ករណី​ប្រើ​សឺ​រ៉ាំ​ង​រួមគ្នា​ចម្លង​មេរោគ​អេដស៍​ច្រើន​រយ​នាក់​បង្ក​សោកនាដកម្ម​ថ្មី​ប្ដី​ព្យួ​ករ ប្រពន្ធ​នៅ​នឹង​ដើមឈើ​

957
ចែករម្លែក

បុរស​ជនជាតិ​ប៉ា​គី​ស្ថាន ម្នាក់​បាន​រឹត​ក​ប្រពន្ធ​របស់ខ្លួន​ដែល​ផ្ទុកមេរោគ​អេដស៍​រហូត ដល់​ស្លាប់​។

​ករណី​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​នៅ​ទីក្រុង​មួយ​ដែល​ផ្ទុះ​ករណី​ឆ្លង​មេរោគ​អេដស៍​ជាច្រើន​រយ​នាក់ ដែល​ភាគច្រើន​ជា​កុមារ​ក្រោយ​អ្នកភូមិ​ផ្អើល​នាំគ្នា​ទៅធ្វើ​តេស្ត​ឈាម​រក​មេរោគ នេះ នៅ​ប៉ុន្មាន​សប្ដាហ៍​ចុងក្រោយ​នេះ​។
​ ​
សារព័ត៌​មានបាន​ចុះផ្សាយ​ថា បុរស​ជា​ប្ដី​បាន​យក​ខ្សែ​ចង​ព្យួរ​ករ​បស់​ប្រពន្ធ​នៅ​នឹង​ដើម ឈើ​ក្រៅ​ផ្ទះ​រហូតដល់​ស្លាប់​យ៉ាង​សាហាវ​ជាទីបំផុត​បន្ទាប់ពី​ចោទ​នាង​ថា​ឆ្លង​មេរោគ អេដស៍​ពី​ប្រុស​សា​ហាយ​។
​ ​
ប៉ូលិស​ម្នាក់​នៅ​ក្រុង​រ៉ា​តូ​ដេ​រ៉ូ (Ratodero) ខេត្ត​ស៊ីន (Sindh) ប្រទេស​ប៉ា​គី​ស្ថាន និយាយថា ស្ត្រី​រងគ្រោះ​វ័យ ៣២ ឆ្នាំ​ដែលមាន​កូន​ដល់​ទៅ ៤​នាក់​បានធ្វើ​តេស្ត​ឃើញ​ផ្ទុកមេរោគ អេដស៍​ប៉ុន្មាន​ថ្ងៃមុន ជាហេតុ​បណ្តាលឱ្យមាន​ឃាតកម្ម​នេះ​កើតឡើង​។

​ពេលនេះ​ជនសង្ស័យ​កំពុង​ជាប់​ឃុំឃាំង​ដោយ​ប្រឈម​ការចោទប្រកាន់​ពីបទ​មនុស្ស ឃាត​។​

​ឃាតកម្ម​នៅក្នុង​ភូមិ​មួយ​ក្បែរ​ក្រុង​រ៉ា​តូ​ដេ​រ៉ូ ខាងលើនេះ​ឆ្លុះបញ្ចាំង​ពី​ភាព​ធ្ងន់ធ្ងរ​នៃ​ករណី ផ្ទុះ​ការឆ្លង​មេរោគ​អេដស៍​បង្ក​ឡើយ​ដោយ​គ្រូពេទ្យ​ម្នាក់​ដែល​បាន​ចាក់​ថ្នាំ​ប្រើ​សឺ​រ៉ាំ​ង​រួមគ្នា បណ្តាលឱ្យ​មនុស្ស​ជិត ៧០០ នាក់​ឆ្លង​មេរោគ​អេដស៍​។​

​យោងតាម​អង្គការ​សុខភាព​ពិភពលោក​បានឱ្យដឹងថា ជាង​ពាក់កណ្តាល​ក្នុងចំណោម​អ្នកឆ្លង​មេរោគ​អេដស៍​ទាំងនោះ​ជា​កុមារ​អាយុ​ក្រោម៥ឆ្នាំ​។

​ចំណែកឯ​គ្រូពេទ្យ​ដែល​ជាប់​សង្ស័យ​ក្នុងករណីនេះ ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី​៣០ ខែមេសា​។ ទោះជា​យ៉ាងណា សមត្ថកិច្ច​មិនទាន់​ដឹង​ច្បាស់​ថា តើ​វា​ជាការ​ធ្វេសប្រហែស ឬក៏​ជា​ទង្វើ​មាន​ចេតនា​របស់​គ្រូពេទ្យ​នោះទេ ខណៈ​កំពុង​បន្ត​ស៊ើបអង្កេត​៕ ប្រែ​សម្រួលៈ​ខុម​