កសិករដាំពោតសប្បាយចិត្តនៅពេលតម្លៃ​ពោត​ឡើងថ្លៃ​វិញ​

1697
ចែករម្លែក
  • 2K
    Shares

(ភ្នំពេញ)៖ លោក​ប៉ាន់ សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​បញ្ជាក់ថា ទាក់ទង​តម្លៃ​កសិផល​ធ្លាក់​ថ្លៃ គឺ​ខាង​ក្រសួង​ដោះស្រាយបាន​ច្រើន និង​ជម្រុញ​ការទម្លាក់​ពន្ធ​អត់​យក​កម្រៃ​នៅតាម​ព្រំដែន និង​ជម្រុញ​ឲ្យ​មានការ​ទំនាក់ទំនង​ច្រើន​ជាមួយ​ធនាគារ​អភិវឌ្ឍន៍ជនបទ ធ្វើ​ការងារ​ជាមួយ​ប្រជាកសិករ ដើម្បី​ខ្ចីលុយ​យកមក​លក់ ទិញកសិផលនិង​ស្តុក​ផលិត​។ ការបញ្ជាក់​ដូច្នេះរបស់​រដ្ឋ​មន្ត្រី​ក្រសួងពាណិជ្ជកម្ម នៅក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់​គ្នា​រវាង​ក្រុមហ៊ុនEmart របស់​កូរ៉េ ជាមួយ​ក្រុមហ៊ុន Royal Group កាលពី​រសៀល​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៧ នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា​។​

លោក​ប៉ាន់ សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម

​ពោត​បានចាប់ផ្ដើម​ធ្លាក់​ថ្លៃ​បន្ទាប់ពី​ថៃ​បាន​រឹតបន្តឹង​មិន​ឲ្យ​នាំចូល​ដើម្បី​រក្សា​តម្លៃ​ពោត​ក្នុងស្រុក​របស់គេ ជាហេតុ​ធ្វើ​ឲ្យ​កសិករ​ជាច្រើន​កើតក្ដី​កង្វល់​។ កង្វះ​ឃ្លាំង​ស្តុកនិង​ឡស​ម្ងួ​ត ជា​កត្តា​មួយ​ដែល​តម្លា​ក់ត​ម្លៃ​ពោត​។ ទិន្នផល​ពោត​នៅ​ខេត្ត​ផលិត​ពោត​សំខាន់​ទាំងបី គឺ ខេត្តបាត់ដំបង ប៉ៃលិន និង​ខេត្តបន្ទាយមានជ័យ មាន​ចំនួន​សរុប​ប្រមាណ១​លាន​តោន ដែល​នាំ​ចេញទៅ​ក្រៅប្រទេស​ជាង១០​ម៉ឺន​តោន​។

​រដ្ឋមន្ត្រី​ក​ក្រសួងពាណិជ្ជកម្ម បាន​បញ្ជាក់ថា “​ឥឡូវនេះ​ពោត​ឡើងថ្លៃ​វិញ​ហើយ កសិករ​គាត់​សប្បាយចិត្ត​ណាស់ ដោយសារ​មាន​សកម្មភាព​របស់​យើង​ភ្លាម ទប់​ទល់នឹង​បញ្ហា​ដែល​ធ្លាក់​ថ្លៃ​មួយ​ភ្លែ​ត ឥឡូវ​ឡើងវិញ និង​ឡើង​បាន​ច្រើន​។ ដូច្នេះ​ជា​រឿង​មួយ​ដែល​ល្អ ហើយ​បញ្ហា​ពោត​អត់​មាន​ទៀត​ទេ បញ្ហា​នឹង​គឺ​បាន​ដោះស្រាយ​ហើយ​។ ប៉ុន្តែ​ជា​លំ​ហាត់​របស់​យើង​ដើម្បី​ត្រៀម​ទៅ​ថ្ងៃក្រោយ​តទៅទៀត ដែល​យើង​ត្រូវបាន​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត ដូចជា​ឡស​ម្ងួ​ត និង​ផ្លូវ​ដឹកនាំ​ផ្សេងៗ ធ្វើ​ម៉េច​ត្រៀមចាំ​កុំ​ឲ្យ​មាន​បញ្ហា​នេះ​កើតឡើង​តទៅទៀត​”​។​

​រាជរដ្ឋាភិបាល​គ្រោង​ទម្លាក់​កញ្ចប់​ថវិកា​ពិសេស​ដែលមាន​ទំហំ​ដល់ ៥០​លាន​ដុល្លារ សម្រាប់​ផ្ដល់​ឥណទាន​ដល់​វិស័យ​ឯកជន ដើម្បី​ប្រមូល​ទិញ​ពោត និង​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ពាក់ព័ន្ធ​។

