កសិករ​នៅ​ស្រុក​កំពង់សៀម​៩០​ភាគរយ​ងាក​មក​ធ្វើស្រែ​ពង្រោះ​

655

​(​កំពង់ចាម​)៖​ប្រជាកសិករ​រស់នៅ​ស្រុក​កំពង់សៀម​ប្រមាណ​៩០​ភាគរយ​សព្វថ្ងៃ​បាន​ចម្លង​បច្ចេកទេស​តៗ​គ្នា​គឺ​ងាក​មក​ការដាំដុះ​ស្រូវវស្សា ដោយ​ប្រើ​វិធី​ពង្រោះ ឬ​សាប​វិញ​។​វិធី​មួយ​នេះ​បាន ចំណេញ​ពេលវេលា ផ្តល់​ទិន្នផល​ខ្ពស់ និង​ធុន​ទ្រាំ​នឹង​ភាពរាំងស្ងួត ឬ​ទឹក​ជន់​លិច​គឺ​ស្ទើរ​បោះបង់ចោល​នូវ​ទម្លាប់​បែប​ភ្ជួរ​រាស់​ដក​ស្ទូង​ពី​បុ​រម​បុរាណ​នោះ​។

​ក្នុងនោះ​បច្ចេកទេស​គ្មាន​រូបមន្ត នៃ​ការ​ពង្រោះ​ស្រូវ​ដែល​មើល​ចេះ​ត​គ្នា​នេះ ក្រោយពី​ស្រូវ​មាន​អាយុ​ប្រហែល​ពីរ​ខែ​(៦០​ថ្ងៃ​) គឺ​កសិករ​បាននាំគ្នា​លែងគោ​ក្របី ឲ្យ​ស៊ី​ស្រូវ និង​ស្មៅ​ក្នុង​ស្រែពង្រោះ​នោះ​ហើយ​ប្រើ​នង្គ័ល​រាស់​លើ​ដើមស្រូវ​ឲ្យ​បែក​គុម្ព​មាន​ដើម​ច្រើន​។​
​ ​
​កំពុង​ប្រលែង​សត្វ​គោ​ចំនួន ១០​ក្បាល​ឲ្យ​ស៊ី​ស្រូវពង្រោះ​ក្នុង​ស្រែ​ទំហំ​៣០​អារ ស្ត្រី​ឈ្មោះ ក្រូច សារិន អាយុ​៥៥​ឆ្នាំ​នៅ​ភូមិ​ទួល​ត្រាច ឃុំ​ទ្រាន ស្រុក​កំពង់សៀម​បាន​ប្រាប់​កាសែត​រស្មី​កម្ពុជា​កាលពី​ថ្ងៃទី ២៨ សីហា​ថា ការដែល​អ្នកស្រី​បាន​ចង និង​លែងគោ​ឲ្យ​ស៊ី​ស្រូវ​បែបនេះ គឺ​ដើម្បី​ស្រូវ​បែក​គុម្ព​មាន​ដើម​ច្រើន និង​មាន​កួរ​ជា​គ្រាប់ស្រូវ​ច្រើនជាង ការដែល​សាប​ឲ្យ​ទៅជា​សំណាប ហើយ​ដកយក​មក​ស្ទូង​នោះ​។​

