កសិករ​នៅ​ស្រុក​កញ្ជ្រៀច​កំពុង​មមាញឹក​ដាំ​តាសក់​បន្ទាប់ពី​ប្រមូល​ផល​ស្រូវ​

257

​ព្រៃវែង​៖ ប្រជាកសិករ​មួយ ចំនួន​នៅ​ស្រុក​កញ្ជ្រៀច​ខេត្តព្រៃវែង បច្ចុប្បន្នកំពុង​មមាញឹក​ក្នុង​ការងារ​ដាំ តាសក់ស្រូវ​លក់​ដោយ​អ្នកខ្លះ​បាន ប្រមូល​ផល​ជា​បណ្តើរៗ​ហើយ​អ្នកខ្លះ ទៀត​កំពុងតែ​ចាប់ផ្តើម​ដាំ​ដុះ ។​

​លោក ហាក់ សែង អាយុ​៥៣​ឆ្នាំ នៅ​ភូមិ​ពោធិ៍​ស្រែ ឃុំ​កញ្ជ្រៀច​ស្រុក កញ្ជ្រៀច​លោក​បាន​ប្រាប់ថា ជា​រៀង រាល់​ឆ្នាំ​នៅក្រោយពេល​ច្រូតកាត់​ស្រូវ រួច​គាត់​តែងតែ​ដាំ​តាសក់ស្រូវ​នៅលើ​ដីស្រែ​ក្រោយ​ភូមិ​របស់ខ្លួន ចំនួន​បី​ស្រែ ។ ក្នុង​មួយ​ស្រែ​មាន​ទំហំ​ជា​មធ្យម ៣០​ម៉ែត្រ​គុណ​និង​៥០​ម៉ែត្រ ។ គាត់​ធ្វើ​តែ​ពីរ​នាក់ ប្តី​ប្រពន្ធ​ពុំមាន​ជួល​កម្មករ ឡើយ ។ គាត់​គ្មាន​កូន​នឹង​គេ​ទេ ។ រីឯ គ្រួសារ​គេ​ផ្សេង​ដែល​គេ​មាន​កូនចៅ ច្រើន​អាច​ដាំ​បន្លែ​តាសក់ស្រូវ​លើ​ផ្ទៃ ដី​ចាប់​ពីមួយ​ហិកតា​រហូតដល់​បី​ហិកតា ក៏មាន​ក្នុង​មួយ​គ្រួសារ ។ ប៉ុន្តែ​មុខ របរ​នេះ គឺជា​មុខរបរ​ទី​ពីរ​ប៉ុណ្ណោះ សម្រាប់​ពួកគាត់​រីឯ​មុខរបរ​ចម្បង​គឺ ការងារ​ធ្វើ​ស្រូវ​រដូវវស្សា ។​

​ចំណែក​លោកស្រី​ផល្លា ដែល មាន​ទីលំនៅ​ភូមិ​ជាមួយគ្នា និង​កំពុង បេះ​តាសក់​លក់បាន​និយាយថា ក្រោយពី ប្រមូល​ផល​ស្រូវ​រួច​ដោយ​មិន​ចង់ទុក​ដី ឱ្យនៅ​ទំនេរ​ចោល​ពួកគាត់​ក៏​នាំគ្នា​ដាំ តាសក់​បន្តទៀត ។ ការដាំ​តាសក់​នេះ ប្រើ​ពេលវេលា​ត្រឹមតែ​មួយខែ​១០​ថ្ងៃ ប៉ុណ្ណោះ​អាច​ប្រមូល​ផល​បាន​ហើយ ។ អ្នកខ្លះ​ដាំ​បាន​ពីរលើក​ក្នុង​មួយឆ្នាំ​។ ផ្លែ​តាសក់​ដែល​បេះ​បាន​គឺមាន​ឈ្មួញកណ្តាល​មក​ចាំ​ប្រមូល​ទិញ ដល់​កន្លែង បេះ​តែម្តង ។ ដោយ​ក្នុង​មួយ​គីឡូក្រាម លក់បាន​តម្លៃ​១៥០០​រៀល ។ បើ​តាសក់​សម្បូរ​ធ្លាក់ ចុះមក​ត្រឹម​១០០០​រៀល ។ ប៉ុន្តែ​មិនដែល​មាន​បញ្ហា​រឿង​អត់​ទីផ្សារ នោះទេ​មាន​ប៉ុន្មាន​ក៏​គេ ទិញយក​ទាំង អស់​ដែរ ។

​បងស្រី​បាន​បន្តទៀតថា ជា​មធ្យម តាសក់​ក្នុង​មួយ​ហិកតា​ពួកគាត់​អាច​លក់បាន​ប្រាក់​ចាប់ពី​ប្រាំ​ពីរលាន រៀល​ដល់ ១០​លាន​រៀល​ហើយ​បើ​ទូទាត់​កាត់ ថ្លៃ​ចំណាយ​ផ្សេងៗ​ចេញ​អស់​ពួកគាត់​អាច​នៅសល់ ចំណេញ​បាន​ចាប់ពី​ពីរ លាន​រៀល​ដល់​ប្រាំ​លាន​រៀល​ក្នុង​មួយ ហិកតា ។​

​ដោយឡែក​ប្រធានការិយាល័យ កសិកម្ម​ស្រុក​កញ្ជ្រៀច​លោក ឈុន សុ​វណ្ណា​រ៉េត បានឱ្យដឹងថា តាម​សម្រង់ ស្ថិតិ​ដែល​លោក​ចុះ​ស្រង់​ដោយ​ផ្ទាល់ដៃ រកឃើញថា សព្វថ្ងៃនេះ មាន​ប្រជាកសិករ ដែល​ចាប់យក​មុខរបរ​ដាំ​តាសក់ លក់​នៅក្នុង​ស្រុក​កញ្ជ្រៀច​ទាំងអស់​មាន​ចំនួន​ជាង​៦០​គ្រួសារ​លើផ្ទះ ដី​ជិត​១០០ ហិកតា​។​
​ ​
​លោក​បញ្ជាក់ទៀតថា ប្រជាកសិករ​ទាំងអស់​នេះ ពីមុន​ប្រកប​មុខ របរ​ដាំ​ឪឡឹក​នោះទេ ។ ក៏ប៉ុន្តែ​ដោយ មួយរយៈ​ចុងក្រោយ​នេះ ការដាំ​ឪឡឹក មិន​ចំណេញ​ក៏បាន​នាំគ្នា​ងាក​មក​ដាំ​តាសក់​វិញ​លើដី​ស្រែ​ដែល ច្រូតកាត់​រួចរាល់ ៕ ដោយ​: ចាន់ ថន​

កសិករ​ស្រោច​ទឹក​តាសក់ស្រូវ​
​ចម្ការ​តាសក់​