ករណី​ស្លាប់​របស់​នាង ម៉ា​រី​លីន ម៉ុ​ន​រ៉ូ ត្រូវបាន​សើរើ​ឡើងវិញ​នៅ​២០​ឆ្នាំក្រោយ ដោយសារតែ​បុរស​ម្នាក់នេះ​

446
ចែករម្លែក

​អ្នក​ឆ្លើយតប​ទីមួយ ដែល​បាន​មកដល់​កន្លែងកើតហេតុ​នៃ​ការស្លាប់​របស់​នាង​ម៉ា​រី​លីន ម៉ុ​ន​រ៉ូ អះអាងថា ភស្តុតាង​បញ្ជាក់ថា កន្លែងកើតហេតុ​នោះ​គឺ​ត្រូវគេ​រៀបចំ​។ ក៏មាន​ចង្អុលបង្ហាញ​ផងដែរ​ថា អ្នក​ឆ្លើយតប​ដំបូង​គេ​នោះ​អាចមាន​ចេតនា​ដុត​បញ្ឆេះ​ឱ្យមាន​ចម្ងល់​អំពី​ទ្រឹស្តី​លាក់កំបាំង​ពីក្រោយ​ករណី​ស្លាប់​នេះ​។ ទូរទស្សន៍ Fox News នឹង​ផ្សាយ​ភាពយន្ត​ឯកសារ​ស្វែងរក​ការពិត​នៅ​ចុង​សប្តាហ៍​នេះ​។​

​មរណភាព​របស់​ម៉ា​រី​លីន ម៉ុ​ន​រ៉ូ ដែលជា​តារា​ស្រី​ម្នាក់​ក្នុងចំណោម​តារា​ស្រី​ល្បីៗ​បំផុត​មិន​ធ្លាប់​ជួប​ពីមុនមក នៅតែ​ជា​អាថ៌កំបាំង​រហូតមកដល់​សព្វថ្ងៃ​។ ប៉ុន្តែ​ដំបូង​ឡើយ​គេ​បាន​បដិសេធថា​នេះ​មិនមែនជា​ករណី​ធ្វើអត្តឃាត​ទេ​។ ទោះបី​មន្ត្រីប៉ូលិស​ឆ្លើយតប​ដំបូង​គេ ដែល​បានមក​កន្លែងកើតហេតុ​គិតថា​មានរឿង​គួរឱ្យ​សង្ស័យ​ខ្លាំង​ក៏ដោយ ក៏ប៉ុន្តែ​វា​ត្រូវការ​ការទាមទារ​សើរើ​ឡើងវិញ​ពី​សាធារណជន​អស់​រយៈពេល ២០ ឆ្នាំ​ទើប​នាំទៅរក​ការបើក​ការស៊ើបអង្កេត​ឡើងវិញ​។​

​នៅ​ថ្ងៃអាទិត្យ​ទី​៨​កញ្ញា ទូរទស្សន៍ Fox News នឹង​ចាក់​បញ្ចាំង​នូវ​វគ្គ​ចុងក្រោយ​នៃ​កម្មវិធី​របស់ខ្លួន​ដែលមាន​ចំណងជើង​ថា “​រឿងអាស្រូវ​៖ មរណភាព​របស់​ម៉ា​រី​លីន ម៉ុ​ន​រ៉ូ​”​។ វគ្គ​នេះ​នឹង​ផ្តោតលើ​ការ​រំលឹក​ឡើងវិញ​របស់​ម​ន្ត្រី​ប៉ូលិស​ឈ្មោះ ជែក ក្លេ​ម៉ុ​ន ដែល​បាន​ទៅដល់​ផ្ទះ​របស់​នាង​ម៉ុ​ន​រ៉ូ កន្លែង​ដែល​នាង​ត្រូវគេ​ប្រទះឃើញ​ស្លាប់​នៅ​ព្រឹក​ព្រលឹម​ថ្ងៃទី ៥ ខែសីហា ឆ្នាំ ១៩៦២ កាលពី ៥៧ ឆ្នាំមុន​។​

