ករណី​រក្សាទុក​និង​ប្រើប្រាស​គ្រឿងញៀន អ​.​ហ​. ឃាត់​បញ្ជូន​ទី​ឃុំ​មនុស្ស​៥​នាក់ នៅ​ប៉ោយប៉ែត​

276

(​បន្ទាយមានជ័យ​) : ករណី​ជួញដូរ រក្សាទុក និង​ប្រើប្រាស់​គ្រឿងញៀន​ដោយ​ខុសច្បាប់ នៅ​ចំណុច​មណ្ឌល​៣ ស្ថិតក្នុង​ភូមិ​ប្រជា​ធម្ម​លិច សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅវេលា​ម៉ោង​១៩​ថ្ងៃទី​០៨ ខែតុលា​ឆ្នាំ​២០១៧ កម្លាំង​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត បាន​ចុះ​ប្រតិបត្តិការ​ដល់ទី​តាំង​ប្រព្រឹត្ត​បទល្មើស ហើយ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់​បាន​ចំនួន​០៥​នាក់​។​

​លោក​អនុ​សេនីយ៍ សរ សុភ​ក្ត្រា មេបញ្ជាការ​ស្ដីទី​មូលដ្ឋាន​កង​រាជ​អាវុធ​ក្រុង និង​លោក​អនុ​សេនីយ៍ នួន នី​ណា​រ៉ូ មេបញ្ជាការរង​បាន​ប្រាប់​ឲ្យ​ដឹងថា ជនសង្ស័យ : ១- សេរី រតនា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជា​ម្ចាស់​គ្រឿងញៀន​ដែ​រក្សាទុក​។ ២- ឈ្មោះ​សួន ភារ​ម្យ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ អ្នក​ទាំង​០២​នាក់​ស្នាក់នៅ​មណ្ឌល​៣ ភូមិ​ប្រជា​ធម្ម​លិច សង្កាត់​/​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។ ៣-. ឈ្មោះ សរ រ៉ា​ឌី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​។ ៤-​ឈ្មោះ សរ ចិន្ដា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ​។ អ្នក​ទាំង​០២​នាក់ ជា​បងប្អូន​បង្កើត​ស្នាក់នៅ​បន្ទប់​ជួល ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​/​ក្រុង​ប៉ោយប៉ែត​។ និង​៥-​ឈ្មោះ សុខ ពេជ្រ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជា​ម្ចាស់​គ្រឿងញៀន​ដែរ​រស់នៅ​បន្ទប់​ជួល ស្ថិតក្នុង​ភូមិបាល​លេ​យ្យ​២ សង្កាត់​/​ក្រុង​ប៉ោយប៉ែត​។​

​ក្រោយពី​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​០៥​នាក់ ដកហូត​បាន​សម្ភារៈ និង​វត្ថុតាង​រួមមាន​៖ ទូរស័ព្ទដៃ​ចំនួន​០៦​គ្រឿង​, កាំបិត​សាំ​ម៉ូ​រ៉ៃ​0២​ដើម​, គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក​ពណ៌​ស​ថ្លា ចំនួន​១៧​កូន​ថង់​តូច​, ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿងញៀន​ចំនួន​០១​គ្រឿង និង​សម្ភារៈ​សម្រាប់​វិច​ខ្ចប់​គ្រឿងញៀន និង​ឧបករណ៍ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​។​

​លោក​វរសេនីយ៍ ស ប៊ុន​សឿង មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ទទួល​ការងារ​បទល្មើស​គ្រឿងញៀន បានអោយដឹងថា : ករណីនេះ​មានការ​សម្របសម្រួល​ពី​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​និង​ច​ង្អុ​រ​បញ្ជា​ពី​លោក​វរសេនីយ៍​បោ​ន ប៊ី​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ទើប​កម្លាំង​បង្ក្រាប​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿង​ញៀ​ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០៥​នាក់​ជា​បន្តបន្ទាប់​។​

​ចម្លើយ​របស់ ឈ្មោះ សារី រតនា និង​ឈ្មោះ សុខ ពេជ្រ ថា​បាន​ទិញ​គ្រឿងញៀន​ពី​ឈ្មួញ​ដែល​មិន​ស្គាល់ឈ្មោះ​ដើម្បី​លក់​ចែកចាយ​បន្ត​ពិតប្រាកដ​មែន ។​

​សមត្ថកិច្ច​ជំនាញ​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​៕L ដោយ : ប​.​ជ័យ​