​លោក កៅ ថាច អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍ជនបទ​បាន​ថ្លែងប្រាប់​អ្នកកាសែត​នៅក្រោយ​កិច្ចប្រជុំ​ដោះស្រាយ​បញ្ហា​ទីផ្សារ​ផលិតផល​ពោត កាលពី​ថ្ងៃទី​១៧ ខែកក្កដា ថា រដ្ឋាភិបាល​បង្វែរ​កញ្ចប់​ថវិកា​សង្គ្រោះ​វិស័យ​ស្រូវ​អង្ករ​ចំនួន ២៧​លាន​ដុល្លា ទៅជា​ថវិកា​សម្រាប់​វិស័យ​ពោត​វិញ​។ លោក​បញ្ជាក់ថា នេះ​ជា​ថវិកា​ជាក់ស្ដែង​ដែល​អាច​ប្រើ​ជា​បណ្ដោះអាសន្ន រីឯ​ថវិកា​សរុប​សម្រាប់​វិស័យនេះ​អាចឈាន​ដល់ ៥០​លាន​ដុល្លារ​ឯណោះ តែ​ត្រូវ​រង់ចាំ​ការសម្រេច​ពី​រដ្ឋាភិបាល​។ យន្តការ​នៃ​ការផ្ដល់​ឥណទាន គឺ​ដូចនឹង​យន្តការ​អនុវត្ត​លើ​វិស័យ​ស្រូវ​ដែរ ដែល​យក​ពោត​ជា​វត្ថុ​ធានា ហើយ​អ្នក​ខ្ចី​ត្រូវមាន​កន្លែង​ស្តុក​ទុក​ឲ្យ​បាន​ត្រឹមត្រូវ​។​

​លោក​បាន​បញ្ជាក់ថា ថវិកា​នេះ​ត្រូវ​បើ​ប្រាស់​សម្រាប់​កម្ចី​មូលធន ដើម្បី​អាច​ឲ្យវិស័យ​ឯកជន​ប្រមូល​ទិញ​ពោត និង​វិនិយោគ​លើ​ឃ្លាំង​ស្តុក ឡស​ម្ងួ​ត ។ លោក​បន្ថែមថា ការចាប់ផ្ដើម​អនុវត្ត​កញ្ចប់​ថវិកា​ពិសេស​នេះ ត្រូវ​រង់ចាំ​ការសម្រេច​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នាពេល​ឆាប់ៗ​ខាងមុខ​។ លោក​បន្តថា សម្រាប់​កម្ចី​យកទៅ​ទិញ​ពោត ធនាគារ​អភិវឌ្ឍន៍ជនបទ នឹង​កំណត់​រយៈពេល​ក្រោម​មួយឆ្នាំ​សម្រាប់​ការសង​ត្រឡប់ ប៉ុន្តែ​បើក​ម្ចី​សម្រាប់​វិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​នឹងមាន​ការកំណត់​រយៈពេល​សង​ដល់ ៥​ទៅ​៧​ឆ្នាំ​។ បើ​ទោះ​មានការ​បញ្ចេញ​ថវិកា​របស់​រដ្ឋាភិបាល​ដល់​វិស័យ​ឯកជន ប៉ុន្តែ​នៅតែ​បារម្ភ​ថា​តម្រូវការ​ថវិកា​ជាក់ស្ដែង​អាច​ខុសពី​ការលើកឡើង​របស់​ផ្នែក​ឯកជន​។ លោក​ថា ការខ្វះ​ទុន​ដូច​មិន​ច្រើន​ប៉ុន្មាន គឺ​ដូច​វិស័យ​ស្រូវ​ឆ្នាំមុន​យើង​បញ្ចេញ​ទឹកប្រាក់​តែ ៣,៥​លាន​ដុល្លារ​នៃ​ថវិកា ២៧​លាន​ដុល្លារ យើង​មិនដឹងថា​យ៉ាងម៉េច​?​។​

​សូមជម្រាបថា គម្រោង​ទម្លាក់​កញ្ចប់​ថវិកា​ពិសេស​របស់​រដ្ឋាភិបាល​នៅពេលនេះ គឺ​ស្រប​ពេលដែល​ផលិតផល​ពោត​ជួប​បញ្ហា​ទីផ្សារ​។ អ្នក​នៅក្នុង​វិស័យនេះ​អះអាងថា តម្រូវការ​ទាំង​ក្នុងស្រុក និង​ក្រៅប្រទេស​បាន​ធ្លាក់ចុះ​ខ្លាំង ដែល​ធ្វើ​កសិករ​ខ្វះ​ទីផ្សារ និង​លក់​ពោត​បាន​តម្លៃថោក​។ អ្នក​ទាំងនេះ​បន្ថែមថា បញ្ហា​នាំចូល​ជ្រូក​យ៉ាងគំហុក​ពី​ប្រទេសជិតខាង បានធ្វើ​ឲ្យ​អ្នក​ផលិត​ចំណី​សត្វ​ក្នុងស្រុក​បន្ថយ​ការទិញ​ពោតធ្វើចំណីសត្វផងដែរ​៕មុនី​រ័ត្ន​

​ពោត​ដែល​កសិករ​ប្រមូល​ផល​សម្រាប់​យកទៅលក់​ឲ្យ​ប្រទេសជិតខាង​
#