ករណី​បង្ក្រាប​ក្លឹប​ម៉ៃ​អា​មី​: “​ប៉ូលិស​មិនទាន់​បង្ហាញ​លទ្ធផល​ថ្នាំញៀន​មាន​ប៉ុន្មាន​ទេ​”

565
ចែករម្លែក
  • 64
    Shares

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: ប៉ូលិស​នៅ​មិនទាន់បាន​បង្ហាញ​អំពី​តួលេខ​ថ្នាំញៀន ដែល​បង្ក្រាប​នៅក្នុង​ក្លឹប​កំសាន្ត​ម៉ៃ​អា​មី នៅឡើយ​ទេ​។ ការមិន​បង្ហាញ​តួលេខ​នេះ ត្រូវបាន​អគ្គស្នងការ​នគរ​ជាតិ​បញ្ជាក់ថា ដោយសារតែ​សមត្ថកិច្ច​ជំនាញ​រង់ចាំ​លទ្ធផល​ចេញពី​មន្ទីរពិសោធន៍​សិន ទើប​បានដឹង​ច្បាស់​។​

​ក្លឹប​ម៉ៃ​អា​មី ដែលមាន​ទីតាំង​លេខ​១៥៩ ផ្លូវ​៣៦០ ភូមិ​៨ សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ត្រូវបាន​ប៉ូលិស​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ចុះបង្ក្រាប កាលពី​យប់​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០១៩​។ ដោយ​ក្នុងការ​បង្ក្រាប​នេះ ឃាត់ខ្លួន​៥០​នាក់ (​ស្រី ១២​នាក់​) និង​ដកហូត​ម៉ាស៊ីន​ផលិត​គ្រឿងញៀន​មួយចំនួន និង​សារធាតុ​ញៀន​មួយចំនួន​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ មិន​ធ្វើ​អត្ថាធិប្បាយ​ទាក់ទង​ករណី​បង្ក្រាប​នៅ​ក្លឹប​ម៉ៃ​អា​មីនោះ​ទេ ដោយ​លោក​ប្រាប់ថា នៅ​ខេត្ត​។​

​ចំណែក​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​មានប្រសាសន៍ប្រាប់​រស្មី​កម្ពុជា កាលពី​រសៀល​ថ្ងៃទី​១២ ខែមេសា ថា ចំពោះ​វត្ថុតាង​ថ្នាំញៀន​ដែល​ដកហូត នៅ​មិនទាន់​កំណត់ថា ប៉ុន្មាន​គីឡូក្រាម​នៅឡើយ​ទេ ដោយ​ខាង​ជំនាញ​កំពុងតែ​វិភាគ នៅ​មិនទាន់​ដឹង​ទេ​។

នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ (រូបភាពឯកសារ)

​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន បាន​បញ្ជាក់ថា “​ទាក់ទង​ករណី​បង្ក្រាប​នៅ​ក្លឹប​ម៉ៃ​អា​មី គឺ​មិនទាន់​ដឹង​ប៉ុន្មាន​គីឡូ​ទេ ព្រោះ​វា​មាន​ម្សៅ​ខ្លះ មានអី​ខ្លះ ឥឡូវ​គេ​កំពុងតែ​វិភាគ អត់​ទាន់​ចេញ​ជា​លទ្ធផល​ទេ ចូល​ពិសោធន៍​ឡា​បូ​ទៅ ពិសោធន៍​គ្រឿងញៀន​ប៉ុន្មាន អី​ប៉ុន្មាន យើង​អត់​ទាន់​បានដឹង​លទ្ធផល​ទេ​។ វត្ថុ​ទាំងអស់​ឲ្យ​ចូល​ឡា​បូ​សិន បាន​គេ​បញ្ជាក់ថា ប៉ុន្មាន​គីឡូ​គ្រឿងញៀន ប៉ុន្មាន​គីឡូ​អត់​មាន​ពាក់ព័ន្ធ​គ្រឿងញៀន ទុក​ឲ្យ​ខាង​ឡា​បូ​គេ​ធ្វើការ​សិន​”​។​

​នៅក្នុង​ប្រតិបត្តិ​ការបង្ក្រាប​ក្លឹប​ម៉ៃ​អា​មី គឺ​សមត្ថកិច្ច​បាន​ដកហូត​ម្សៅ ឧបករណ៍​លាយ កែច្នៃ និង​បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន​៥០​នាក់​។​

​បើតាម​សេចក្តីរាយការណ៍ បាន​ឲ្យ​ដឹងថា ក្រោយពី​ធ្វើតេស្ដ​ទឹកនោម​ទៅលើ​មនុស្ស​៥០​នាក់ គឺ​បាន​រកឃើញ​មនុស្ស​៣២​នាក់ មាន​ផ្ទុក​សារធាតុ​ញៀន​។ នៅក្នុង​ប្រតិបត្តិការ​ចុះបង្ក្រាប​នោះ សមត្ថកិច្ច​បាន​ដកហូត​ម៉ាស៊ីន​ផលិត​គ្រឿងញៀន​មួយចំនួន និង​សារធាតុ​ញៀន​មួយចំនួន​។

​គួរ​បញ្ជាក់ថា នៅក្នុង​ដើមឆ្នាំ​២០១៩ នេះ សមត្ថកិច្ច​បាន​បង្ក្រាប​ទីតាំង​ចែកចាយ និង​ផលិត​គ្រឿងញៀន​នៅតាម​ក្លឹប​កំសាន្ត​មួយចំនួន នៅតាម​បណ្តា​រាជធានី ខេត្ត​។ ប៉ុន្តែ​អ្វីដែល​ជាការ​កត់សម្គាល់ និង​ជាការ​បង្ក្រាប​ទ្រង់ទ្រាយ​ធំ នៅ​រាជធានី​ភ្នំពេញ គឺ​សមត្ថកិច្ច​បាន​បង្ក្រាប​នៅក្នុង​មជ្ឈមណ្ឌល​កំសាន្ត​រ៉ុ​ក (Rock) ក្លឹប​កំសាន្ត​ម៉ៃ​អា​មី និង​ទីតាំង​ផលិត​គ្រឿងញៀន​ដ៏​ធំ​នៅក្នុង​ខណ្ឌ​សែន​សុខ​៕ ល​