ករណី​សុវត្ថិភាព​ម្ហូបចំណី​អាហារ​នៅ​កម្ពុជា​ទាមទារ​ឱ្យ​សាធារណៈជន​ត្រូវតែ​ចូលរួម​ទប់ស្កាត់​

631
ចែករម្លែក
  • 985
    Shares

ដោយ : ពៅ​និមល​/​ភ្នំពេញ : មន្ត្រីជាន់ខ្ពស់​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល​នៃ​ក្រសួងពាណិជ្ជកម្ម បាន​លើកឡើងថា​បញ្ហា​សុវត្ថិភាព​ម្ហូបអាហារ​និង​បញ្ហា​ផលិតផល​សុទ្ធតែ​បាន​ផ្សារភ្ជាប់​ជាមួយនឹង​ស្ថានភាព​នៃ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​ជាន់ថ្នាក់​ទាំងអស់​។​មិនមែន​តែ​សមត្ថកិច្ច ឬ​អ្នករកស៊ី​លក់ដូរ​អាជីវករ​ប៉ុណ្ណោះ​ទេ​គឺ​ពលរដ្ឋ​ទូទៅ​សុទ្ធតែ​ជាប់​ពាក់ព័ន្ធ​ក៏ដូចជា​ផលិតផល​ប្រើប្រាស់​ផ្សេងៗ​ក្រៅពី​ម្ហូបអាហារ​ផងដែរ​។​

​មានប្រសាសន៍ប្រាប់​ដល់​ក្រុម​អ្នកសារព័ត៌មាន​ក្រោយ​បញ្ចប់​ពិធី​ផ្សព្វផ្សាយ​ស្តីពី​សុវត្ថិភាព​អាហារ​និង​ការពារ​អ្នកប្រើប្រាស់ កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០១៩​នេះ​លោក គឹម មាស​សុខ​សីហា អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល​បាន​ពន្យល់ថា​បញ្ហា​សុវត្ថិភាព​ម្ហូបអាហារ​មិនមែន​មានតែ​ក្នុងប្រទេស​កម្ពុជា​ទេ​។​សូម្បីតែ​ប្រទេស​ជឿនលឿន​ដែលមាន​ទាំង​បច្ចេកវិទ្យា​ទំនើប​មាន​មន្ទីរពិសោធន៍​ជាច្រើន ក៏​នៅតែមាន​បញ្ហា​ប្រឈម​ដែរ​។

​លោក​បាន​បន្តថា​ការលើកកម្ពស់​ការយល់​ដឹង​ជូន​បងប្អូន​ប្រជាព​រដ្ឋ​ទូទៅ​អំពី​សុវត្ថិភាព​ម្ហូបអាហារ​ជា​រឿង​សំខាន់​។​ប៉ុន្តែ​អ្វីដែល​សំខាន់​ជាងនេះទៀត​គឺ​អាជីវករ​និង​សិប្បករ​ទាំងអស់​ក៏ត្រូវ​យកចិត្តទុកដាក់​ផងដែរ មិនមែន​គ្រាន់តែ​ចង់​ចំណេញ​ឬ​ធ្វើ​ឲ្យ​ចំណូល​កើន តែ​ភ្លេច​ពី​ក្រមសីលធម៌​នោះទេ​។

ដូច្នេះ​ទាមទារ​ឲ្យ​បងប្អូន ដែលជា​តួអង្គ ឬក៏​ជា​តួឯក​ន​ធ្វើយ៉ាងណា ទាំង​អ្នក​ផលិត អ្នក​កែច្នៃ អ្នករៀបចំ អ្នក​នាំចូល អ្នកលក់ដូរ ត្រូវមាន​មនសិកា និង​ម្ចាស់ការ​ក្នុងការ​គ្រប់គ្រង​ផលិតផល​របស់ខ្លួន ដែល​ដាក់លក់ ការ​វេច​ខ្ចប់ ក៏ដូចជា​ការកែច្នៃ​ត្រូវ​ទុកដាក់​ឲ្យ​បាន​ត្រឹមត្រូវ​។

​ការបញ្ជាក់​បន្ថែម​រប​ស់លោក​អគ្គនាយករង​ស្របគ្នា​ខាងលើនេះ​អាជីវ​ករលក់​គ្រឿងទេស​នៅក្នុង​ផ្សា​របឹង​កេងកង​រាជធានី​ភ្នំពេញ​លោកស្រី​វង​សា​ទុំ​និង​លោក​សេង​គឹម​សុខ​បានស្នើ​អ្នកលក់ដូរ​ដូចគ្នា​ទាំងអស់​ត្រូវ​ចូលរួម​ឲ្យ​បាន​ខ្ជាប់ខ្ជួន​លើ​ការងារ​នេះ​ដើម្បី​ជំរុញ​ឲ្យ​ចំណី​ម្ហូបអាហារ​កាន់តែ​មាន​សុវត្ថិភាព​និង​មាន​ទំនុកចិត្ត​ពេល​បរិភោគ​។​

​ពិសេស​ស្នើរ​ដល់​មន្ត្រី​រដ្ឋាភិបាល​ជាពិសេស​កាំកុងត្រូល​សុំ​ឲ្យ​មាន​រៀបចំ​កម្មវិធី​ផ្សព្វផ្សាយ​ខាងលើ​ឲ្យ​បាន​ញឹកញាប់​និង​ចុះ​ត្រួតពិនិត្យ​តាម​ផ្សារ​ជាប្រចាំ​ដើម្បី​ការពារ​ដល់​ចំណី​ម្ហូបអាហារ​ឲ្យ​មាន​សុវត្ថិភាព​ខ្ពស់​និង​ជំរុញ​ឲ្យ​អាជីវករ​ដទៃ​ផ្សេងទៀត​មានការ​យល់ដឹង​កាន់តែ​ទូលំទូលាយ​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​លោក​នួន​ផា​រ័ត្ន​អភិបាលរង​រាជធានី​ភ្នំពេញ​បានលើកឡើង​ថា​ការគ្រប់គ្រង​អាជីវកម្ម​ជា​រឿង​សំខាន់​ដើម្បី​ប្រាកដថា​ការគ្រប់គ្រង​សុវត្ថិភាព​ចំណីអាហារ​ក្នុងស្រុក​មាន​សុវត្ថិភាព​តម្រូវ​ឲ្យ​មានការ​ចូលរួម​ពី​អាជីវករ​និង​ប្រជាពលរដ្ឋ​ទាំងមូល​។

​ដើម្បី​ធ្វើ​ឲ្យ​កម្មវិធី​សុវត្ថិភាព​ម្ហូបអាហារ​និង​ការពារ​អ្នកប្រើប្រាស់​ទទួលបាន​ជោគជ័យ​ព្រោះ​បើ​គ្មាន​ការចូលរួម​ពី​យើងទាំងអស់គ្នា​ក៏​មិន​ទទួលបាន​ជោគជ័យ​ដែរ​។​គិត​ក្នុង​ឆ្នាំ​២០១៨​កន្លងទៅ​អគ្គនាយកដ្ឋាន​កាំកុងត្រូល​នៃ​ក្រសួងពាណិជ្ជកម្ម​ធ្វើការ​បង្ក្រាប​ម្ហូបអាហារ​មិន​សមស្រប​សរុប​ចំនួន​៩៤.០៣៤​គីឡូក្រាម​៕S/