ដោយ៖ រ៉ូហ្សា /
ភ្នំពេញ៖ សហព័ន្ធខ្មែរកីឡាហែលទឹក បានសម្រេចចិត្ត កសាងអាងហែលទឹកមួយ នៅខេត្តបាត់ដំបង ដែលនឹងត្រូវចំណាយថវិកា អស់ចំនួនប្រមាណ ២ លានដុល្លារអាម៉េរិក ។ អាងហែលទឹកនេះ នឹងធ្វើនៅក្នុងបរិវេណសាកលវិទ្យាល័យ បាត់ដំបង ដោយសាងសង់លើទំហំផ្ទៃដី ១១២ ម៉ែត្រគុណ៦៥ម៉ែត្រ ដោយយកគម្រូ តាមមជ្ឈមណ្ឌលហែលទឹកតេជោសែន ខេត្តកំពង់ចាម ។
លោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹក បានឲ្យដឹងថា អាងសម្រាប់ប្រកួត មានទំហំ ២៥ ម៉ែត្រ គុណ ៥០ ម៉ែត្រ និងជម្រៅ ២ ម៉ែត្រ ។ អាងលោតទឹក ទំហំ ២០ម៉ែត្រ គុណ ២៥ម៉ែត្រ ជម្រៅ ៤,៥ម៉ែត្រ ។ ប៉មលោតទឹកកំពស់ ១០ម៉ែត្រ ចែកជាថ្នាក់លោតកំពស់ ៣, ៥ម៉ែត្រ, ៧ម៉ែត្រ និង១០ម៉ែត្រ ។ អាងទាំងបី និងប៉មលោតទឹក ត្រូវសាងសង់ នៅលើខឿនទំហំ ៤០ម៉ែត្រ គុណ ១១២ម៉ែត្រខ្ពស់ជាងដីកំណើត១,៥ម៉ែត្រ ។
អាងទឹកក្នុងដី សម្រាប់រក្សាតុល្យភាពទឹកអាង ទាំងបី ទំហំ ១០ម៉ែត្រ គុណ ១៥ម៉ែត្រ ជម្រៅ២,៥ម៉ែត្រ ។ កន្លែងអង្គុយទស្សនា ទំហំ ៧ម៉ែត្រ គុណ ៨៣ម៉ែត្រ ចំណុះ៤០០នាក់ ក្នុងនោះសម្រាប់គណៈអធិបតី ចំនួន ៥០នាក់ ។ បន្ទប់ម៉ាស៊ីនចម្រោះ ទំហំ ៧ម៉ែត្រ គុណ ១៣ម៉ែត្របន្ទប់ឃ្លាំងទំហំ ៧ម៉ែត្រ គុណ ១០ម៉ែត្រ បន្ទប់ផ្លាស់សំលៀកបំពាក់ ទំហំ ៤ម៉ែត្រ គុណ ៧ម៉ែត្រ ចំនួន ៣ បន្ទប់។បន្ទប់ទឹកកីឡាករ ២បន្ទប់ កីឡាការីនី ២បន្ទប់។ បន្ទប់ទឹកសាធារណៈ ២កន្លែង បុរស៦បន្ទប់ នារី៦បន្ទប់ ជនពិការ១បន្ទប់ទីធ្លាចំណតរថយន្ត និងទោចក្រយានយន្ត ៧០០ ម៉ែត្រការេ។
អគារពហុប្រើប្រាស់ទំហំ ៧ម៉ែត្រ គុណ ៣៥ម៉ែត្រ ពីរជាន់ ចែកជាបន្ទប់ពិសេសគណៈ អធិបតី ទំហំ ៧ម៉ែត្រ គុណ ១០ម៉ែត្រ។ បន្ទប់ពហុប្រើប្រាស់ ទំហំ ៧ម៉ែត្រ គុណ ១៥ម៉ែត្របន្ទប់បញ្ជាការប្រកួតទំហំ ៣ម៉ែត្រ គុណ ៥ម៉ែត្រ ។ បន្ទប់ឃ្លាំងជាន់ទី១ទំហំ ៤ម៉ែត្រគុណ ៥ម៉ែត្របន្ទប់សង្គ្រោះបន្ទាន់ទំហំ ៤ម៉ែត្រគុណ ៥ម៉ែត្រ ។ បន្ទប់អាជ្ញាកណ្តាល ទំហំ៤ម៉ែត្រគុណ ៥ម៉ែត្រ កន្លែងសំរាករយៈពេលខ្លី ក្នុងពេលប្រកួតទំហំ ៤ម៉ែត្រ គុណ ២៤ ម៉ែត្រ។ បន្ទប់ស្នាក់នៅ សម្រាប់កីឡាករ ទាំងពីរភេទ ចំនួន ៩ ទំហំ ៣,៥ម៉ែត្រ គុណ ១៦ម៉ែត្រ បន្ទប់បរិភោគ និងចង្ក្រាន ទំហំ ៥ម៉ែត្រ គុណ ៨ម៉ែត្រ និងសាងសង់រយៈពេល
២៤ខែ។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួម ក្នុងពិធីបញ្ចុះសីមា សាងសង់ នាថ្ងៃទី១៤ សីហា នេះ ៕v