ករណី Huawei ៖ អាមេរិក​ហាក់​ដឹងខ្លួន​ថា ចិន​កំពុង​នាំ​មុខការ​ប្រជែង​ផ្នែក​បច្ចេកវិជ្ជា​

459
ចែករម្លែក
  • 270
    Shares

​រដ្ឋមន្ត្រីការបរទេស​ចិន​លោក​វ៉ាង យី​បាន​និយាយថា​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នឹង​ចាត់វិធានការ​ចាំបាច់​ដើម្បី​ការពារ​សិទ្ធិ​និង​ផលប្រយោជន៍​របស់​ក្រុមហ៊ុន​ចិន​។ ទីភ្នាក់ងារសារព័ត៌មាន​រុស្ស៊ី Sputnik បាន​និយាយ​អំពី​បណ្តឹង​របស់​ក្រុមហ៊ុន Huawei ប្រឆាំងនឹង​រដ្ឋាភិបាល​អាមេរិក​ជាមួយនឹង​លោក​អ៊ែន​ឌ្រូ លឿង (Andrew Leung) អ្នក​យុទ្ធសាស្ត្រ​ចិន​ឯករាជ្យ​ដែលមាន​មូលដ្ឋាន​នៅ​ហុងកុង​។​

Sputnik ៖ រឿងរ៉ាវ​នេះ​បាន​បន្ត​អស់​រយៈពេល​ពីរ​បី​ខែ​មកហើយ ចាប់តាំងពី​ការចាប់ខ្លួន​មន្ត្រី​ហិរញ្ញវត្ថុ​របស់ Huawei នៅ​កាណាដា​។ តើ​លោក​យល់​យ៉ាងម៉េច​ដែរ​អំពី​យុទ្ធនា​ការដឹកនាំ​ដោយ​អាមេរិក​ប្រឆាំងនឹង​ក្រុមហ៊ុន Huawei? តើ​ការចោទប្រកាន់​ពីបទ​ចារកម្ម​និង​មាន​ទំនាក់ទំនង​ជាមួយ​បក្ស​កុម្មុយនីស្ត​ត្រូវបាន​រកឃើញ​ហើយ​ឬទេ​? មិត្ត​រួម​ការងារ​របស់ខ្ញុំ​បាន​អាន​ហើយ​ដឹងថា​វា​គឺជា​ការបង្ក្រាប​ខាង​នយោបាយ តើ​វា​លើសពី​នយោបាយ​ទៀត​មែន​ទេ​? តើ​វា​ជាការ​បង្ក្រាប​ខាង​សេដ្ឋកិច្ច​ផងដែរ​មែន​ទេ​?

​អ៊ែន​ឌ្រូ លឿង ៖ ខ្ញុំ​គិតថា​បញ្ហា​ទាំងមូល​គួរតែ​ត្រូវ​បានដាក់​នៅក្នុង​បរិបទ​នៃ​ការ​រុញច្រាន ៣៦០ ដឺ​ក្រេ​ប្រឆាំងនឹង​ប្រទេស​ចិន​លើ​គ្រប់ផ្នែក​ទាំងអស់​។ អ្នកមាន​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​កំពុង​បន្ត​ហើយ​ឥឡូវនេះ​ករណី​ក្រុមហ៊ុន Huawei គឺជា​ផ្នែក​មួយ​នៃ​សង្គ្រាម​បច្ចេកវិជ្ជា​រវាង​ប្រទេស​ទាំងពីរ ហើយ​បន្ទាប់មក​អ្នកមាន​ការប្រឈមមុខ​ដាក់គ្នា​ផ្នែក​យោធា​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង និង​អ្វីដែល​គេ​ហៅថា​សេរីភាព​នៃ​ការធ្វើ​នាវាចរណ៍​, អ្នក​មានការ​ផ្គត់​ផ្គង​អាវុធ​ជា​បន្ត​ឱ្យទៅ​តៃវ៉ាន់ ហើយក៏​កំពុង​បង្ហាញ​ឬ​ផ្តោតលើ​ការរំលោភ​សិ​ទិ្ធ​មនុស្ស​ដែរ​។ ឧទាហរណ៍​ជាក់ស្តែង នៅក្នុង​ប្រទេស​ចិន គឺ​ជនជាតិដើម​ភាគតិច​អ៊ុយ​ហ្គួ​រ​នៅ​ខេត្ត​ស៊ី​ង​ជាំ​ង​។ ហើយ​បន្ទាប់មក អ្នក​អាច​មើលឃើញថា​នៅ​ផ្នែក​ការទូត សហរដ្ឋអាមេរិក​កំពុង​បង្កើត​សម្ព័ន្ធភាព​កាន់តែ​ជិតស្និទ្ធ​ជាមួយ​ប្រទេស​ជាច្រើន និង​បង្កើន​យុទ្ធសាស្ត្រ​ទប់ទល់​នៅ​គ្រប់ផ្នែក​ទាំងអស់​។ ដូច្នេះ​ខ្ញុំ​គិតថា​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ដឹង​ច្បាស់​ណាស់​អំពី​រឿងនេះ​។​

