ករណី​ជួញដូរ​គ្រឿងញៀន​១២០​គីឡូ​មកពី​ឡាវ​ចូល​កម្ពុជា​: ប៉ូលិស​ស្រាវជ្រាវ​រក​មេខ្លោង​ធំ​នៅ​ភ្នំពេញ

1669
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: ប៉ូលិស​កំពុងតែ​ស៊ើបអង្កេត​ស្រាវជ្រាវ​រក​មេខ្លោង​ពាក់ព័ន្ធ​ករណី​ក្រុម​ជួញដូរ​គ្រឿងញៀន ទម្ងន់​១២០​គីឡូក្រាម នាំ​ចេញពី​ប្រទេស​ឡាវ​ចូលមក​ប្រទេស​កម្ពុជា ដោយមាន​អង្គការ​ចាត់តាំង​។ ការស្រាវជ្រាវ​រក​មេក្លោង​ក្នុង​រឿង​ជួញដូរ​គ្រឿងញៀន​ដ៏​ធំ​នេះ គឺ​បន្ទាប់ពី​ប៉ូលិសអន្តោប្រវេសន៍​ប៉ុស្តិ៍​ច្រកទ្វារព្រំដែន​អន្តរជាតិ​ត្រពាំង​ក្រៀល (​ព្រំដែន​កម្ពុជា​-​ឡាវ​) នៃ​ខេត្ត​ស្ទឹង​ស្រែង បានធ្វើការ​បង្ក្រាប​ចាប់បាន​ជនសង្ស័យ​មួយចំនួន រួមទាំង​ថ្នាំញៀន​១២០​ដុំ ស្មើ​១២០​គីឡូក្រាម កាលពី​រសៀល​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៨​។​

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ក់ ជី​តូ អគ្គ​ស្នងការរង​នគរបាលជាតិ បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា​តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃទី​២៨ ខែមិថុនា​ថា ចំពោះ​ករណីនេះ សមត្ថកិច្ច​ជំនាញ​កំពុងតែ​ស្រាវជ្រាវ​ស្វែងរក​អ្នក​ដែល​ពាក់ព័ន្ធ​។ ប៉ុន្តែ​លទ្ធផល​យ៉ាងនោះ នឹង​ជម្រាបជូន​នៅពេល​ក្រោយ​។ ចំពោះ​អ្នកបើក​រថយន្តក្រុង អ្នកបកប្រែ និង​ព្រូឡាន កំពុងតែ​ស៊ើបអង្កេត​តើ​ជាប់​ពាក់ព័ន្ធ​ឬ​អត់ យើង​អត់​ទាន់​ហ៊ាន​ថា​ទេ​។ ហើយ​អ្នកពាក់ព័ន្ធ​ក្នុង​រឿងនេះ គឺ​សមត្ថកិច្ច​កំពុងតែ​រក​។​

​លោក គឹម ហុង​សាន ព្រះរាជអាជ្ញារង​សាលាដំបូង​ខេត្តស្ទឹងត្រែង បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា​កាលពី​រសៀល​ថ្ងៃទី​២៨ ខែមិថុនា ចំពោះ​ករណី​ជួញដូរ​គ្រឿងញៀន ១២០​គីឡូក្រាម និង​មានការ​ឃាត់ខ្លួន​មនុស្ស​ចំនួន​ប្រាំមួយ​នាក់ គឺ​កំពុង​ស្ថិតនៅក្នុង​ដៃ​នគរបាល​យុត្តិធម៌​នៅឡើយ​ទេ (២៨ មិថុនា​) ពីព្រោះ​ត្រូវធ្វើ​ការសាកសួរ និង​ស្រាវជ្រាវ​បន្ថែមទៀត​។ ដោយ​លោក​បាន​បញ្ជាក់ថា នៅ​ថ្ងៃទី​២៩ ខែមិថុនា បាន​បញ្ជូនមក​តុលាការ​។

​ប៉ូលិសអន្តោប្រវេសន៍​បាន​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក ១២០​គីឡូក្រាម ស្មើនឹង​១២០​ដុំ ចេញពី​ប្រទេស​ឡាវ​ចូលមក​ប្រទេស​កម្ពុជា ដោយ​ប្រើប្រាស់​មធ្យោបាយ​រថយន្ត​ក្រុង ឆ្លងកាត់​តាម​ច្រកទ្វារព្រំដែន​អន្តរជាតិ​ត្រពាំង​ក្រៀល ខេត្តស្ទឹងត្រែង កាលពី​វេលា​ម៉ោងជាង​២​និង​៣៥​នាទី​រសៀល​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៨​។

​លោក​ឧ​ត្ត​ម​សេនីយ៍ ឃុន សំបូរ អគ្គនាយករង អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា កាលពី​រសៀល​ថ្ងៃទី​២៦ ខែមិថុនា ថា ជនសង្ស័យ​ទាំង​៣​នាក់ ដែល​ឃាត់ខ្លួន​មានឈ្មោះ​ដូចជា ១.​ឈ្មោះ ធា​វ ធា​រ៉ូ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ខេត្តព្រះវិហារ បច្ចុប្បន្ន​រស់នៅ​ភូមិ​ត្នោត​ថ្មី ឃុំ​សំរោង ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង​។ ២. ឈ្មោះ ធា​វ តុង​ហេង ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ​។ ស្រុកកំណើត​នៅ​ខេត្តព្រះវិហារ បច្ចុប្បន្ន​រស់នៅ​ភូមិ​ត្នោត​ថ្មី ឃុំ​សំរោង ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង (​អ្នក​ទាំងពីរ​ជា​បងប្អូន​បង្កើត​) និង​ទី​៣.​ឈ្មោះ ហែម សាវ៉ន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ខេត្តព្រះវិហារ និង​រស់នៅ​ខេត្តព្រះវិហារ​។ ចំណែក​អ្នកបើកបរ​រថយន្តក្រុង មានដូចជា ១.​ឈ្មោះ ញឹម សុខ​ជា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ​។ ២.​ឈ្មោះ សៅ ប្រុស ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ និង​ទី​៣.​ឈ្មោះ ស បុ​ប្ជា ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ​។ (​អ្នក​ទាំងបី​ជា​អ្នក​បើកឡាន អ្នកបកប្រែ និង​ព្រូឡាន​)​។​

​លោក​ឧ​ត្ត​ម​សេនីយ៍ ឃុន សំបូរ បាន​បញ្ជាក់ថា ចំពោះ​ករណីនេះ គឺ​កំពុងតែ​បន្តធ្វើ​ការស្រាវជ្រាវ​រក​អ្នក​ដែល​ពាក់ព័ន្ធ​នៅក្នុង​ករណី​ជួញដូរ​គ្រឿងញៀន​ជា​បន្តទៀត ដើម្បី​យកមក​ផ្តន្ទាទោស​តាមច្បាប់​។​
​សមត្ថកិច្ច​បាន​បង្ហើប​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំងបី​នាក់ បាន​ដឹកជញ្ជូន​គ្រឿងញៀន​ទម្ងន់​១២០​គីឡូក្រាម តាម​រថយន្តក្រុង​ចេញពី​ប្រទេស​ឡាវ តាម​បញ្ជា​ពី​មេខ្លោង​ធំ​នៅ​ប្រទេស​ឡាវ ដើម្បី​យកមក​ប្រគល់​ឲ្យ​មេខ្លោង​ធំ​ម្នាក់ទៀត​នៅ​ភ្នំពេញ ដោយ​យក​កម្រៃ​ឈ្មួ​ល​ចំនួន ពីរម៉ឺន​ដុល្លារ​៕