ករណី​ហេ​ក​ហ្វេ​ស​ប៊ុ​ក​សម្តេច​ហ៊ុនសែនៈ ប៉ូលិស​មាន​តម្រុយ​ខ្លះ​ហើយ​និង​រៀបចំ​នីតិវិធី​បញ្ជូនទៅ​តុលាការ

499

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ សមត្ថកិច្ច​មាន​តម្រុយ​ខ្លះ​ហើយ​ពាក់ព័ន្ធ​ករណី​អ្នក​ហេ​ក​(Hack)​ទំព័រ​ហ្វេ​ស​ប៊ុ​ក​សម្តេច​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​កម្ពុជា​យកទៅ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ដែលថា​គណបក្ស​ប្រជាជន​កម្ពុជា​ចែករំលែក​អាសនៈ​បួន​ទៅ​ឲ្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ កាលពី​ព្រឹក​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៨​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បាន​ប្រាប់​រស្មី​កម្ពុជា នៅ​ល្ងាច​ថ្ងៃទី​១០ ខែសីហា នេះ​ថា សមត្ថកិច្ច​ជំនាញ​មាន​តម្រុយ​ខ្លះ​ហើយ ពាក់ព័ន្ធ​អ្នក​ហេ​ក​ហ្វេ​ស​ប៊ុ​ក​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ។​សមត្ថកិច្ច​កំពុងតែ​បន្តធ្វើ​ការស្រាវជ្រាវ និង​រៀបចំ​នីតិវិធី​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​។

​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បាន​បញ្ជាក់ថា​“​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេចនាយករ​ដ្ឋ​មន្ត្រី​វា​(Hacker)​គ្រប់គ្រង​បាន​ប្រមាណ​ជិត​២​ម៉ោង​ដែរ ហើយ​ព័ត៌មាន​ដែល​វា​ផ្សព្វផ្សាយ​តាម​ហ្វេ​ស​ប៊ុ​ក​នឹង​ជា​ព័ត៌មាន​ក្លែងក្លាយ ធ្វើ​ឲ្យ​មានការ​ភ័ន្តច្រឡំ​ដល់​ការងារ​បោះឆ្នោត និង​ធ្វើ​ឲ្យ​វឹកវរ​ដល់​សង្គមជាតិ​ពិសេស​គឺអាច​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​របស់​យើង​។​យើង​មាន​តម្រុយ​មួយចំនួន​ដែរ​។​សមត្ថកិច្ច​កំពុងតែ​បន្តទៀត ដើម្បីរ​រៀប​ចំន​ទិ​វិធី​បែបបទ​ទៅ​តុលាការ​”​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជា ពៅ ប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នៃ​អគ្គស្នងការ​នគរបាល​ជាតិ បាន​ថ្លែង​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​១០ ខែសីហា នេះ​ថា ចំពោះ​ករណី​ហេ​ក​ទំព័រ​ហ្វេ​ស​ប៊ុ​ក​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន សមត្ថកិច្ច​ជំនាញ​កំពុងតែ​ស្រាវជ្រាវ និង​ចាត់ចែង​ការងារ​នេះ​។ ប៉ុន្តែ​ចំពោះ​លទ្ធផល​យ៉ាងណា​នៅ លោក​នៅ​មិនទាន់​អាច​បញ្ជាក់​បានទេ ពីព្រោះ​វា​ប៉ះពាល់​ដល់​ដំណើរការ​ស្រាវជ្រាវ​រប​ស់​សមត្ថកិច្ច​។​

​សូមជម្រាបថា កាលពី​ព្រឹក​មិញ ជនអនាមិក​ដែល​បាន Hack ទំព័រ​ហ្វេ​ស​ប៊ុ​ក​សម្តេច ហ៊ុន សែន បាន​បង្ហោះ​អំពី​ការចែក​អាសនៈ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ឱ្យទៅ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស​សម្ព័ន្ធ​ប្រជាធិប​តេយ្យ​។ បើតាម​ការសង្កេត អត្ថបទ រូបភាព និង​វីដេអូ ដែល​ទំព័រ​ហ្វេ​ស​ប៊ុ​ក​នេះ បាន​បង្ហោះ​នាពេល​កន្លងមក​នោះ ត្រូវបាន​លុបចោល​អស់យ៉ាង​ច្រើន​៕​សរន​

នាយ​ឧ​ត្ត​ម​សេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​