កសិករ​តាម​ដង​ទន្លេមេគង្គ​ចាប់ផ្តើម​ដាំ​ដុះ​ដំណាំ​ជា​បណ្តើរៗ​

1446
ចែករម្លែក
  • 1
    Share

​(​ត្បូងឃ្មុំ​)៖​ខណ​:​នេះ​ទឹកបាន​ស្រក​ចុះ​ផុត​មាត់​ច្រាំងទន្លេ​ហើយ​ដែល​នាំ​ឲ្យ​ប្រជាកសិករ​ដែល​ប្រកប​របរ​ដាំ​ដំណាំ​កសិកម្ម​លើដី​ល្បាប់​នៃ​ទន្លេមេគង្គ​បាន​ម្នីម្នា​ប្រញាប់ប្រញាល់​ភ្ជួរ​ធ្វើ​ដី​ដើម្បី​ដាំ​និង​សាបព្រោះ​គ្រាប់ពូជ​ដំណាំ​ប្រយោជន៍​ឆាប់​បាន​ប្រមូល​ផល​យកទៅលក់​នៅ​ទីផ្សារ​មុនគេ​បាន​តម្លៃ​ខ្ពស់​។​

ស្ថិតក្រោម​កម្តៅថ្ងៃ​នា​វេលា​ម៉ោងជាង​៩​ព្រឹក​ថ្ងៃទី ២៥​សីហា​ឆ្នាំ​២០១៧ បុរស​ជា​ប្តី​វ័យ ៥៤ ឆ្នាំឈ្មោះ ហន សុខ និង​ស្ត្រី​ជា​ភរិយា​វ័យ ៥០ ឆ្នាំឈ្មោះ ពេជ្រ សុគន្ធ កំពុង​អង្គុយ​បោច​ដកស្មៅ​ចេញពី​ចម្ការ​ដើម​មមែ​ង ដែល​បាន​ដាំ​សាប​កាលពី​ប្រមាណ​១០​ថ្ងៃ​មុននេះ​នៅជាប់​មាត់ទន្លេ​ស្ថិតក្នុង​ភូមិ​រកា​ធំ ឃុំ​ជី​រោជ​ទ៍​មួយ ស្រុក​ត្បូងឃ្មុំ​។​

​លោក ហន សុខ ជា​ប្តី​បាន​ឲ្យ​ដឹងថា ការដែល​លោក និង​ប្រពន្ធ ក៏ដូចជា​កសិករ​ជាច្រើន​ទៀត​បាន​រួសរាន់​ដាំ​ដុះ​យ៉ាង​ដូច្នេះ គឺ​ដើម្បី​រហ័ស​បាន​ទទួលផល និង​មាន​ទីផ្សារ​ល្អ​តម្លៃ​ខ្ពស់​។ ពិសេស​អ្នកចម្ការ​តាម​ជួរ​មាត់ទន្លេ​នេះ​និយម​ដាំ​ដូចជា​: ពោតស ពោតក្រហម ស្ពៃ​ក្ងោក មមែ​ង ត្រប់ ម្ទេសផ្លោក​(​ពូជ​នាំ​ពី​ប្រទេស​ថៃ​) ប៉េងប៉ោះ និង​ត្រសក​គ្រប់មុខ​។​

