កសិករ​គំរូ​នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​អំពាវនាវ​ដល់​កសិករ​ដទៃ​ឱ្យដាំ​បន្លែ​តាម​បច្ចេកទេស​កសិកម្ម​

320

​ឧ​ត្ត​រ​មានជ័យ​៖ កសិករ​គំរូ រស់នៅ​ភូមិ​អូរឫស្សី សង្កាត់​សំរោង ក្រុង​សំរោង ដែល​ដាំ​បន្លែ​តាម​ការ បង្ហាត់បង្រៀន​ជំនាញ​ពី​មន្ត្រី​កសិកម្ម​ខេត្ត និង​អង្គការ​នានា​នោះ​ក្នុង​មួយ រដូវ​អាច​រកចំណូលបាន​ជា មធ្យម​ជាង​៣០ លាន​រៀល​។​

​លោក​ង៉ែត សាវឿន ជា​កសិករ គំរូ​បានឱ្យដឹងថា ដោយ​ទទួលបាន​ការបណ្តុះបណ្តាល​ជំនាញ​ពី មន្ត្រី​កសិកម្ម ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​អង្គការ​ក្រៅ រដ្ឋាភិបាល​មួយចំនួន​នោះបាន​ធ្វើឱ្យ​គ្រួសារ​របស់គាត់ ដាំ​បន្លែ​ទទួលបាន ទិន្នផល​ខ្ពស់​ខុសប្លែក​ពី​ការដាំ​តាម ទម្លាប់​ចាស់​ពីមុនមក​។​ក្នុង​មួយ​រដូវ​ចាប់ ពី​ច្រូត​ស្រូវវស្សា​រួច​ពី​ខែធ្នូ​ដល់​ខែ ឧសភា​រៀងរាល់ឆ្នាំ​គ្រួសារ​របស់គាត់ ដែលមាន​ផ្ទៃដី​មួយ​ហិកតា​នោះ គឺអាច ដាំ​បន្លែ​ឆ្លាស់​វេន​គ្នា​បានជា​ច្រើន ប្រភេទ​។ លោក​បន្តថា​បច្ចេកទេស​ដាំ​ដុះ​ដែល​មន្ត្រី​កសិកម្ម ក៏ដូចជា​អង្គការ​មួយ ចំនួន​បាន​ជួយ​បណ្តុះបណ្តាល​នោះ​គឺ មាន​វិធី​សំខាន់ៗ​ដូចជា ការប្រើប្រាស់ ក្រណាត់​ថង់​ប្លា​ស្ទិ​ក​គ្របពីលើ​រង​ដំណាំ​,​របៀប​ប្រើប្រាស់​ប្រព័ន្ធ​ទុយោ​តំណក់ទឹក​ស្រោច​ដំណាំ​, របៀប​ប្រើប្រាស់​ទុយោ បាញ់​ទឹក ការប្រើប្រាស់​ថ្នាំ​សម្លាប់សត្វ ល្អិត​,​ការប្រើប្រាស់​ជីធម្មជាតិ​និង​វិធី សាស្ត្រ​ផ្សេងៗ ជាច្រើន​ទៀត​។ ធ្វើតាម​បច្ចេកទេស​ទំនើប​នេះ​អ្នក​ដាំ​អាច​កាត់បន្ថយ​ការចំណាយ​កម្លាំង ពលកម្ម​របស់ មនុស្ស​បាន​ច្រើនណាស់​។​ជាក់ស្តែង ដូចជា​សព្វថ្ងៃនេះ យើង​មិនបាច់​រែក ទឹក​ស្រោច និង​មិនបាច់​ជម្រះ​ស្មៅ​នៅ លើ​រង​ដំណាំ​ជាដើម ។​