​មន្ត្រីប៉ូលិស​ក្រុង​ឡូ​ស​អ៊ែន​ជេ​ឡេស​រូបនេះ ដែល​បាន​ទៅដល់​កន្លែងកើតហេតុ​ដំបូង​គេ បានចាប់ផ្តើម​ជឿថា​តារា​ស្រី​រូបនេះ​មិនបាន​ធ្វើអត្តឃាត​ខ្លួនឯង​ទេ​។ លោក ហ្គា​រី វី​តា​ក់កូ រ៉ូ​ប​ល អ្នកនិពន្ធ​សៀវភៅ​ជីវប្រវត្តិ​របស់​ម៉ុ​ន​រ៉ូ​ចំណងជើង​ថា “Icon” និយាយថា ទោះបីជា​មានការ​សង្ស័យ​បែបនេះ​ក្តី ក៏​ប៉ូលិស​រូបនោះ​មិនដែល​បាន​រាយការណ៍​អំពី​រឿងនេះ​ទេ​។​

​ការធ្វើ​កោសល្យវិច័យ​បាន​បង្ហាញថា ម៉ុ​ន​រ៉ូ​បាន​ស្លាប់​ដោយសារ​ការពុល​ថ្នាំ​ងងុយដេក​ឈ្មោះ Chloral Hydrate និង Nembutal ដែលជា​ប្រភេទ​ថ្នាំ​ងងុយដេក​ខ្លាំងក្លា​។​

​យោងទៅតាម​ការ​រំលឹក​ឡើងវិញ​ពី​ព្រឹត្តិការណ៍​របស់លោក​ប៉ូលិស ជែក ក្លេ​ម៉ុ​ន គឺ​ពុំមាន​កែវ​ឬ​កា​ផឹកទឹក​នៅក្នុង​បន្ទប់​របស់​ម៉ុ​ន​រ៉ូ​ទេ ពោលគឺ​គ្មាន​កែវ​ទឹក​ទេ ដូច្នេះ​វា​មិនអាច​ទៅរួច​ទេ​ដែល​នាង​អាច​លេបថ្នាំ​ងងុយដេក​ច្រើន​បែបនេះ​។ ទោះយ៉ាងណា លោក​ជែក ក្លេ​ម៉ុ​ន នៅចាំ​បាន​ថា នៅពេលដែល​គាត់​មកដល់​ផ្ទះ​របស់​ម៉ុ​ន​រ៉ូ អ្នកបម្រើ​ឈ្មោះ អ៊ុន​នី​ស ម៉ួ​រ៉េ គឺ​កំពុងតែ​បោកគក់​អ្វីមួយ​នៅក្នុង​ម៉ាស៊ីន​បោកគក់​។​

​លោក​ក្លេ​ម៉ុ​ន​បាន​កត់សម្គាល់ថា សកម្មភាព​នោះ​គឺ “​គួរឱ្យ​សង្ស័យ​” ប៉ុន្តែ​ក្នុងនាម​ជា​អ្នក​ឆ្លើយតប​ដំបូង​គេ គាត់​មិនបាន​ស៊ើបអង្កេត​មើលថា​តើ​អ្នកបម្រើ​ឈ្មោះ​ម៉ួ​រ៉េ​កំពុង​បោកគក់​អ្វី​នោះទេ​។​

​លោក ហ្គា​រី វី​តា​ក់កូ រ៉ូ​ប​ល និយាយថា “​ការជាប់​ទាក់ទង​គឺថា​នាង​កំពុងតែ​បំផ្លាញ​ភស្តុតាង​”​។​

​ចម្លែក​ណាស់ រូបថត​របស់​ប៉ូលិស​ដែល​ថត​បាន​នៅ​កន្លែងកើតហេតុ បង្ហាញ​កែវ​ទឹក​ថ្មី​មួយ​ឈរ​នៅក្បែរ​គ្រែ​របស់​ម៉ុ​ន​រ៉ូ​។ កែវ​នេះ​ត្រូវគេ​ជឿថា​ជា​កែវ​មួយ​ក្នុងចំណោម​កែវ​ទាំង ១២ ដែល​ម៉ុ​ន​រ៉ូ​បាន​ទិញ​នៅ​ម៉ិចស៊ិក​។ ម្ចាស់​បច្ចុប្បន្ន​នៃ​កែវ​ទាំងអស់នោះ​និយាយថា កែវ​មួយ​បាន​បាត់ ដែល​អាច​បង្ហាញថា វា​ត្រូវបាន​ប៉ូលិស​យក​ធ្វើជា​ភស្តុតាង​។​