​ទាក់ទិន​នឹង​ក្រុមហ៊ុន Huawei ពិតណាស់ ក្រុមហ៊ុន Huawei គឺជា​មោទនភាព​នៃ​ដំណើរការ​ជឿនលឿន​ខាង​បច្ចេកវិជ្ជា​របស់​ចិន​។ ដោយ​កុំ​គិតពី​ប្រភពដើម​របស់​វា ក្រុមហ៊ុន Huawei គឺជា​ក្រុមហ៊ុន​ពិសេស​មួយ ពីព្រោះ​ប្រសិនបើ​អ្នកមើល​ជុំវិញ​ពិភពលោក ពួកគេ​គឺ​មកពី​វិស័យ​ឬ​ជំនាញ​ផ្សេងៗ​គ្នា ប៉ុន្តែ​ក្រៅពី​ប្រភពដើម​នៃ​ស្ថាបនិក​ក្រុមហ៊ុន Huawei ក្រុមហ៊ុន​នេះ​ស្ទើរតែ​គ្រប់គ្រង​ដោយ​បុគ្គលិក​ទាំងអស់​។ ខ្ញុំ​មានន័យថា​ជាង ៩៨% នៃ​ភាគហ៊ុន​ត្រូវបាន​គ្រប់គ្រង​ដោយ​បុគ្គលិក​របស់​ក្រុមហ៊ុន Huawei ។ ហើយ​ទី​ពីរ ក្រុមហ៊ុន Huawei មាន​បុគ្គលិក​ទូទាំង​ពិភពលោក​ចំនួន​ដល់​ទៅ ១៧០.០០០ នាក់​។ ៤៥% នៃ​បុគ្គលិក​សរុប​បាន​ចូលរួម​នៅក្នុង​ការស្រាវជ្រាវ​និង​ការអភិវឌ្ឍ ដូច្នេះ​វា​គឺជា​ក្រុមហ៊ុន​បច្ចេកវិជ្ជា​ខ្ពស់​តាំងពី​ចាប់ផ្តើម​បង្កើត​ដំបូង​មកម្ល៉េះ​។​

