កសិករ​នាំគ្នា​កែប្រែ​ផ្ទៃដី​ស្រូវវស្សា​ប្រមាណ​៥០​ភាគរយ​ក្លាយជា​ដំណាំ​ធន​នឹង​អា​ធាតុ​រាំងស្ងួត​និង​តម្រូវ​តាម​ទីផ្សារ​

646
ចែករម្លែក

ដោយ​: គង់​ហេង​/​កំពង់ចាម​: ប្រជាកសិករ​ឃុំ​អូរ​ស្វាយ ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ប្រហែល​ជិត ៥០​ភាគរយ​កែប្រែ​ផ្ទៃដី​ដំណាំ​ស្រូវវស្សា​គឺ​រំលាយ​ភ្លឺស្រែ​ឱ្យក្លាយ​ទៅជា​វាល​ចម្ការ​វិញ​ម្តង​។​ដោយបាន​ជ្រើសរើស​ដំណាំ​ទាំងឡាយណា​ដែល​ធន​ស៊ូទ្រាំ​នឹង​អាកាសធាតុ​រាំងស្ងួត​និង​តម្រូវ​តាម​ទីផ្សារ​ដើម្បី​លើកកម្ពស់​ជីវភាព​ក្នុង​គ្រួសារ​កាន់តែ​ប្រសើរឡើង​។​

​លោក​ជា​ស៊ា​ង​ហេង​មេឃុំ​អូរ​ស្វាយបាន​ប្រាប់​ដឹង​នាពេល​ថ្មីៗ​នេះ​ថា​ប្រជាពលរដ្ឋ​ជា​កសិករ​ដែល​ធ្លាប់​បង្កបង្កើនផល​ស្រូវ​រដូវវស្សា​លើ​ផ្ទៃដី​ជាង ៤០០ ហិកតា នៃ​ផ្ទៃដី​ដំណាំ​មួយ​នេះ​សរុប​ប្រមាណ​ជាង​៨០០ ហិកតា​ក្នុង​ឃុំ​អូរ​ស្វាយ បាននាំគ្នា​រំលាយ​ភ្លឺស្រែ​ឲ្យ​ទៅជា​ដី​រាបស្មើ​ហើយ​ងាក​មក​ដាក់​ដាំ​ដំណាំ​ដូចជា ដំឡូង​មី ស្វាយចន្ទី ស្វាយកែវ​រមៀត ម្តងវិញ​។ នៅសល់​ផ្ទៃ​ស្រែវស្សា​ជាង​ពាក់កណ្តាល​ទៀត​នោះ គឺជា​ប្រភេទ​ស្រែ​ជម្រៅ ឬ​ត្រពាំង​នោះ​។​

លោក​មេឃុំ​បាន​លើកឡើងថា​មាន​កត្តា​ច្រើនយ៉ាង​ដែល​បណ្តាល​ឲ្យ​ប្រជាកសិករ​បង្វែរ​ដាំ​ដំណាំ​បែបនេះ​គឺ​ក្នុងនោះ​មាន​:​កត្តា​ខ្សត់​ទឹកភ្លៀង​ដោយ​ផ្ទៃដី​ស្រូវវស្សា​ទាំងមូល​របស់​ឃុំ​អូរ​ស្វាយ​ពឹងផ្អែក​លើទឹក​ភ្លៀង​តែមួយ​មុខ​អត់​មាន​ប្រព័ន្ធធារាសាស្ត្រ​ផ្ទុក​ទឹក​ប្រើប្រាស់​ពេញ​មួយឆ្នាំ​កត្តា​ខ្វះ​កម្លាំង​ពលកម្ម​ជា​អ្នក​ដក​ស្ទូង កត្តា​តម្លៃ​ស្រូវ​នៅ​ទ្រឹង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​… ជាដើម​។

​លោក​ស៊ា​ង​ហេង​បានលើកឡើង​បន្តថា​បញ្ហា​ដែល​កសិករ​ជ្រើស​រើសយក​ប្រភេទ​ដំណាំ​ខាងលើ​មក​ជំនួស​ស្រូវ​នោះ​គឺ​ដំ​ឡូ​មី​ជា​ដំណាំ​រដូវ​ជា​ដំណាំ​ធន​នឹង​ភាពរាំងស្ងួត​ជាង​ដំណាំ​ស្រូវ​ហើយ​តម្លៃ​បច្ចុប្បន្ន​ល្អ​ជាង​ស្រូវ និង​អាចដាក់​ដាំ​នៅតាម​ចន្លោះ​រង​ដំណាំ​ស្វាយចន្ទី និង​ស្វាយកែវ​រមៀត​បាន​ពី បី ទៅ​ប្រាំ​ឆ្នាំ​។ ដោយ​មើមដំឡូង​មី​មួយ​ហិកតា​លក់បាន​តម្លៃ​ពី ប្រាំ​លាន​ទៅ​ប្រាំមួយ​លាន​រៀល​ក្នុងតម្លៃ​មួយ​គីឡូក្រាម ដំឡូង​ស្រស់​ពី ៣០០ ទៅ ៤០០​រៀល​។​

