កសិករ​នៅ​ខេត្តព្រៃវែង បាន​បោះបង់​មុខរបរ​ឡើងត្នោត​ធ្វើ​ស្ករ​លក់ ងាក​ទៅ​ចាប់​ការងារ​ថ្មី​

1219
ចែករម្លែក
  • 98
    Shares

​ដោយ​៖​ចាន់ ថន / ព្រៃវែង​: ពលរដ្ឋ​មួយចំនួន​នៅតាម ភូមិ ស្រុក ទូទាំង​ខេត្តព្រៃវែង ដែល​ពីមុនមក​ប្រកបការងារ ជា​អ្នក​ឡើងត្នោត​កៀប​ផ្កាត្នោត​រំងាស់ យក​ស្ករ​លក់​។

ពេលនេះ​បាន​បោះបង់​មុខរបរ​មួយ​នេះ​ស្ទើរ​គ្រប់គ្នា ដោយ​កត្តា​ផ្សេងៗ​។ ក្នុងនោះ​មានដូចជា​៖ ដើមត្នោត​នៅ​ឆ្ងាយ​ពី​ភូមិ​ឬ​ផ្ទះ កត្តា​អាកាសធាតុ​មិន​អំណោយផល ជាពិសេស​គឺ​ពិបាក​រក​អុស​មក​ដុត​រំងាស់​ស្ករត្នោត​តែម្ដង ហើយ​ការងារ​នេះ​ប្រើ​កម្លាំង​ពលកម្ម​ធ្ងន់ៗ ជាហេតុ​នាំ​ឲ្យ​កសិករ ងាក​ទៅ​ចាប់​មុខរបរ​ផ្សេងៗ​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ​ពួកគាត់​។​

​កសិករ​នៅ​ស្រុក​ពារាំង បាន​លើកឡើងថា សព្វថ្ងៃនេះ​គេ​ឈប់​ឡើងត្នោត រំងាស់​យក​ស្ករ​ទៀតហើយ ព្រោះ​ការងារ​នេះ ជាការ​ងារ​ធ្ងន់ ប្រើ​កម្លាំងបាយ​ហត់​នើ​យ​ច្រើន​។​
​តែ​ទទួលផល​តិច ហើយ​ជាធម្មតា​ត្នោត​១​ដើម គេ​អាច​កៀប​យក​ទឹក​មក​រំងាស់​ជា​ស្ករ បានតែ​កន្លះ​គីឡូក្រាម​ទៅ​១​គីឡូក្រាម​ប៉ុណ្ណោះ​។ ក្នុងនោះ ពីមុន​មួយ​គ្រួសារ​ឡើងត្នោត​ចាប់ពី​៥​ដើម​ទៅ​២០​ដើម ដែល​ត្រូវ​ចំណាយ​អុស​ដុត​ច្រើន​។ ណាមួយ​ស្ករស ស្ករត្នោត​ក្លែងក្លាយ​កំពុង​វាយលុក នៅលើ​ទីផ្សារ​ប្រណាំងប្រជែង យ៉ាង​សម្បូរបែប​។ ដោយ​ស្ករ ស បច្ចុប្បន្ន​១​គីឡូក្រាម​តម្លៃ​២​ពាន់​រៀល ឯ​ស្ករត្នោត​ដែល​គេ​ធ្វើ​លក់​នៅ​ភ្នំពេញ​តម្លៃ​ជា​មធ្យម​៤​ពាន់​រៀល ក្នុង​១​គីឡូក្រាម ប៉ុន្តែ​បើ​ស្ករត្នោត​ធម្មជាតិ​សុទ្ធសាត​១​គីឡូ​តម្លៃ​៥,០០០​ទៅ​៦,០០០​រៀល​ក្នុង​១​គីឡូក្រាម​។​

​ជាមួយគ្នា​នោះ កសិករ​ខ្លះ​គាត់​ងាក​ទៅធ្វើ​សំណង់​ដែល​ទទួលបាន​ប្រាក់​ពលកម្ម​ប្រចាំថ្ងៃ គឺជា​មធ្យម​៣០,០០០​រៀល​ក្នុង​១​ថ្ងៃ​។ គ្រួសារ​ខ្លះ​ប្ដី​នេសាទ​ត្រី ឯ​ប្រពន្ធ​វិញ​ទៅធ្វើ​ការ​រោងចក្រ ខ្លះទៅ​ធ្វើការ​ចំណាកស្រុក ឬ​ដើរ​លក់ទំនិញ​ផ្សេងៗ​ជាដើម​។ កត្តា​ទាំងនេះហើយ​ដែល​នាំ​ឲ្យ កសិករ​នៅ​ខេត្តព្រៃវែង មានការ​ប្រៀបធៀប​និង​ឈានទៅ​ចាប់​ការងារ​ថ្មី​ជំនួស​។​
​ដែល​អាច​រកប្រាក់​ចំណូល​ប្រចាំថ្ងៃ​ច្រើនជាង​ឡើងត្នោត​ធ្វើ​ស្ករ​លក់​។​

​ដោយឡែក​ពលរដ្ឋ​នៅ​ស្រុក កញ្ជ្រៀច​ខេត្តព្រៃវែង ឯណោះ​វិញ បាន​ឲ្យ​ដឹងថា ស្រុក​នេះ មិនមាន​អ្នក​ឡើងត្នោត​ទៀត​ទេ​។ ហើយ​ដើមត្នោត​កំពុងតែ​បាត់បង់​ជា​បណ្ដើរៗ ព្រោះ​ត្រូវគេ​កាប់​រលំ​ចេញពី​វាលស្រែ​ដើម្បី​ធ្វើ​ស្រូវ​។ ចំណែក​ស្លឹកត្នោត គេ​មិនសូវ​យកមក​ប្រក់​ដំបូលផ្ទះ​ដូច​មុន​ទៀត​ទេ ព្រោះ​វា​ឆាប់​ផុយ​ពុក​ជាង​ក្បឿង និង​ស័ង្កសី ស៊ី​ប្រូ ។
​រីឯ​ដើមត្នោត​វិញ​ក៏​ពុំ​សូវ​យកមក​ធ្វើ​ផ្ទះសំបែង​ដូច​មុន​ទៀត​ដែរ​គឺ​អ្នកភូមិ​ភាគច្រើន​គេ​ទិញ​ឈើ​មក​ធ្វើ​ផ្ទះ​តែម្ដង​។ គ្រាន់តែ​ផ្លែ​ត្នោត​នៅតែ​ចា​តម្រូវការ​សម្រាប់​អាជីវករ​ខ្លះៗ ដែល​ពួកគាត់ យកមក​លក់​ឲ្យ​ភ្ញៀវ​តាម​ដងផ្លូវ​ជាតិ​លេខ​១១ គ្រាន់​និង​បាន​ប្រាក់​បន្តិច​ប​ន្ទួ​ច សម្រាប់​ដោះស្រាយ​ជីវភាព​ក្នុង​គ្រួសារ​។​

​ចំណែក​លោក វា រិទ្ធី ប្រធាន​មន្ទីរ ពាណិជ្ជកម្ម ខេត្តព្រៃវែង បាន​ឲ្យ​ដឹងថា រហូតមកដល់​ពេលនេះ យើង​មិនទាន់បាន​បង្កើត​សមាគមន៍​ផលិត​ស្ករត្នោត​នៅឡើយ​ទេ​។
​បើទោះបីជា​ខេត្ត នេះ​ជាប់​ចំណាត់ថ្នាក់​លេខ​២​ទូទាំងប្រទេស ខាង​សម្បូរ​ដើមត្នោត​ក៏ដោយ​៕