​ក្នុង​រយៈពេល​ពីរ​ទស​វត្សរ៍​កន្លងមកនេះ ក្រុមហ៊ុន Huawei បានធ្វើការ​យ៉ាង​ស្ងៀមស្ងាត់​និង​ទទួលបាន​ការទុកចិត្ត​ពី​សំណាក់​អតិថិជន​ទូទាំង​ពិភពលោក ដូច្នេះ​នៅពេលនេះ​ក្រុមហ៊ុន​បាន​ជ្រៀតចូល​ទីផ្សារ​បច្ចេកវិជ្ជា​ខ្ពស់​នៅក្នុង​ប្រទេស​ចំនួន ១៦០ ទូទាំង​ពិភពលោក ហើយ​វា​ជា​សមិទ្ធផល​ដ៏​គួរឱ្យកត់សម្គាល់ ដោយសារតែ​ប្រទេស​ទាំងអស់​មិនចាំបាច់​ត្រូវ​ទិញ​ផលិតផល​របស់​ក្រុមហ៊ុន Huawei ទេ ព្រោះ​មាន​ជម្រើស​ទូរស័ព្ទ​ក្រុមហ៊ុន​ផ្សេង​ជាច្រើន​ទៀត​។ ប៉ុន្តែ​នៅពេល​និយាយ​ដល់​ប្រព័ន្ធ 5G ក្រុមហ៊ុន Huawei ឥឡូវនេះ​កំពុង​នាំមុខគេ​នៅលើ​ពិភពលោក ដោយ​នាំមុខ​សូម្បី​សហរដ្ឋអាមេរិក​។ សហរដ្ឋអាមេរិក​មិន​ផលិត​ហេដ្ឋារចនាសម្ព័ន្ធ 5G ទេ ហើយ​ផលិតផល​និង​សេវាកម្ម​តិចតួច​ណាស់​ត្រូវ​បាន​ផលិត​ដោយ​ក្រុមហ៊ុន​អាមេរិក​។ គូប្រជែង​កៀក​បំផុត​របស់​ក្រុមហ៊ុន Huawei គឺ​ក្រុមហ៊ុន​អឺរ៉ុប Ericsson និង Nokia ។ ប៉ុន្តែ​ទោះបីជា​ក្រុមហ៊ុន Ericsson និង Nokia គឺ​នៅ​ចាញ់​ក្រុមហ៊ុន Huawei ឆ្ងាយ​ខ្លាំងណាស់ បើ​និយាយ​ទាក់ទង​នឹង​ភាពទំនើប​ខាង​បច្ចេកវិជ្ជា​ក៏ដូចជា​ការបង្កើត​ហេដ្ឋារចនាសម្ព័ន្ធ​បច្ចេកវិជ្ជា​ថ្មី​។​

​ដូច្នេះ​ខ្ញុំ​គិតថា អាមេរិក​ទើបតែ​ដឹងខ្លួន​ថា​ប្រទេស​ចិន​កំពុង​នាំមុខ​លើ​ការប្រកួតប្រជែង ហើយ​នេះ​គឺជា​ផ្នែក​មួយ​នៃ​ការគំរាមកំហែង​ជា​សកល​របស់​ចិន​មកលើ​ការត្រួតត្រា​របស់​អាមេរិក​នៅលើ​ពិភពលោក ដែល​គេ​ហៅថា Pax Americana ដែល​កំណត់​សណ្តាប់ធ្នាប់​ពិភពលោក​ចាប់តាំងពី​សង្គ្រាមលោកលើកទី ២ ហើយ​វា​ហាក់បីដូចជា​កំពុង​ឈានដល់​ទីបញ្ចប់​ហើយ​។ រឿងនេះ​បាន​បង្ក​ការព្រួយបារម្ភ​ដល់​ពួក​អ្នក​យុទ្ធសាស្ត្រ​អាមេរិក​ជាច្រើនរូប​ហើយ​ការព្រួយបារម្ភ​នេះ​គឺជា​របស់​បក្ស​ទាំងពីរ ដូច្នេះ​អ្នក​មិនអាច​បន្ទោស​វា​ទាំងស្រុង​ទៅលើ​រដ្ឋបាល​ត្រាំ​ឡើយ​។ មាន​អ្នក​គិត​មាន​អ្នកផ្តល់​ព័ត៌មាន​និង​មាន​មនុ​ស្សមាន​ឥទ្ធិពល​ច្រើនណាស់​នៅ​បក្ស​ទាំងពីរ​នៅ​សហរដ្ឋអាមេរិក​។​

