ករណី​សម្លាប់​នារី​ម្នាក់​នៅផ្ទះ​សំណាក់​សារី​ធំ​កាលពី​ចុងឆ្នាំ​២០១៦៖ បញ្ជូន​បុរស​៣​នាក់មក​តុលាការ​

1236
ចែករម្លែក

(ភ្នំពេញ) : កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​អាវុធហត្ថ​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ខេត្ត​ប៉ៃលិន បានធ្វើការ​ស្រាវជ្រាវ​ឈានដល់​ឃាត់​ឃាតករ​សម្លាប់​បាញ់សម្លាប់​នារី​ជា​សង្សារ កាលពី​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៦ ក្នុងផ្ទះ​សំណាក់​សារី​ធំ ស្ថិតនៅ​ភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ​ហើយ បាន​រត់គេចខ្លួន​អស់​រយៈពេល​៨​ខែ​។​

​ជនសង្ស័យ​ឈ្មោះ អ៊ុំ សុ​ផា អាយុ​៣០​ឆ្នាំ​ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​ចំណុច​ភូមិ​ដីស ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ​នៅវេលា​ម៉ោង​១១៖២៥​ថ្ងៃត្រង់​ថ្ងៃទី​៩​ខែសីហា​ តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់លោក សៀង សុខ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​យោងតាម​ចម្លើយ​របស់​ឃាតករ​ឈ្មោះ អ៊ុំ សុ​ផា សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ឈានទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ទៀត ឈ្មោះ អ៊ុក វាសនា។​

​ឈ្មោះ អ៊ុក វាសនា បាន​សារភាពថា ពិតជា​បានទទួល​លុយ ពី អ៊ុំ សុ​ផា ដើម្បី​ធ្វើឯកសារ​សេចក្តីសម្រេច និង​អត្តសញ្ញាណប័ណ្ណ​ប៉េអឹម​ក្លែងក្លាយ​ពិតប្រាកដ​មែន តែ​ខ្លួន​មិនបាន​ធ្វើ​ផ្ទាល់​ទេ គឺ​យកទៅ​ឲ្យ​ឈ្មោះ ណុប ច័ន្ទ ជា​អ្នកធ្វើ​បន្ត ក្រោយមក​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ឈានទៅ ឃាត់ខ្លួន ឈ្មោះ ណុប ច័ន្ទ ម្នាក់ទៀត​។ ឈ្មោះ ណុប ច័ន្ទ ក៏បាន​សារភាពថា​រូបគេ ពិតជា​បាន​បោកប្រាស់​ឈ្មោះ អ៊ុំ សុ​ផា ដោយ​ធ្វើឯកសារ​និង​អត្តសញ្ញាណប័ណ្ណ​អាវុធហត្ថ​ក្លែងក្លាយ​ឲ្យ ពិតប្រាកដ​មែន ដោយ​ខ្លួន​បាន​ទៅ​ជួល​ក្មេងៗ នៅ​ហាង​ហ្វូ​តូ​កូ​ពី​ឯកជន​ជា​អ្នក​កាត់ត ឯកសារ​សេចក្តីសម្រេច​និង​អត្តសញ្ញាណប័ណ្ណ​ទាំងនោះ ដើម្បី​បោក អ៊ុំ សុ​ផា យកលុយ​ចាយ​ប៉ុណ្ណោះ​តែ​មិន​នឹក​ស្មានតែ​មានរឿង​ធំ​ដល់​ម្លឹ​ង​ទេ​។​

​នៅ​រសៀល​ថ្ងៃទី​១១​ខែសីហា​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​កសាង​សំណុំរឿង​និង​បញ្ជូន​បុរស​ទាំង​៣​នាក់​នេះ មក​តុលាការ ដើម្បី​ចាត់ការ​តាមច្បាប់​។​

​គួរ​រំលឹក​ដែរ​ថា នារី​ម្នាក់​ឈ្មោះ ស៊ុន ស្រី​លក្ខណ៍ អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ ត្រពាំង​រាំង ឃុំ​អង្គរមាស ស្រុក​ដងទង់ ខេត្តកំពត ត្រូវគេ​អះអាងថា ជា​ស្រី​ស្នេហ៍​របស់​បុរស​ម្នាក់​ឈ្មោះ អ៊ុំ សុ​ផា អាយុ​៣០​ឆ្នាំ ដែល​ដំបូង​ឡើយ​បុរស​រូបនេះ ត្រូវគេ​អះអាងថា ជា​មន្ត្រី​កងរាជអាវុធហត្ថ និង​ជា​ជនដៃដល់​បាន​យក​កាំភ្លើង​បាញ់សម្លាប់​នាង​ជា​សង្សារ ចំ​ភ្នែក​ធ្លាយ​ទៅក្រោយ បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ នៅ​នឹង​ន្លែ​ង កាលពី​វេលា​ម៉ោង​១២៖៤០​រំលង​អា​ធ្រា​ត ឈានចូល​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៦ ក្នុង​បន្ទប់​លេខ​៤០៤ ផ្ទះសំណាក់​យីហោ «​សារី​ធំ​» ។​

​ក្រោយពេល​កើតហេតុ​ភ្លាម នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​បញ្ជា​ឲ្យ​កម្លាំង​ជំនាញ​ធ្វើការ​ស្រាវជ្រាវ ត្រួតពិនិត្យ​ឈ្មោះ ក្នុង​បញ្ជី​គ្រប់គ្រង​កងរាជអាវុធហត្ថ បញ្ជាក់ថា ឈ្មោះ អ៊ុំ សុ​ផា នេះ​ពុំមាន​ឈ្មោះ​នៅក្នុង​បញ្ជី​និង​មិនមែនជា​មន្ត្រី​អាវុធហត្ថ​នោះទេ ហើយ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា បានចេញ​បទបញ្ជា​យ៉ាង ដល់​កម្លាំង​កងរាជអាវុធហត្ថ ឲ្យ​បើក​ការស៊ើបអង្កេត​ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន​ឃាតករ ជាបន្ទាន់ លើ​ករណី​ឃាតកម្ម​មួយ​នេះ ឲ្យ​ខាងតែបាន​។​

​ឆ្លង​តាមរយៈ​ការស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ របស់​សមត្ថកិច្ច​កង​រាជ​អាវុធហត្ថ បានធ្វើ​ការតាមប្រមាញ់​ជនល្មើស ប្រកិតៗ ទាំង​នៅក្នុង​រាជធានី​ភ្នំពេញ និង​ចេញពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ តែ​ត្រូវ​ជនល្មើស​ធ្វើការ បង្វែរ​ដាន និង​គេចខ្លួន​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ រហូតដល់​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០១៧ ទើប​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ បានធ្វើការ​ស្រាវជ្រាវ​កំណត់​ទីតាំង​ជនល្មើស​ច្បាស់​ថា កំពុង​លាក់ខ្លួន​នៅ​ខេត្ត​ប៉ៃលិន ក៏​ចុះទៅ​សហការ​ជាមួយ កម្លាំង​អាវុធហត្ថ​ខេត្ត​ប៉ៃលិន ធ្វើការ​ឃាត់ខ្លួន​ឃាតករ និង​ឈានដល់​ឃាត់ខ្លួន​បុរស​២​នាក់​ទៀត ដែល​ធ្វើឯកសារ​សេចក្តីសម្រេច និង​អត្តសញ្ញាណប័ណ្ណ​ប៉េអឹម​ក្លែងក្លាយ​ឲ្យ​ឈ្មោះ​អ៊ុំ សុ​ផា ៕L ដោយ : ស​រិ​ទ្ធ​