កសិករ​ខេត្តស្ទឹងត្រែង​រកឃើញ​ស្រូវពូជ​ប្រភេទ​ថ្មី​ដែល​ទទួលបាន​ផល​ខ្ពស់​ក្នុង​រយៈពេល​ខ្លី​

896
ចែករម្លែក

​ដោយៈ​សុខុម​/​ស្ទឹងត្រែងៈ ប្រជាកសិករ​រស់នៅ​ឃុំ​ភ្លុក ស្រុក​សេសា​ន​ខេត្តស្ទឹងត្រែង​បាន​រកឃើញ​ស្រូវពូជ​ប្រភេទ​ថ្មី​ដោយ​ខ្លួនឯង​ព្រមទាំង​បានដាក់​ឈ្មោះថា​ពូជស្រូវ​ត្រី​រៀល​។​ដំណឹង​នេះ​គឺជា​រឿង​ល្អ​សម្រាប់​កសិករ​ដែល​ត្រូវការ​ជ្រើសរើស​ពូជ​យកទៅ​ដាំ​ដើម្បី​បាន​ទ​ន្និ​ផល​ខ្ពស់​។​

​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ភ្លុក​ស្រុក​សេ​សាន​មាន​ប្រហែល​ជាង​៤០០​គ្រួសារ​ប៉ុណ្ណោះ​ភាគច្រើន​ជា​កសិករ​ដាំ​ដំណាំ​ស្រូវ​លើ​ផ្ទៃដី​ប្រមាណ​៤០០​ហិកតា​។​ចំណោម​កសិករ​ឃុំ​ភ្លុក​មាន​ប្រហែល​២០​គ្រួ​សារបាន​ចាប់អារម្មណ៍​ជ្រើសរើស​ពូជស្រូវ​ប្រភេទ​ត្រី​រៀល​នេះ​។​លោក​ថង​ឌី​កសិករ​ឃុំ​ភ្លុក​បាន​រៀបរាប់ថា​ស្រូវពូជ​ប្រភេទ​ថ្មី​នេះ​លោក​បាន​ខំ​សន្សំ​អស់​រយៈពេល​បី​ឆ្នាំ​មកហើយ​។​

​មុនដំបូង​គាត់​ដាំ​ស្រូវ​ផ្ការំដួល​ទេ​ក៏ប៉ុន្តែ​ឃើញ​មានពូជ​ស្រូវ​ថ្មី​នៅ​លាយឡំ​ជាមួយ​ហើយក៏​ជ្រើសរើស​សន្សំទុក​ម្តង​បន្តិចៗ​រហូត​បាន​មួយ​តៅ​។​បុរស​សម្បុរ​ខ្មៅ​ស្រអែម​រៀបរាប់​ទៀតថា​ពូជស្រូវ​ថ្មី​ដែល​ជ្រើសរើស​ចេញពី​ពូជស្រូវ​ផ្ការំដួល​ខាងលើនេះ​មើលទៅ​មាន​ពន្លឺ​ផ្លេក​ចាំង​ដូច​ហ្វូង​ត្រី​រៀល​ហែល​ក្នុង​ទឹក​។

​ពេល​គាត់​ប្រមូលបាន​មួយ​តៅ​ហើយក៏​ចាប់ផ្តើម​យកទៅ​សាប​ព្រួស​ក្នុង​ខែ​ដើមរដូវ​វស្សា​រហូត​និង​ទទួលបាន​ផល​ខ្ពស់​ថែមទាំង​បានដាក់​ឈ្មោះ​ពូជស្រូវ​ត្រី​រៀល​តែម្តង​។​បន្ទាប់មក​កសិករ​ក្នុង​ឃុំ​ភ្លុក​ចាប់អារម្មណ៍​និង​បាន​សុំ​ចែក​ពូជ​យកទៅ​ស្ទូង​រដូវវស្សា​បាន​ផល​ល្អ​គ្រប់ៗ​គ្នា​។​

​កសិករ​ម្នាក់ទៀត​លើកឡើងថា​ស្រូវពូជ​ថ្មី​នេះ ដាំ​ដុះ​មិន​ពិបាក​ថែទាំ​ទេ​។​ក្រោយពី​ដាំ​រួច​ក្នុង​រយៈពេល​៧៥​ថ្ងៃ​នឹង​ចេញ​ផ្លែ​ទុំ អាច​យកទៅ​ធ្វើ​អំបុក​បាន​គាប់ចិត្ត​។​អ្នក​ឃុំ​ភ្លុក​បាន​ពន្យល់ថា​បើសិនជា​កសិករ​ផ្សេងទៀត​ចង់បាន​ពូជស្រូវ​ងាយស្រួល​ដាំ មិន​ពិបាក​ថែទាំ​ក្នុង​រយះពេល​ខ្លី​បាន​ផល​ខ្ពស់​អាច​ទៅ​ទំនាក់ទំនង​នៅ​ឃុំ​ភ្លុក​បាន​។​

​លោក​ទួន ថាំង​មេឃុំ​ភ្លុក​ទទួលស្គាល់ថា​ឃុំ​របស់លោក​ពិតជា​បាន​រកឃើញ​ពូជស្រូវ​ប្រភេទ​ថ្មី​ដោយ​ខ្លួនឯង មិនបាន​ឆ្លងកាត់​ជំនាញ​បច្ចេកទេស​កសិកម្ម​នោះឡើយ​។​លោក​ពិតជា​រីករាយ​ចំពោះ​វត្តមាន​ពូជស្រូវ​ប្រភេទ​ថ្មី​ក្នុង​ឃុំ​ភ្លុក​ជួយ​ឱ្យមាន​ជីវភាព​ធូរធារ​ធ្វើស្រែ​មិន​ខ្វះ​ស្រូវ​អង្ករ​។​

លោក​លៀង​សេង​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តស្ទឹងត្រែង​បាន​ប្រាប់​រស្មី​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី​២៩​ខែកញ្ញា​ឆ្នាំ​២០១៨​ថា​លោក​បានទទួល​ដំណឹង​ក​សិ​ករ​ឃុំ​ភ្លុក​រកឃើញ​ពូជស្រូវ​ប្រភេទ​ថ្មី​ដែលមាន​លក្ខណៈ​ល្អ​ងាយ​បាន​ផល​ក្នុង​រយះពេល​ខ្លី​។​លោក​នឹង​ចាត់​មន្ត្រី​ជំនាញ​ចុះទៅ​ពិនិត្យមើល​ជាក់ស្តែង​ដើម្បីឱ្យ​កសិករ​ដទៃទៀត​យក​ស្រូវ​ប្រភេទ​ថ្មី​នេះ​អនុវត្ត​ជាក់ស្តែង​ក្នុង​ខែ​ដក​ស្ទូង​បើសិនជា​ពិត​ដូច​ការលើកឡើង​របស់​កសិករ​ឃុំ​ភ្លុក​នោះ​មែន​៕S/

កសិករ​ខេត្តស្ទឹងត្រែង​រកឃើញ​ស្រូវពូជ​ប្រភេទ​ថ្មី​ដែល​ទទួលបាន​ផល​ខ្ពស់​ក្នុង​រយៈពេល​ខ្លី​