កវី​ថ្ងួចថ្ងូរ​រឿង​អាជីព​តែង​និពន្ធ​មិនអាច​ចិញ្ចឹម​ក្រពះរស់​

401

​អ្នកនិពន្ធ​គឺជា​អ្នក​បបោសអង្អែល​អារម្មណ៍​មនុស្ស​ទូទៅ​តាមរយៈ​ស្នាដៃ​របស់​ពួកគេ មាន​កំណាព្យ រឿង​ខ្លី ប្រលោមលោក បទ​ចម្រៀង ភាពយន្ត ជាដើម​។ ប៉ុន្តែ​បច្ចុប្បន្ន​អាជីព​តែង​និពន្ធ​មិនទាន់​អាច​ឈរលើ​គោលការណ៍​មួយ​ដែល​ធ្វើ​ឲ្យ​រស់នៅក្នុង​ជីវភាព​ធូរធារ​បាន ហើយ​ពេលខ្លះ​ចិញ្ចឹម​ក្រពះ​មិន​រស់​ផង ព្រោះ​ចំណូល​នៃ​ការ​តែង​និពន្ធ​នៅមាន​តម្លៃ​ទាប​នៅឡើយ​។​

​អ្នកនិពន្ធ​ជើងចាស់​មួយរូប លោក ទឹម ម៉ា​នី ដែល​បាន​តស៊ូ​ក្នុង​អាជីព​ជា​ស្មេរ​ច្រើន​ឆ្នាំ និង​ឆ្លងកាត់​ឧបសគ្គ​រាប់មិនអស់​ដើម្បី​បន្ត​កាន់​ស្លាបប៉ាកកា ឲ្យ​ដឹងថា អ្នក​ដែល​ចង់យក​អាជីព​ជា​អ្នកសរសេរ​ធ្វើជា​អ្នក​មានបាន ប្រហែលជា​មិនអាច​ទៅរួច​ទេ ប៉ុន្តែ​បើ​ធ្វើ​ព្រោះ​ក្តី​ស្រឡាញ់​ដើម្បី​បន្តការងារ​មួយ​នេះ​គឺអាច​ធ្វើបាន​។​

​សម្រាប់​លោក​ជា​អ្នកនិពន្ធ​មាន​ភាពល្បីល្បាញ​តាំងពី​ឆ្នាំ ១៩៨២ មក បានបញ្ជាក់​ពី​តម្លៃ នៃ​ការសរសេរ​រឿង​ភាគ​ទូរទស្សន៍​ថា ក្នុង​មួយ​រឿង​ដែលមាន​៤០​ភាគ ក្នុង​មួយ​ភាគ​លោក​ទទួលបាន​ចំណូល ២០០​ដុល្លារ ប៉ុន្តែ​រឿង​មិនមាន​ផលិតករ​ហ៊ាន​ទិញ​ច្រើន​ទេ​ព្រោះ គេ​គិតថា​មានតម្លៃ​ថ្លៃ​។ លោក​ទឹម ម៉ា​នីថា «​លោកគ្រូ​គ្រាន់តែ​ចង់​និយាយប្រាប់​កូន​ថា ការសរសេរ​គ្រាន់តែ​ជាការ​ចូលរួមចំណែក​ថែរក្សា​វប្បធម៌ អក្សរសាស្ត្រ​ខ្មែរ ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​បាន​ស្គាល់​ពី​ការសរសេរ បែបបទ ឃ្លោងឃ្លា​ខ្មែរ​។ អ្នកនិពន្ធ​មិនអាច​ក្លាយជា​អ្នកមាន​អ្នក​បានទេ គឺ​បានត្រឹមតែ​រស់​កំដរ​ក្ដី​ស្រលាញ់ ដូច​ខ្ញុំ​អញ្ចឹង​បើ​គ្មាន​ការងារ​ជា​មន្ត្រី​ក្នុង​ក្រសួង​ទេ ក៏​មិនអាចរ​ស់នឹង​អាជីព​ជា​អ្នកនិពន្ធ​នេះដែរ​។​»

​អ្នកនិពន្ធ​មួយ​រួប​ទៀត សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់ថា រឿង​មួយចំនួន​ដែល​នាង​ស៊ីឈ្នួល​និពន្ធ​តាម​ភាគ គឺ​មួយ​ភាគ​នាង​ទទួលបាន​ចំណូល​ត្រឹម​ជាង​៥០​ដុល្លារ​ប៉ុណ្ណោះ​។ យុវតី​ស្រលាញ់​ការសរសេរ​រូបនេះ បន្តថា​តម្លៃ​នេះ​នាង​ត្រូវ​ចូលរួម​ទាំង​កាត់​ឆ្អឹង​រឿង និង​បង្កើត​សាច់រឿង​ផង​។​