ប្រភព​នោះបាន​ឲ្យ​ដឹង​ទៀតថា បញ្ហា​ដែល​លោក និង ប្រពល​រដ្ឋ​រស់នៅ​ភូមិ​រកា​ធំ ឃុំ​ជី​រោជ​ទ៍​នេះ​និយម​ដាំ ដំណាំ​មមែ​ង គឺ​ដោយសារ​ដំណាំ​ជា​បន្លែ​សម្រាប់​ធ្វើជា​អាហារ​ជ្រក់​មួយ​នេះ រហ័ស​ទទួលផល​ជាង​បន្លែ​ដទៃ គឺ​រយ​:​ពេល​តែ ១៨​ថ្ងៃ ហើយ​ការប្រមូល​ផល​បាន​ចំនួន​ប្រហែល​បី​ខែ​។ ខុសពី​ដំណាំ​បន្លែ​ស្ពៃ​ក្ងោក សម្រាប់​បន្លែ​ជា​អាហារ​ជ្រក់​ដែរ គឺ​ចំណាយពេល​ប្រមាណ ៣០​ថ្ងៃ ហើយ​ប្រមូល​ផល​បានតែ​ម្តង និង តម្លៃ​ប្រហាក់ប្រហែលគ្នា​។​
​ ​
​ប្រភព​ដដែល​បាន​បន្តថា ជាក់ស្តែង​ចម្ការ​មមែ​ង​ដែល​លោក និង​ប្រពន្ធ​កំពុង​បោច​ដកស្មៅ​ចេញ​គឺ​នៅតែ​ប្រាំបី​ថ្ងៃ​ទៀត​ប៉ុណ្ណោះ នឹង​បាន​ប្រមូល​ផល​លក់​ជា​បណ្តើរៗ​ហើយ​។ ចំណែក​ចម្ការ​ស្ពៃ​ក្ងោក​ដែល​នៅជាប់​គ្នា​នេះ គឺ​រង់ចាំ​ជាង​២០​ថ្ងៃ​ទៀត​ទើបបាន​ទទួលផល​។ ប៉ុន្តែ​ស្ពៃ​ក្ងោក​មាន​លក្ខណ​:​ពិសេស​របស់​វា គឺ​ទ្រាំទ្រ​ទឹកភ្លៀង​ជាង​ដំណាំ​មមែ​ង​។​កសិករ​ម្នាក់ទៀត​ដែលមាន​ផ្ទះ និង​ចម្ការ​នៅជាប់​នឹង​ផ្លូវ​ក្រាល​បេតុង​មាត់ទន្លេ​នេះ​ក្នុងភូមិ​រកា​ធំ​ដែរ កំពុង​ភ្ជួរ​ដី​នឹង​គ្រឿងចក្រ​គោយន្ត គឺ​បុរស​ជា​ប្តី​វ័យ ៤៥​ឆ្នាំឈ្មោះ កន ឡុ​ន និង​ប្រពន្ធ​ឈ្មោះ ឌុ​ត ឈុន​ហ៊ី បាន​ឲ្យ​ដឹងថា លោក​ភ្ជួរ​ដី​ហាល​កម្តៅថ្ងៃ​ដើម្បី​ដាក់​ដាំ​ពោតស នៅលើ​ផ្ទៃដី​ចំនួន ៧០​អារ​នេះ​។​
​ ​
​លោក កន ឡុ​ន បាន​ឲ្យ​ដឹងថា ការដែល​ខាង​លោក​បានជ្រើសរើស​យក​ពូ​ជ​ពោតស​យកមក​ដាំ​ច្រើន​ឆ្នាំ​បែបនេះ គឺ​ដោយសារ​ពោត​មួយ​នេះ​ឆាប់​ផ្តល់​ផល​តែ​ជាង​ពីរ​ខែ​ប៉ុណ្ណោះ ផ្ទុយ​ពី​ពោតក្រហម​ដែល​ចំណាយពេល​ដល់​ទៅ បួន​ខែ ហើយ​តម្លៃ​របស់​ថោក​ជាង​ពោតស​ទៀតផង​។​លោក ឡុ​ន បាន​ឲ្យ​ដឹងថា កាលពី​ច្រើន​ឆ្នាំមុន​លោក​ចាប់ផ្តើម​ដាំ​ពោតស​មុនគេ គឺ​ក្នុង​គ្រាប់ពូជ​មួយ​គីឡូក្រាម ដែល​ដាក់​ដាំ​បាន​ចំនួន ១.២៥០ គុម្ព នៅពេល​ផ្លែ​ពោត​វា​ស្រពាប​សក់​មាន​ឈ្មួញ​មក​ម៉ៅ​ដល់​ចម្ការ​តែម្តង តម្លៃ​ពី​៨០​ម៉ឺន​-៩០​ម៉ឺន​រៀល​។

ប៉ុន្តែ​នៅ​ប្រមាណ​ពីរ​ឆ្នាំ​ចុង​ក្រោយនេះ​មាន​អ្នក​ដាំ ច្រើន​ធ្វើ​ឲ្យ​តម្លៃ​វា​ធ្លាក់ចុះ​ក្នុង​ចំនួន​ដូចគ្នា​ខាងលើនេះ​មក​នៅ​ពី ៤០​ម៉ឺន​-៦០​ម៉ឺន​រៀល​វិញ គឺ​នៅតែមាន​ឈ្មួញ​មក​ម៉ៅ​ដល់​ចម្ការ​ដដែល ពោលគឺ​ដើម្បី​លក់បាន​តម្លៃ​ខ្ពស់​សម្រាប់​ឈ្មួញ​យកទៅ​ស្ងោរ​លក់​បន្ត​នោះ អ្នក​ដាំ​ប្រញាប់​ដាំ​ដុះ​មុនគេ​មាន​ទីផ្សារ​ល្អ​។​

​លោក​ហួត​យ៉ង់​មេឃុំ​ជី​រោទ៍​មួយ​បាន​ឲ្យ​ដឹងថា​ពិត​ជាមាន​ការដាំដុះ​លើដី​ល្បាប់​របស់​ទន្លេមេគង្គ​ដែល​ទឹក​ទើបបាន​ស្រក​ផុត​ច្រាំង​នា​រយ​:​ពេល​ប៉ុន្មាន​ថ្ងៃនេះ​មែន​។ ប៉ុន្តែ​ទំហំ​នៃ​ការដាំដុះ​នោះ​បានតែ​បន្តិចបន្តួច​សម្រាប់​ដីចម្ការ​ជាប់​ភូមិ​ដែល​ខ្ពស់​ទឹក​ស្រក​ផុត​មុនគេ គឺ​មិនបាន មួយ​ភាគរយ​ផង​នៃ​ផ្ទៃដី​កសិកម្ម​សរុប​ក្នុង​ឃុំ​ប្រមាណ​ជាង ១.០០០ ហិកតា ពិសេស​ក្នុងភូមិ​រកា​ធំ ប៉ុណ្ណោះ​៕ S/​ដោយ​: ភោគ សម្បត្តិ​

​កសិករ​តាម​ដង​ទន្លេមេគង្គ​ចាប់ផ្តើម​ដាំ​ដុះ​ដំណាំ​ជា​បណ្តើរៗ​(រូប៖ភោគសម្បត្តិ)