ករណី​ប៉ូលិស​ច្រឡំ​ដៃ​យក​អាយ​ភេត​គេៈ​អ្នកនាំពាក្យ​ប៉ូលីស​បំភ្លឺ​

772
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/ភ្នំពេញៈ​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​បំភ្លឺ ពាក់ព័ន្ធ​នឹង​ករណី​មន្ត្រីប៉ូលិស​នៃ​អង្គភាព​នគរបាល​ជើង​ទឹក​មួយរូប​ដែល​ត្រូវបាន​បណ្ដាញ​ទំនាក់ទំនង​សង្គម ផ្សព្វផ្សាយ​អំពី​សកម្មភាព​យក​អាយ​ភេត​( ipad) ពី​ផ្ទះ​វេរ​លុយ​មួយកន្លែង​នៅក្នុង​ខណ្ឌទួលគោក កាលពី​ថ្ងៃទី​៣០​ខែឧសភា​ឆ្នាំ​២០១៩​។​អ្នកលេង​ហ្វេ​ស​ប៊ុ​កបាន​ចំអក​ឲ្យ​សកម្មភាព​នេះ​បន្ទាប់ពី​ប៉ូលិស​ដែល​យក​អាយ​ភេត​អ្នកដទៃ​នោះ​អះអាងថា ច្រឡំ​ដៃ​។​


​ពាក់ព័ន្ធ​ករណី​ខាងលើនេះ​នៅ​ថ្ងៃទី​៣១​ខែឧសភា អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​បញ្ជាក់ថា មន្ត្រីនគរបាល​នៃ​អង្គភាព​នគរបាល​ជើង​ទឹក​មើលរូប​ពិតជា​បាន​យក អាយ​ភេត​ផ្ទះ​វេរ​លុយ​ដែលមាន​អាសយដ្ឋាន​នៅ​ខណ្ឌទួលគោក​ប្រាកដ​មែន​។ ប៉ុន្តែ​ផ្អែក​តាម​លទ្ធផល​នៃ​ការស្រាវជ្រាវ​និង​ការប្រមូល​ព័ត៌មាន​បំភ្លឺ​បន្ថែម​ពី​អ្នកពាក់ព័ន្ធ​បាន​បង្ហាញថា បន្ទាប់ពី​យក អាយ​ភេត ផ្ទះ​វេរ​លុយ​នោះ​រួចមក​មន្ត្រី​រូបនោះ​បាន​ជម្រាប​ម្ដាយ​របស់ខ្លួន​ឲ្យ​ទូរស័ព្ទ​ទៅប្រាប់​ម្ចាស់ផ្ទះ​ថា​ខ្លួន​បាន​យក​អាយ​ភេត​និង​យក​អាយ​ភេ​តទៅ​ឲ្យ​ម្ចាស់ផ្ទះ​ពេលនោះ​វិញ​។​តាម​ការបញ្ជាក់​របស់​ម្ចាស់ផ្ទះ​វេ​លុយ​បាន​ទទួលស្គាល់ថា ម្ដាយ​របស់​មន្ត្រីនគរបាល​នោះ​ពិតជា​បាន​ទូរស័ព្ទ​មក​ប្រាប់​អំពី​ករណីនេះ​និង​បាន​យក ipad មក​ប្រគល់​ឲ្យ​ខ្លួន​ផងដែរ​។ ជាមួយគ្នា​នោះដែរ​ម្ចាស់ផ្ទះ​វេរ​លុយ​នេះ​ក៏​ព្រម​ទទួលយក​និង​ការសុំ​ទោស​ដោយ​ពុំមាន​ដាក់ពាក្យ​ប្ដឹងផ្ដល់​អ្វី​ឡើយ​។​


​ប្រភព​ដដែល​បន្តថា​ផ្អែក​តាម​ការពិនិត្យ​លើ​ស្ថានភាព​គ្រួសារ​របស់​មន្ត្រីនគរបាល​រូបនោះ​ឃើញថា​មាន​ជីវភាព​ធូរធារ​ដែល​ពុំមាន​ហេតុផល​ណា​បញ្ជាក់ថា​គាត់​មានការ​ខ្វះខាត​រហូតដល់​ប្រព្រឹត្ត​អំពើចោរកម្ម​ឡើយ​។​


​សុំ​បញ្ជាក់ថា ក្នុងខណៈ​ពេលដែល​មន្ត្រី​រូបនោះ​ទៅ​ដក​ប្រាក់​ពី​ផ្ទះ​វេរ​លុយ​នឹង​យក អាយ​ភេត ពី​ផ្ទះ​នោះ​មកពី​រូបគេ​បាន​ជិះ​រថយន្ត​ផ្ទាល់ខ្លួន​ម៉ាក រ៉េ​ង រ៉ូ​វ័រ​(range rover)​។
​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​បន្តថា​តាម​ការបញ្ជាក់​របស់​ម្ដាយ​មន្ត្រីនគរបាល​រូបនោះ​បាន​ឲ្យ​ដឹងថា​ក្នុងអំឡុងពេល​ប្រមាណ​មួយខែ​ចុងក្រោយ​នេះ​កូន​របស់គាត់​ហាក់បីដូច​ជាមាន​អាកប្បកិរិយា​និង​សកម្មភាព​ចម្លែកៗ​ជាច្រើន​ដែល​សង្ស័យថា​អាចមាន​បញ្ហា​ខួរក្បាល​។ អគ្គស្នងការ​នគរបាល​ជាតិ​បាន​ណែនាំ​ដល់​សម័យ​អង្គភាព​ទទួល​យក​មន្ត្រីនគរបាល​រូបនោះ​ទៅ​អប់រំ​ណែនាំ​ឡើងវិញ​និង​ប្រគល់ជូន​ឪពុកម្ដាយ​ដើម្បី​យកទៅ​ពិនិត្យ​ព្យាបាល​៕សរន

#