​លោក​សា វឿន បានឱ្យដឹង ថា ចំពោះ​បន្លែ​ដែល​រូបគាត់​ក៏ដូចជា​អ្នក ភូមិ​ដាំ នៅទីនេះ​គឺមាន​ដូចជា ស្ពៃក្តោប​, ស្ពៃក្រញាញ់​, ស្ពៃ​ច​ង្កិះ​, ខាត់ណា​ដើម​, ខាត់ណា​ផ្កា​, សាឡា​ត់​, តាសក់​, ប៉េងប៉ោះ និង​បន្លែ​រួមផ្សំ​ផ្សេងៗ ជាច្រើន​ទៀត​។​ការដាំ​ទាំងនោះ គឺ​ត្រូវ ប្តូរ​វេន​គ្នា​។​មានន័យថា ដំបូង​យើង​ដាំ បន្លែ​នេះ ក្រោយមក​យើង​ដាំ​បន្លែ ប្រភេទ​នោះ​ម្តង​។​ធ្វើ​ដូច្នេះ​គឺ​កុំឱ្យ​កើត មាន​មេរោគ​ស៊ី​បំផ្លាញ​ដំណាំ របស់​យើង ដែល​ដាំ​ប្រភេទ​បន្លែ​ដដែលៗ​។

​កសិករ​គំរូ​បាន​បញ្ជាក់ថា​បច្ចុប្បន្ន ពេល​ដាំ​បាន​ហើយ បន្លែ​ទាំងអស់នោះ​គឺ អ្នក​ដាំ​មិន​លំបាក​ក្នុងការ យកទៅលក់​ទេ គឺមាន​ប្រជាពលរដ្ឋ​និង​ឈ្មួញកណ្តាល មក​ប្រមូល​ទិញ​ដល់​កន្លែង​ដាំ​តែម្តង​។ ជាក់ស្តែង បន្លែ​សំខាន់ៗ​ដូចជា​ស្ពៃក្តោប មួយ​គីឡូក្រាម​ថ្លៃ​ប្រាំ​ពាន់​រៀល​,​ស្ពៃ​ច​ង្កិះ ពីរពាន់​រៀល និង​ខាត់ណា ផ្កា​មួយ​គីឡូ ថ្លៃ​បួន​ពាន់​រៀល​។​ប៉ុន្តែ​បើ​នៅ​ដើមរដូវ វិញ​បន្លែ​ទាំងនោះ​គឺ​លក់បាន​ថ្លៃ​ខ្ពស់ជាង នេះ ព្រោះ​មាន​តម្រូវការ​ច្រើន​។​

​ទន្ទឹមនេះ​លោក ង៉ែត សាវឿន ក៏បាន​អំពាវនាវ​ដល់​កសិករ​ដទៃ​ត្រូវ បោះបង់​ការដាំ​បន្លែ​តាម​ទម្លាប់​ចាស់ ហើយ​ងាក​មក​អនុវត្តន៍​តាម​បច្ចេកទេស របស់​មន្ត្រី​កសិកម្ម និង​អង្គការ​មួយ ចំនួន​វិញ ដើម្បី​ទទួលបាន ទិន្នផល​ច្រើន​។​

​លោក​ផាន ផាត ប្រធានភូមិ​អូរឫស្សី បានឱ្យដឹងថា នៅ​ភូមិ​នេះ មាន​ពលរដ្ឋ ចំនួន ៥៤​គ្រួសារ​។ បន្ទាប់ពី​ប្រមូល​ផល ស្រូវ​រួច​ពួកគាត់​ស្ទើរតែ​ទាំងអស់​បាន នាំគ្នា​ដាំ​បន្លែ​។​ក្រៅពី​គ្រួសារ​លោក ង៉ែត សាវឿន ជា​កសិករ​គំរូ​នោះ គ្រួសារ​នីមួយៗ​អាច​ដាំ​បន្លែ​ក្នុង​មួយ រដូវ​លក់បាន​ពី​ប្រាំ​ទៅជា​ង ១០ លាន រៀល​តាម​ដី​តិច​ឬ​ច្រើន​។​ចំណូល​ទាំង នោះ​អាចធ្វើឱ្យ​ប្រជាពលរដ្ឋ​ភាគច្រើន ណាស់​មិនបាច់​ធ្វើ ចំណាកស្រុក​ទៅ រក​ការងារ​ធ្វើ​នៅ​ប្រទេសក្រៅ​នោះទេ​។​