​នាង​បន្តថា មិនអាច​សង្ឃឹមលើ​អាជីព​នេះ​ដើម្បី​ទ្រទ្រង់​គ្រួសារ​របស់​នាង​បានឡើយ ដូចនេះ​នាង​ត្រូវធ្វើ​ការងារ​ផ្សេងទៀត​ដើម្បី​ជីវភាព​។ កវី​ស្រី​បន្តថា​« ខ្ញុំ​ស្រលាញ់​ការសរសេរ ហើយ​ខ្ញុំ​បាន​ព្យាយាម​ជាមួយ​អាជីព​នេះ​ជាច្រើន​ឆ្នាំ​ហើយ តែ​មិនអាច​ហូប​គ្រាន់​»​។​

​ជុំវិញ​បញ្ហា​អ្នកនិពន្ធ​នេះ​ប្រធាន​សមាគម​អ្នកនិពន្ធ​ខ្មែរ​អាណត្តិ​ទី​១០ ឯកឧត្ដម ព្រឿង ប្រណីត បាន​មានប្រសាសន៍ថា បច្ចុប្បន្ន​មាន​អ្នកនិពន្ធ​ជើងចាស់​មួយចំនួន​លោក​កំពុង​រក្សា​ជីវភាព ធ្វើ​យ៉ាង​ឲ្យ​រស់ក្នុង​ជីវភាព​មួយ​សមរម្យ​។​

​ទោះជា​យ៉ាងណា ឯកឧត្ដម​ទទួលស្គាល់ថា​អ្នកនិពន្ធ​ខ្មែរ​មួយចំនួន បើ​ចង់យក​អាជីព​នេះ​ធ្វើជា​របរ​ចិញ្ចឹមជីវិត​វា​មិនទាន់​ទៅរួច​ទេ ប៉ុន្តែ​ឯកឧត្ដម​លើកទឹកចិត្ត​ថា អ្នកនិពន្ធ​គួរតែ​ពង្រឹងសមត្ថភាព​ខ្លួន​ឲ្យ​ខ្លាំង ដើម្បី​គុណភាព​ស្នាដៃ​ខ្លួន​សិន​។​

​ឯកឧត្ដម ព្រឿង ប្រណីត ប្រធាន​សមាគម​អ្នកនិពន្ធ​ខ្មែរ (​រូប​ស្តាំ​ដៃ​) រូបភាព​៖ RChanbopha ថតរូប​

«​និយាយ​ទៅ​សម្រាប់​គំនិត​ខ្ញុំ ការសរសេរ​គឺជា​ការ​កំដរ​អារម្មណ៍ ឲ្យ​យក​អាជីព​នេះ​ចិញ្ចឹមជីវិត​វា​ទៅ​មិន​រួច​ទេ​។ ប៉ុន្តែ​អ្នកនិពន្ធ​ត្រូវ​ដឹងថា​ហេតុអ្វី​បានជា​គេ​មិន​ឲ្យ​តម្លៃ​ស្នាដៃ​យើង​ខ្ពស់ គឺ​យើង​ត្រូវ​មើលទៅ​លើទឹក​ដៃ​យើង​សិន​។​ឥឡូវ​វា​រាង​ប្រសើរ​ជាង​មុន អ្នកនិពន្ធ​ពេលដែល​បោះពុម្ពផ្សាយ​ស្នាដៃ​ទៅ​មាន​អ្នកគាំទ្រ​ច្រើន​»​។ ឯកឧត្ដម ព្រឿង ប្រណិត បញ្ជាក់​។​

​តាម​ការសង្កេត​មួយរយៈ​ចុងក្រោយ​នេះ អ្នកនិពន្ធ​ហាក់​មាន​ទីផ្សារ​ជាមុន​ដោយមាន​ការបោះពុម្ពផ្សាយ​ស្នាដៃ​ជាច្រើន ឯ​ស្នាដៃ​ប្រលោមលោក​ក៏បាន​ប្រែក្លាយជា​ភាពយន្ត​ផងដែរ​។ ម្យ៉ាងវិញទៀត​យុទ្ធនាកា​រ​ចាក់​បញ្ចាំងភាពយន្ត​ខ្មែរ​នៅតាម​កញ្ចក់​ទូរទស្សន៍​ក្នុង​ម៉ោង​មាស ក៏​អំណោយផល​ដល់​អាជីព​តែង​និពន្ធ​ដែរ ទោះជា​យ៉ាងណា​ក៏​មិនមាន​ចំនួន​ច្រើន​នៅឡើយ​ទេ​៕​អត្ថ​ប​ទៈ ស្រីអូន​/sn