ករណី​បែកធ្លាយ​ទិន្នន័យ​ឯកជន​របស់ Facebook ប៉ះពាល់​អ្នកប្រើប្រាស់​កន្លះ​លាន​នាក់​នៅ​វៀតណាម​

957
ចែករម្លែក

​បណ្តាញ​សង្គម​ធំ​បំផុត​របស់​ពិភពលោក​មួយ​នេះ​និយាយថា ខ្លួន​នឹង​ផ្ញើ​កំណត់ត្រា​មួយ​ទៅកាន់​អ្នកប្រើប្រាស់​ទាំង​កន្លះ​លាន​នាក់​នោះ​នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ​។​

​ដោយមាន​ប្រជាជន​ជិត ៧០​ភាគរយ​លេង Facebook វៀតណាម​គឺជា​ប្រទេស​ទី ៩ ដែល​រង​ការវាយប្រហារ​យ៉ាងធ្ងន់ធ្ង​រ​ដោយ​រឿងអាស្រូវ​រំលោភបំពាន​សន្តិសុខ​បណ្តាញ​សង្គម​មួយ​នេះ ដែល​ពាក់ព័ន្ធ​នឹង​ទិន្នន័យ​ផ្ទាល់ខ្លួន​របស់​អ្នកប្រើប្រាស់​ចំនួន ៨៧ លាន​នាក់​នៅ​ទូទាំង​ពិភពលោក ដែល​បាន​បែកធ្លាយ​។​

​ការស្ទង់មតិ​មួយ​ចេញផ្សាយ​ដោយ Facebook កាលពី​ថ្ងៃ​ពុធ បាន​បង្ហាញថា ទិន្នន័យ​ផ្ទាល់ខ្លួន​របស់​អ្នកប្រើប្រាស់​ចំនួន ៤២៧.៤៤៦ នាក់​នៅក្នុង​ប្រទេស​វៀត​ណា​ម​ត្រូវបាន​លេច​ធ្លាយ​។​

​គិត​ត្រឹម​ខែកក្កដា ឆ្នាំ​២០១៧ ប្រជាជន​វៀតណាម​ជាង ៦៤ លាន​នាក់​ក្នុងចំណោម ៩២ លាន​នាក់​កំពុង​ប្រើប្រាស់​បណ្តាញ​សង្គម​នេះ​។​

​សហរដ្ឋអាមេរិក​ឈរ​នៅ​កំពូល​ក្នុងចំណោម​បណ្តា​ប្រទេស​ដែល​រង​ផលប៉ះពាល់​ពី​ការ​លេច​ធ្លាយ​ទិន្នន័យ​ឯកជន តាម​ពីក្រោយ​ដោយ ហ្វីលីពីន ឥណ្ឌូនេស៊ី និង​ចក្រភព​អង់គ្លេស​៕ ដោយ៖ កញ្ញាដាលីស