​ជាការ​ពិត សព្វថ្ងៃនេះ​ការអនុវត្ត​ពាណិជ្ជកម្ម​របស់​ចិន​ក៏​បណ្តាលឱ្យមាន​បញ្ហា​ជាច្រើន​ផ្សេងទៀត​ដែរ​។ Huawei ត្រូវគេ​យល់ថា​ជា​ក្រុមហ៊ុន​ត​ពូជ​ត្រកូល ហើយ​គេ​យល់ថា​ក្រុមហ៊ុន​នេះ​ទទួលបាន​ការឧបត្ថម្ភ​ជាច្រើន​ពីរ​ដ្ឋ ទិញយក​បច្ចេកវិជ្ជា​ពី​គេ កាង​យក​ទីផ្សារ ហើយ​គេ​យល់ថា​ប្រទេស​ចិន​កំពុង​បង្ខំ​ឱ្យ​វិនិយោគិន​នៅក្នុង​ប្រទេស​ចិន​ចែករំលែក​បច្ចេកវិជ្ជា​ឬ​ផ្ទេរ​បច្ចេកវិជ្ជា ហើយក៏​មានការ​ចោទប្រកាន់​ថា​លួច​កម្មសិទ្ធិបញ្ញា​ផងដែរ​។ ដូច្នេះ​ទាំងអស់នេះ​បាន​បន្ថែម​ការ​ប្រជែង​កាន់តែខ្លាំង​ឡើង ហើយ​និយាយ​អំពី​ក្រុមហ៊ុន Huawei ឥឡូវ​ក្រុមហ៊ុន​នេះ​កំពុង​នាំមុខ​ខាង​បច្ចេក​វិ​ជ្ចា​ខ្ពស់ 5G ដូចដែល​ខ្ញុំ​បាន​និយាយ​ចឹ​ង គឺ​វា​ជាការ​គំរាមកំហែង​ដល់​ការត្រួតត្រា​របស់​អាមេរិក​លើ​ពិភពលោក​។​

​ឥឡូវ នៅពេល​ចិន​ត្រូវបាន​គេ​ជួយ​ជា​លើកដំបូង​ឱ្យចូល​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) នៅក្នុង​សណ្តាប់ធ្នាប់​សេដ្ឋកិច្ច​សេរី​អន្តរជាតិ ក្តីសង្ឃឹម​គឺថា​ប្រទេស​ចិន​នឹង​កាន់តែ​ដូច​សហរដ្ឋអាមេរិក ដោយ​ក្លាយជា​ប្រទេស​សេរីនិយម ប្រសិនបើ​មិនមែន​ទៅជា​ប្រជាធិបតេយ្យ​ទាំងស្រុង ដោយ​បើកចំហ​សេដ្ឋកិច្ច​របស់ខ្លួន យ៉ាងហោចណាស់​ក៏​ក្នុងនាម​ជា​សមាជិក​នៃ​សណ្តាប់ធ្នាប់​អន្តរជាតិ ដែល​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​ដែរ​។ នៅ​គ្រានោះ​ប្រទេស​ចិន​កំពុង​ផលិត​ស្បែកជើង Nike អាវយឺត​និង​សម្ភារៈ​ស្រដៀងៗ​គ្នា​ជាច្រើន​នៅ​តម្លៃ​ទាប​។ វា​មិនបាន​គំរាមកំហែង​ដល់​អាមេរិក​សូម្បីតែ​បន្តិច ហើយ​ផ្ទុយ​មកវិញ ផលិតផល​ទាំងអស់នេះ​ភាគច្រើន​គឺ​ប​ញ្ចូ​ន​យកទៅលក់​នៅ​សហរដ្ឋអាមេរិក ប៉ុន្តែ​បច្ចុប្បន្ននេះ​ប្រទេស​ចិន​ត្រូវបាន​គេ​យល់ថា​កំពុង​លួច​ស៊ី​បាយ​របស់​អាមេរិក ដូច្នេះ​រឿងរ៉ាវ​របស់​ក្រុមហ៊ុន Huawei ក៏​ត្រូវតែ​យល់ឃើញ​នៅក្នុង​បរិបទ​នេះ​ផងដែរ​៕ ដោយ៖ កញ្ញាដាលីស