កសិករ​នៅ​ក្រុង​ព្រៃវែង​បារម្ភ​ខ្លាច​ស្រូវ​ពួកគាត់​ច្រូតកាត់​ប្រមូល​ផល​មិនទាន់​ទឹក​លិច​

1876
ចែករម្លែក

ដោយ​: ចាន់ ថន / ព្រៃវែង​: ប្រជាកសិករ ដែល​បាន​ធ្វើស្រែ​នៅ​ម្ដុំ​មុខ​ចុង​ប៉ម ឬ​មុខ​សាលាខេត្ត​ព្រៃវែង ស្ថិតក្នុង​សង្កាត់​កំពង់លាវ ក្រុង​ព្រៃវែង កំពុង​បារម្ភ​ខ្លាច​ស្រូវ​ពួកគាត់​ទុំ​យឺត ច្រូតកាត់​មិនទាន់​ទឹក​លិច ក្នុងពេលដែល​ទឹកទន្លេ​នៅ​ចុងខែ​ឧសភា​នេះ កំពុង​ហើប​ឡើង​តិចៗ រីឯ​ស្រូវ​មួយចំនួន​ទើបនឹង​ដាច់​រហាត់ ចេញ​ហើរ​ផ្កា ស្រូវ​ទុំ​ស្លាបសេក និង​មួយចំនួនទៀត កំពុង​ច្រូតកាត់​ជា​បណ្ដើរៗ​។​

​កសិករ​បាន​ឲ្យ​ដឹងថា ស្រូវប្រាំង​នៅ​តំបន់​មុខ​ចុង​ប៉ម ឬ​មុខ​សាលាខេត្ត​នេះ មួយឆ្នាំ​ធ្វើបាន​តែម្តង​ទេ ព្រោះ​ដី​ទាំងនោះ​ជា​ប្រភេទ​ដី​ប្រាំង​ទំនាប​បាត​អូរ​។ ជា​រៀងរាល់ឆ្នាំ មុននឹង​ពួកគាត់​ចាប់ធ្វើ​ស្រូវ គឺ​ត្រូវ រង់ចាំ​ទឹកទន្លេ​ស្រក​អស់​នៅ​រដូវវស្សា កំឡុង​ខែមករា ឬ​ខែកុម្ភៈ ទើប​ចាប់ផ្តើម ភ្ជួរ​រាស់ ធ្វើ​ប្រដេញ​តាម​ទឹក​។ ជាមួយគ្នា​នោះ បើ​ដី​ប៉ែក​ខាងលើៗ គេ​ធ្វើបាន​មុន​ច្រូតកាត់​ទទួលផល​មុន មិនសូវ​ព្រួយបារម្ភ ស្រូវ​ទុំ​មិនទាន់​ទឹក​នោះទេ ប៉ុន្តែ​ដី​ប៉ែក​ខាងក្រោមៗ ប្រសិនបើ​ទឹកជំនន់​ឡើងមក​លឿន ច្រូត​មិនទាន់​ស្រូវ​ត្រូវ​ទឹក​លិច​អស់​។

​កសិករ​រំពឹងទុក​ថា ទឹកជំនន់​នឹង​ឡើងមក នៅ​អំឡុង​ខែសីហា ទើប​ពួកគាត់​ប្រមូល​ផល​រួច​។ ទន្ទឹមនឹងនោះ បើ​ទឹក​ដំឡើង​នៅ​ខែកក្កដា និង​លិច​ស្រូវ​អស់ហើយ ហើយ​ឆ្នាំនេះ ស្រូវ​ដែល​បាន​ច្រូត​រួច មានតម្លៃ​ខ្ពស់ជាង​ឆ្នាំមុន ១​គីឡូក្រាម បាន​តម្លៃ​ជាង ៩​រយ​រៀល ខណៈ​ឆ្នាំមុន តម្លៃ​ខ្ពស់បំផុត ៨០០​រៀល​ប៉ុណ្ណោះ​។

​ប្រជាកសិករ​បន្តថា ស្រូវ​នៅ​ឆ្នាំនេះ មាន​ទិន្នផល​ល្អ មិនមាន​សត្វល្អិត​បំផ្លាញ យាយី​ឡើយ ដោយ​មួយ​ហិកតា ទទួល​ទិន្នផល​ចាប់ពី​៦​តោន ទៅ​ជាង​៨​តោន​។ រីឯ​ការធ្វើ​វិញ គឺមាន​ភាពងាយស្រួល​ច្រើន ដោយ​គ្រាន់តែ​ភ្ជួរ​រាស់​ដី ពង្រោះ រហូត​ប្រមូល​ផល​មិនសូវ​ហត់ គ្រាន់តែ​ពិបាកចិត្ត ស្រែ​ក្រោម ខ្លាច​ទឹក​ឡើង​លិច ទុំ​មិនទាន់ ព្រោះ​សព្វថ្ងៃនេះ ទឹកទន្លេ​មេគង្គ មិនទាន់​ឡើង​​មក​ក៏ពិតមែន ប៉ុន្តែ​ឃើញ​ទឹក​ល្ហាចល្ហឹម​នៅ​តំបន់​មុខ​ចុង​ប៉ម ហើយ​បើ​យោងតាម​មន្ទីរ​ធនធានទឹក ខេត្តកំពង់ចាម ទឹក​ទើប​តែមាន​កម្រិត ជាង​៤​ម៉ែត្រ​ប៉ុណ្ណោះ ដោយ​កម្រិត​ទឹកទន្លេ​មេគង្គ​កំពង់ចាម ចាប់ពី​១៣​ម៉ែត្រ​ឡើង ទើប​ខេត្តព្រៃវែង ឃើញ​ទឹក​ហូរ​ចូលមក មុខ​ចុង​ប៉ម​នេះ​៕