​លោក​សូត្រ ស៊ី​សុខ​ឃាង ប្រធាន មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​បានឱ្យ ដឹងថា លោក ង៉ែត សាវឿន គឺជា​កសិករ​គំរូ​ម្នាក់​ក្នុង ចំណោម​បីនាក់​នៅ​ខេត្ត ដែល​ត្រូវបាន ក្រសួងកសិកម្ម​រុក្ខា ប្រមាញ់​និង​នេសាទ បានជ្រើសរើស​ជា​កសិករ​គំរូ​នៅ​ឆ្នាំ ២០១៦-២០១៧​។ កសិករ​គំរូ​ទាំងនោះ ទទួលបាន​រង្វាន់​គោយន្ត​កន្ត្រៃ​ម្នាក់​មួយ គ្រឿង​រួម​ជាមួយនឹង​ថវិកា​ចំនួន​ពីរ លាន​រៀល​។ កសិករ​ឆ្នើម ទាំងបី​នាក់ នោះ​ក៏​ធ្លាប់បាន​បញ្ជូន​ឱ្យទៅ​រៀនសូត្រ ពី​ជំនាញ​និង​ដកស្រង់យក​បទពិសោធ​ន៍ អំពី​ការដាំ​បន្លែ​នៅឯ​ប្រទេស​កូរ៉េ​ខាង ត្បូង​ក្នុង​រយៈពេល​កន្លងមក​ផងដែរ​។​

​លោក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​បាន បន្ថែមថា កន្លងទៅ​មន្ទីរ​កសិកម្ម​មិន​ត្រឹម តែ​បាន​ចុះជួយ​បង្រៀន ដល់​អ្នក​ដាំ​បន្លែ ជាង​៥០​គ្រួសារ​នៅ​ភូមិ​អូរឫស្សី​ប៉ុណ្ណោះ ទេ​។​ប៉ុន្តែ​ក៏បាន​ចុះជួយ​បង្ហាត់បង្រៀន ផ្តល់នូវ​បច្ចេកទេស​ដល់​អ្នក​ដាំ​បន្លែ​នៅ ទូទាំង​ខេត្ត​ដែលមាន​ទាំងអស់ ចំនួន​៥០ ក្រុម​។ នៅក្នុង​ការ ជួយ​នោះ គឺ​បាន​ចុះ​ដោយផ្ទាល់​ដើម្បី​ផ្តល់នូវ​ជំនាញ​ដល់ ប្រជាកសិករ ដែលជា​អ្នក​ដាំ​បន្លែ​សាក ល្បង​,​អ្នក​ដាំ​ពាក់កណ្តាល​អាជីព​និង​អ្នក ដាំ​អាជីព​ដែលមាន​ផ្ទៃដី​ធំ​ចាប់​ពីមួយ ទៅ​ពីរ​ហិកតា ។ ការធ្វើ​ដូចនេះ​គឺ​ក្នុង គោលបំណង​ជំរុញ​និង​លើកកម្ពស់ ផលិតផល​កសិកម្ម​នៅក្នុង​ស្រុក​ឱ្យបាន ច្រើន​។​

​លោក សូត្រ ស៊ី​សុខ​ឃាង ក៏បាន អំពាវនាវ​ផងដែរ​ដល់​អ្នក​ដាំ​បន្លែ ទាំង អស់ ពិសេស​អ្នក​រស់នៅក្នុង​ខេត្ត ឧ​ត្ត​រ​មានជ័យ​បើ​ចង់បាន​ជំនួយ​បច្ចេកទេស​ពី​ការដាំ​បន្លែ​គ្រប់​ប្រភេទ​ឱ្យទទួល បាន​ទិន្នផល​ខ្ពស់​នោះ សូម​ទាក់ទង​ជា មួយ​មន្ត្រី​កសិកម្ម​ខេត្ត​ឧ​ត្ត​រ​មានជ័យ ។ មន្ត្រី​ជំនាញ​នឹង​ចុះទៅ​ជួយ​បង្ហាត់បង្ហាញ ដល់​បងប្អូន​ដោយផ្ទាល់ ៕ ដោយ​: អូរ​ស្មាច់​