កសិករ​ថា ស្រូវស្រាល​ដើមរដូវ​វស្សា​នៅ​បន្ទាយមានជ័យ​នៅ​ដើមដៃ​មានតម្លៃ​ល្អ​

118
ចែករម្លែក
លោក​អ៊ុំ រាត្រី លោក​ប៉ាង វណ្ណា​សេដ្ឋ លោក​រ័ត្ន ដា​ស៊ីណង់ ​និង​មន្ត្រី​ចុះសួរសុខទុក្ខ​និង​ពិនិត្យ​ស្ថានភាព​ការប្រមូល​ផល​ស្រូវ​ដើមរ​នៅ​ភូមិ​បឹង​តូច​ឃុំ​សឿ​ស្រុក​មង្គល​បូរី ( រូប​: ភ្នំ​ស្វាយ )

ដោយ : ភ្នំ​ស្វាយ-បន្ទាយមានជ័យ : ប្រជាកសិករ​ថា ស្រូវស្រាល​ដើមរដូវ​វស្សា ពិសេស​ពូជ​សែន​ក្រអូប​នៅ​ខេត្តបន្ទាយមានជ័យ​នៅ​ដើមដៃ​នៃ​ការប្រមូល​ផល​នេះ​មានតម្លៃ​ខ្ពស់​គួរឲ្យ​ពេញចិត្ត​ណាស់ ។

ពូ​កសិករ​ឈ្មោះ​តុល នៅ​ភូមិ​និង​ឃុំ​សឿ​ស្រុក​មង្គល​បូរី​ជម្រាប​លោក​អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ​និង​មន្ត្រី​ពាក់ព័ន្ធ ក៏​ដូច​ប្រាប់​កាសែត​រស្មី​កម្ពុជា​ដែល​ចុះសួរសុខទុក្ខ​និង​ពិនិត្យ​ស្ថានភាព​ការប្រមូល​ផល​ស្រូវ​ដើមរដូវ​កាលពី​ថ្ងៃទី​៧​ខែសីហា​ឆ្នាំ​២០១៩​ថា : ពូ​មាន​ស្រែ​ទំហំ​៤​ហិក​តា ហើយ​ការធ្វើ​លើក​ទី​២​នេះ បានដាក់​ពូជ​សែន​ក្រអូប​។​

ពូ​បាន​និយាយ​បន្តថា : ដោយ​ឆ្នាំនេះភ្លៀង​រអាក់រអួល ហើយ​អាកាស​ធាតុខ្យល់​ក្តៅ​ខ្លាំង​បានធ្វើឲ្យ​ស្រូវ​មិនសូវ​ល្អ​ដូច​ឆ្នាំមុន ។​តែ​ទិន្នផល​ក៏បាន​ជាង​៤​តោន​ក្នុង​១​ហិកតា​ដែរ ។​

ទោះយ៉ាងណា តម្លៃ​ស្រូវពូជ​សែន​ក្រអូប​ដែល​លក់​នៅ​នឹង​វាលស្រែ​នេះ មានតម្លៃ​ក្នុង​១​គីឡូ​ក្រាម​ជាង​១.០០០​រៀល ឬ៩,៧​បាត ។​ពោលគឺ​ថ្លៃ​ជាង​ឆ្នាំមុន​ក្នុងពេល​ដូចគ្នា​ដែល​បាន​ថ្លៃ​តែ​៨,៣​បាត​ក្នុង​គីឡូក្រាម​ឬ​ជិត​១.០០០​រៀល​/១​គីឡូក្រាម​ប៉ុណ្ណោះ ។​លោកពូ​សប្បាយ​និង​អរគុណ​ណាស់​ដែល​អាជ្ញាធរ​បាន​បង្កលក្ខណ​:​ឲ្យ​ស្រូវ​បាន​ឡើងថ្លៃ​ដូច្នេះ ។​

ឃើញ​ដូច្នេះ លោក​អ៊ុំ រាត្រី និង​មន្ត្រី​ក៏​ចូលរួម​អបអរ​និង​សោមនស្ស​រីករាយ ហើយ​ជូនពរ​ដល់​បងប្អូន​ក​សិ​ករ ។​

ចំណែក​លោក​ប៉ាង វណ្ណា​សេដ្ឋ ប្រធាន​ម​ន្ទិ​រ​កសិកម្ម រុក្ខាប្រមាញ់​និង​នរ​សាទ​ខេត្ត​បន្ទាយ​មាន​ជ័​យ​ប្រាប់​កាសែត​រស្មី​កម្ពុជា​កាលពី​ថ្ងៃទី​៧​ខែសីហា​ឆ្នាំ​២០១៩​ថា : នេះ​ទើបតែ​ចាប់ផ្តើម​ច្រូតកាត់​ប្រមូល​ផល​ស្រូវស្រាល​ដើមរដូវ​ឬ​ស្រូវប្រាំង​ដើមរដូវ​វស្សា​(​ឬ​ហៅ​ស្រូវ​បង្កើន​រដូវ​) ។​តែ​ទៅ​សប្តាហ៍​ខាងមុខ ទើប​ការប្រមូល​ពេញបន្ទុក ដែល​ក្នុង​១​ថ្ងៃៗ​ប្រមូលបាន​ពី​៣.០០០​ទៅ​៤.០០០​តោន​។​

លោក​បាន​បន្តថា : ក្នុង​ខេត្ត​នេះ កសិករ​អនុវត្ត​ស្រូវស្រាល​ដើមរដូវ​(​ពូជ​សែន​ក្រអូប ពូជ​អ៊ីអ៊ែរ​៨៥ ) បាន​ជិត​៥​ម៉ឺន​ហិកតា ឬ​ជាង​១២០​ភាគរយ​នៃ​ផែនការ ។ ហើយ​មកទល់ពេលនេះ ការប្រមូល​ផល​បាន​៥​ភាគរយ ដែល​មាននៅ​ស្រុក​ព្រះនេត្រព្រះ ស្រុក​មង្គល​បូរី​និង​សិរីសោភ័ណ ។​


ឯការ​ផែនការ​បង្កបង្កើនផល​ស្រូវវស្សា​សរុប​មាន​ជាង​២,៥​សែន​ហិចកតា ។​ប៉ុន្តែ ដោយសារ​គ្រោះរាំងស្ងួត បាន​បង្ក​ឲ្យប៉ះពាល់​ជាង​៤,៧​ម៉ឺន​ហិកតា ក្នុងនោះ ខូចខាត​ជិត​១.០០០​ហិកតា ។​តែ​បាន​បូមទឹក​សង្គ្រោះបាន​ជាង​១.០០០​ហិក​តា ៕/Ha