​លោក​បាន​បន្តថា ដោយឡែក​ស្វាយចន្ទី​ដែល​ផ្តល់​ផល​ជា​គ្រាប់​ក៏​លក់បាន​តម្លៃ​ខ្ពស់ជាង​ស្រូវ​ដែរ ពិសេស​ផល​ស្វាយកែវ​រមៀត​ដល់​អាយុ​ផ្លែ​ឈ្មួញ​ជា​អ្នក​ម៉ៅ​ដល់​ចម្ការ បាន​តម្លៃ​មួយ​ដើម ៤០.០០០​រៀល​គឺ​ម្ចាស់​ចម្ការ​មិន​ពិបាក​មើលថែ​ឡើយ​។​អ្នក​ម៉ៅ​មាន​បច្ចេកទេស​ធ្វើ​ឲ្យ​ដើម​ស្វាយ​មួយ​នេះ​ផ្លែ​ទទួលផល​ចំនួន បី ដង​ក្នុង​មួយឆ្នាំ ហើយ​ផ្ទៃដី​មួយ​ហិកតា​ដាំ​បាន​ពី ៤០០ ទៅ ៥០០ ហិកតា​។​

​លោក​ឃុន​ឆេង​រស់នៅ​ភូមិ​ត្រពាំង​កក់​ឃុំ​អូរ​ស្វាយ​ដែរ​បាន​និយាយថា​អ្នកភូមិ​រស់នៅ​ជុំវិញ​តំបន់​នេះ​ដែលមាន​ដីស្រែ​វស្សា​ច្រើន​ហិកតា​នៅ​កន្លែង​ទីទួល​បាន​កាប់​ឈូស​រំលាយ​ភ្លឺស្រែ​ចោល​នាំគ្នា​ដាក់​ដាំំ​ដំណាំ​ខាងលើ​មែន​។​ក្រោយពី​ឆ្លងកាត់​ការលំបាក​ខ្វះ​ទឹក​ស្រោចស្រព​ខ្វះ​អ្នក​ជួយ​ដក​ស្ទូង​និង​តម្លៃ​ស្រូវ​ថោង ទូទាត់​ការផលិត​ស្ទើរ​មិន​រួច​ដើម​។​

​បុរស​វ័យ ៦៦ ឆ្នាំ​រូបនេះ​បាន​លើកឡើងថា ជាក់ស្តែង​គ្រួសារ​លោក​មាន​ស្រែ​ជម្រៅ​មួយ​ហិកតា​ដែរ គឺ​ចំនួន​បី​ឆ្នាំនេះ​បាន​ជួប​បញ្ហា​រអាក់រអួល​ទឹក​ភ្លៀង​ជាប់​គ្នា​ដែល​នាំ​ឲ្យ​លោក​សម្រេច​បង្វែរ​ការដាំ​ដុះ​ដំណាំ​មួយ​នេះ ពី​ការដក​ស្ទូង មកជា​ការ​ពង្រោះ​តែម្តង​។ ជាក់ស្តែង​មកដល់​សប្តាហ៍​ទី​២ ខែមិថុនា គឺ​មិនទាន់មាន​ដក់​ក្នុង​ស្រែ​នោះទេ​។​

​លោក ឆេង បាន​បន្តថា ស្រែវស្សា​មួយ​ហិកតា​នេះ បានផ្តល់​ផល​ជា​ស្រូវ​ប្រហែល ១០​ដឹក​ក្នុង​មួយឆ្នាំ ដែល​ក្នុង​ដឹក​ទម្ងន់​៤៨០​គីឡូក្រាម​លក់បាន​ថេរ​ពី​៣៩​ម៉ឺន​ទៅ​៤០​ម៉ឺន​រៀល​គឺ​នៅ​ទ្រឹង​តម្លៃ​នេះ​រយ​:​ប៉ុន្មាន​ឆ្នាំនេះ​ជាប់​គ្នា​។ ក៏​ធ្វើ​ឲ្យ​គ្រួសារ​លោក​មានបំណង​ចង់​ប្តូរ​ការដាំដុះ​ដំណាំ​ដូច​កសិករ ដទៃទៀត​ដែរ ប៉ុន្តែ​ទៅ​មិន​រួច​ដោយសារតែ​ផ្ទៃ​ស្រែវស្សា​នោះ​ជា​ប្រភេទ​ស្រែ​ជម្រៅ​។​

​ប៉ុន្តែ​ជុំវិញ​ករណី​កសិករ​បាន​កែប្រែ​ផ្ទៃដី​ស្រូវវស្សា​ឲ្យ​ទៅជា​ដំណាំ​ផ្សេង​វិញ​គឺ​មិនទាន់​ចំនួន​សរុប​ទូទាំង​ខេត្ត​នៅឡើយ​ទេ​។​ដោយ​គ្រាន់​ដឹងថា​គិត​ត្រឹម​ថ្ងៃទី​២៣​ខែឧសភា​ឆ្នាំ​២០១៩​ខេត្តកំពង់ចាម​មាន​ផ្ទៃដី​ដំណាំ​ស្រូវវស្សា​សរុប​ចំនួន ៨៦.៥៤០ ហិកតា​។ ក្នុងនោះ​ស្រុក​ស្រុក​បាធាយ​ចំនួន ២១.០៩០ ហិកតា ស្រុក​ចម្ការលើ​ចំនួន ៨.១៦០ ហិកតា ស្រុក​ជើងព្រៃ​ចំនួន ១៣.៥០០ ហិកតា​។

​ក្រុង​កំពង់ចាម​ចំនួន ១៧០​ហិកតា ស្រុក​កំពង់សៀម​ចំនួន ៦.៥៣០ ហិកតា ស្រុក​កងមាស​ចំនួន ៩៤០ ហិកតា ស្រុក​កោះសូទិន​ចំនួន ៦៤០ ហិកតា ស្រុក​ព្រៃឈរ​ចំនួន​១៩.១៣០​ហិកតា​ស្រុក​ស្រី​សន្ធរ​ចំនួន ៨.៨២០ ហិកតា និង​ស្រុក​ស្ទឹងត្រង់​ចំនួន ៧.៥៦០ ហិកតា​៕S/​