គោលនយោបាយ រាល់​ខែ ដូច​សមាជិក​អតីតយុទ្ធជន ជនពិការ​ដទៃទៀត​ដែរ​។​

​លោក ចាន់ សុ​ម៉ុ​ល អាយុ​៥៣​ឆ្នាំ យោធិន​ពិការ​ជើង​ម្ខាង​ម្នាក់ រស់នៅ​ភូមិ​-​ឃុំ​ប៉ោយចារ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ បាន​ប្រាប់ថា​: ក្រុម​ខ្លួន ជា​អតីតជន​ពិការ ហើយក៏​មាន​ជា​យោធិន នគរបាល កងជីវពល មន្ត្រី និង​ពលរដ្ឋ ជា​ជនពិការ ដោយសារ​សង្គ្រាម​ទាំង ៦៤ នាក់ ស្ថិតក្នុង​ចំណោម ៥២០ នាក់ ។ ពួកខ្លួន មានបំណង​តវ៉ា ឬ​សំណូមពរ សុំ​លោក សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ ជួយ​អន្តរាគមន៍ រក​ដំណោះស្រាយ បញ្ចូល​ឈ្មោះ​ពួកគាត់ ឱ្យបាន​ប្រាក់​គោលនយោបាយ ឧបត្ថម្ភ​រាល់​ខែ​ដែរ ដើម្បី​បាន​ចិញ្ចឹម​ជីវភាព ដូច​យោធិន​ពិការ ដទៃទៀត ។​

​លោក​បាន​បញ្ជាក់ថា ការលើក​គ្នា មកនេះ ព្រោះតែ​ល្បី​ថា អាជ្ញាធរ សមត្ថកិច្ច​ពាក់ព័ន្ធ បាន​បង្កើត​សមាគម​អតីតយុទ្ធជន​, សមាគម​មនុស្ស​ចាស់​, មូលនិធិ​ជួយ​ជនក្រីក្រ​… ពោលគឺ​ច្រើន​អង្គការ សមាគម ក្លិប ក្រុមការងារ​ច្រើន​ក្រុម​ណាស់ ចាំ​ជួយឧបត្ថម្ភ គាំទ្រ ឆ្លើយតប ដោះស្រាយ​បញ្ហា ទុក្ខ​កង្វល់ និង​ជីវភាព​មុខសញ្ញា​ចម្រុះ​។​

​លោក​ចាន់ សុ​ម៉ុ​ល បានឱ្យដឹង​ទៀតថា​: ក្រុម​ជនពិការ ដែល​ក្រុម​ខ្លួន​ស្រង់ នៅ​ទូទាំង​ខេត្ត មាន​ចំនួន ៥២០ នាក់ ក្នុងនោះ មកពី​ក្រុង​សិរីសោភ័ណ ៥៣​នាក់ ស្រុក​មង្គល​បូរី ២៦ នាក់ ស្រុក​អូរជ្រៅ ៦៣ នាក់ ស្រុក​ព្រះនេត្រព្រះ ២០ នាក់ ស្រុក​ភ្នំស្រុក ១៣៦ នាក់ ស្រុក​ស្វាយចេក ១១៦ នាក់ ស្រុក​ថ្មពួក ៥៧ នាក់ ស្រុក​ម៉ាឡៃ ១៧ នាក់ និង​ក្រុង​ប៉ោយប៉ែត ៣២ នាក់​។​

​លោក​បាន​បន្ថែមថា ពួកខ្លួន​បាន​ពិការ​ដៃជើង ខ្លួនប្រាណ ភ្នែក ត្រចៀក ច្រមុះ ឬ​សម្បទា​ទាំងនេះ គឺ​កាលពី​ក្នុង​ភ្លើង​សង្គ្រាមស៊ីវិល ដើម្បី​បុព្វហេតុ​ការពារជាតិ មាតុភូមិ និង​ប្រជាជន ពោលគឺ​មិនមែន​ពិការ ដោយ​គ្រោះថ្នាក់​ផ្សេងៗ ដោយ​ខ្លួនឯង ដោយ​ឯកជន​នោះទេ ។​

​អ្នកស្រី ពេ​ជ លំអង ប្រធានស្តីទី ការិយាល័យ​នៃ​ទីចាត់ការ​អន្តរ​វិស័យ សាលាខេត្ត​បន្ទាយមានជ័យ បាន​ចេញមក​សម្រក​ស​ម្រួ​ល ទទួល​លិខិត និង​ធ្វើ​កំណត់ហេតុ ជូន​ជនពិការ​ទាំងនេះ ហើយ​ថា​នឹងដាក់​លិខិត​នេះ ជូន​លោក​អភិបាលខេត្ត ពិនិត្យ ។​

​លោក កែវ តារា​រស្មី នាយក​ទីចាត់ការ​អន្តរ​វិស័យ សាលាខេត្ត​បន្ទាយមានជ័យ ប្រាប់​រស្មី​កម្ពុជា ថ្ងៃទី​១៣ មីនា​ថា​: បងប្អូន ពិតជា​ជនពិការ ហើយ​កាលពី​ឆ្នាំ​២០១៧ ពួកគាត់ បានធ្វើ​លិខិត​មក​ខេត្ត ហើយ​រដ្ឋបាលខេត្ត បាន​យោង​លិខិត​បងប្អូន និង​បានធ្វើ​លិខិតផ្លូវការ​មួយ ជូន​ក្រសួងការពារជាតិ ដើម្បី​ពិនិត្យ​លទ្ធភាព​បញ្ចូល​ឈ្មោះ ក្នុង​បញ្ជី​ទទួល​គោល​របប​ឧបត្ថម្ភ​គោលនយោបាយ​។ ប៉ុន្តែ​បងប្អូន​មិនមាន​លក្ខណ​:​សម្បត្តិ អាច​ចូល​ជា​អតីតយុទ្ធជន​បានទេ ព្រោះ​បងប្អូន​ខ្លះ ជា​ទាហាន នគរបាល​រំសាយ ដែល​បើក​ផ្តាច់​គោល​របប​អស់ហើយ​។​

​សូម​រំលឹកថា ក្នុង​សមាសភាព​ជនពិការ​ដូចនេះ កាលពី​ឆ្នាំ​២០១៦ យោធិន​ពិការ រំសាយ ២ នាក់​ប្តី​ប្រពន្ធ បាន​ស្កាត់​ជួប សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅ​មណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ ៣១៧ តា​កែន កោះស្លា ស្រុក​ឈូក​ខេត្តកំពត​។ កាលណោះ ជនពិការ​នោះ មាន​លក្ខណ​:​សម្បត្តិ អាច​បញ្ចូល ក្នុង​បញ្ជី​អតីតយុទ្ធជន ហើយ​បាន​គោល​របប​ឧបត្ថម្ភ​រហូតមក​។ ឃើញ​ដូច្នេះ ទើប​ជនពិការ នៅ​ខេត្តបន្ទាយមានជ័យ លើកគ្នា​តវ៉ា ៕V/ ដោយ:ភ្នំ​ស្វាយ​