​វា​ក៏មាន​ភាពខុសគ្នា​ប្លែក​មួយទៀត​ផងដែរ​នៅក្នុង​ការស៊ើបអង្កេត​ក​រ​ណី​របស់​ម៉ុ​ន​រ៉ូ ដែល​លោក​ក្លេ​ម៉ុ​ន​លើកឡើងថា បន្ទាប់ពី​មរណភាព​របស់​នាង សារពើភ័ណ្ឌ​ទាំងមូល​ក្នុងផ្ទះ​របស់​នាង​ត្រូវបាន​រៀបចំឡើង ហើយ​សម្រាប់​ហេតុផល​ខ្លះ ម៉ាស៊ីន​លាងចាន​និង​ម៉ាស៊ីន​ស​ម្ងួ​ត គឺ​ពុំមាន​នៅក្នុង​បញ្ជី​ទិញ​របស់​នាង​ទេ​។​

​យោងតាម​ភាពយន្ត​ឯកសារ​របស់​ទូរទស្សន៍ Fox បានឱ្យដឹងថា លោក​ក្លេ​ម៉ុ​ន​មាន “​គ្រប់​ហេតុផល​” ដើម្បី​ព្យាយាម​ធ្វើឱ្យ​ខូច​ឈ្មោះ​នាយកដ្ឋាន​ប៉ូលិស​ក្រុង​ឡូ​ស​អ៊ែន​ជេ​ឡេស (LAPD) ជាមួយនឹង​ការចោទប្រកាន់​របស់គាត់​។ លោក​ក្លេ​ម៉ុ​ន​ត្រូវបាន​បង្ខំ​ឱ្យ​លាលែង​ពី​នាយកដ្ឋាន​នេះ​ក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៦០ បន្ទាប់ពី​លោក​និង​សមាជិក ៣ នាក់​ផ្សេងទៀត​បាន​អះអាងថា​ព្រឹទ្ធសមាជិក​របស់​គណបក្ស​សាធារណរដ្ឋ​លោក​ថូ​ម៉ាស គូ​ឆែ​ល ជាប់ទាក់ទង​នឹង​សកម្មភាព​ស្រឡាញ់​ភេទ​ដូចគ្នា​។​

​ភាពយន្ត​ឯកសារ​របស់ Fox និយាយថា “​ការចោទប្រកាន់​របស់​លោក​ក្លេ​ម៉ុ​ន ត្រូវបាន​និយាយ​ម្តង​ហើយ​ម្តងទៀត​ដោយ​រូបគាត់​និង​អ្នកដទៃ​ទៀត​នៅ​ជាច្រើន​ឆ្នាំ​ក្រោយមក ដែល​ជំរុញឱ្យមាន​ទ្រឹស្តី​លាក់កំបាំង​អំពី​ករណី​របស់​នាង​ម៉ុ​ន​រ៉ូ​រើប​ឡើងវិញ​”​។​

​ក្នុង ២០ ឆ្នាំក្រោយ ការចាប់អារម្មណ៍​ជា​សាធារណៈ​ជុំវិញ​មរណភាព​របស់​ម៉ុ​ន​រ៉ូ​បាន​កើន​ឡើងជា​លំដាប់ ដែល​ទីបំផុត​បាន​ជំ​រុញឱ្យ​មេធាវី​ក្រុង​ឡូ​ស​អ៊ែន​ជេ​ឡេស​បើក​ការស៊ើបអង្កេត​ឡើងវិញ​ក្នុង​ឆ្នាំ ១៩៨២ ដើម្បី​កំណត់ថា​តើ​មាន​ភស្តុតាង​គ្រប់គ្រាន់​ដែរ​ទេ​ដើម្បី​ចាត់ទុក​ការស្លាប់​របស់​តារា​សម្តែង​នេះ​ជា​ករណី​ធ្វើអត្តឃាត​។ ការស៊ើបអង្កេត​ថ្មី​នោះ​មិនបាន​រកឃើញ​ភស្តុតាង​ដើម្បី​គាំទ្រ​ការអះអាង​អំពី​ករណី​ឃាតកម្ម​ទេ​។ ទោះយ៉ាងណា នេះ​មិនដែល​បាន​បំបិទមាត់​ពួក​អ្នក​សង្ស័យ​អំពី​រឿង​លាក់កំបាំង​នោះឡើយ ដែល​នៅតែ​បន្ត​ចោទប្រកាន់ថា​មរណភាព​របស់​ម៉ុ​ន​រ៉ូ​អាច​ជាប់ទាក់ទង​នឹង​រឿងរ៉ាវ​របស់​នាង​ជាមួយ​លោ​កច​ន អេ​ហ្វ​កេ​ណ្ណី​ឌី និង បងប្រុស​របស់គាត់​ឈ្មោះ រ៉ូបឺត កេ​ណ្ណី​ឌី​៕ ដោយ៖ កញ្ញាដាលីស