អ្នកស្រី ក្រូច សារិន បាន​ឲ្យ​ដឹងថា វិធី​សាបព្រោះ​ដោយ​ចង​គោ​ឲ្យ​ស៊ី​បែបនេះ អ្នកស្រី​បាន​អនុវត្តបាន​ចំនួន​ពីរ​ឆ្នាំ​ហើយ គឺ​បាន​ទទួលផល​លើ​ផ្ទៃដី​ចំនួន ៣០​អារ​នេះ​ជា​ស្រូវ​ចំនួន មួយ​ដឹក​កន្លះ គឺ​លើសពី​កាលពី​សាប​ជា​សំណាប ដក​យកមក​ស្ទូង​តាំងពី​ជំនាន់​ដូនតា​នោះ​ប្រហែល​កន្លះ​ដឹក​(១២​ថាំង​)​។​អ្នកស្រី​បាន​កែប្រែ​ការដាំដុះ​ស្រូវ​រដូវវស្សា​តាមរបៀប​នេះ កាលពី​ពីរ​ឆ្នាំ គឺ​មើលឃើញ​បច្ចេកទេស​ពី​កសិករ​នៅ​ភូមិ​រមូល ឃុំ​រអាង ស្រុក​កំពង់សៀម​នេះដែរ​។​
​ ​
​ប្រភព​នោះបាន​ឲ្យ​ដឹង​ទៀតថា បន្ទាប់ពី​ឲ្យ​គោ​ស៊ី​ស្រូវ និង​ឲ្យ​គោ​ជាន់​លើ​ដើមស្រូវ​នេះហើយ គឺ​អ្នកស្រី​ប្រើ​ជីគីមី​កសិកម្ម​បាច​លើ​ស្រូវពង្រោះ​ដែល​ឲ្យ​គោ​ស៊ី និង​ជាន់​នេះ រហូត​ដើមស្រូវ​ដដែល​នេះ​មូរ​ដើម ធ្វើខ្លួន អ្នកស្រី​ចាប់ផ្តើម​ដាក់​ជី​ដើម្បី​បំប៉ន​កួរស្រូវ​ម្តងទៀត​ជាការ​ស្រេច​។ បើ​មិន​ធ្វើតាម​វិធី​ខាងលើ​ទេ ដើមស្រូវ​ល្អ​មែន គឺ​សម្បូរ​តែ​ដើម និង​ស្លឹក​ស្រូវ​ប៉ុណ្ណោះ​។​

លោក ម៉ែន សារុន មេឃុំ​ទ្រាន​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី ២៩​សីហា​ថា កសិករ​ជា​អ្នក​ប្រក​បរបរ​ធ្វើស្រែ​វស្សា​នៅក្នុង​ឃុំ​ទ្រាន​នេះ​មាន​ដី​សរុប​ជាង​មួយ​ពាន់​ហិកតា​។ ក្នុងនោះ​មាន​ប្រជាពលរដ្ឋ​ប្រមាណ ៩០​ភាគរយ បាននាំគ្នា​ប្រើ​វិធី​ធ្វើ​ស្រូវពង្រោះ​តាមរបៀប​ខាងលើ​គឺ​ប្រជាពលរដ្ឋ​ឃុំ​ជាប់ឃុំ​ទ្រាន​ស្រុក​កំពង់សៀម​តែម្តង បាន​អនុវត្ត​ការ​សាប​ព្រោះស្រូវ​ឲ្យ​គោ​ស៊ី​នេះ រយ​:​ពេល​ប្រហែល​បួន ទៅ​ប្រាំ​ឆ្នាំ​ហើយ​។​
​ ​
​លោក​មេឃុំ​បានដឹង​ទៀតថា របៀបរបប​នៃ​ការ​ព្រោះស្រូវ​នេះ បើតាម​ការដែល​លោក​បាន​ប្រមែប្រមូល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ជា​អនុវត្ត​ផ្ទាល់​ច្រើន​នាក់ គឺ​ដំបូង​យើង​សាបព្រោះ​ធម្មតា​រយ​:​ពេល​ស្រូវពង្រោះ​មាន​អាយុ​ប្រហែល​ពីរ​ខែ ពួកគាត់​ចាប់ផ្តើម​ឲ្យ​គោ​ស៊ី​ហើយ​ហើយ ប្រើ​នង្គ័ល​រាស់​ពីលើ​ឲ្យ​បែក​ដី និង​ឲ្យ​ស្មៅ​ក្រាប ឬ​សន្លប់​ដើម្បី​ឳ​កាស​ឲ្យ​ស្រូវ​ដុះ​លូតលាស់ និង​ដាក់​ជី​បន្ថែម​។ ប៉ុន្តែ​រយ​:​ពេល​នៃ​ការប្រមូល​ផល​ច្រូតកាត់ ប្រហាក់ប្រហែល​នឹង​ការធ្វើ​ស្រូវ​តាមរបៀប​ដក​ស្ទូង​ដែរ​។​
​ ​
លោក សារុន បាន​បន្ថែមថា ប៉ុន្តែ​អ្វីដែល​កសិករ​ចំណេញ​ពី​ការធ្វើ​ពង្រោះ​ស្រូវ ឬ​ដាំ​ដុះ​ស្រូវ​តាមរបៀប​ខាងលើនេះ គឺ​ដើមស្រូវ​ពង្រោះ​នេះ​ធុន​នឹង​ភាពរាំងស្ងួត និង​ទឹក​ជន់​លិច​រលួយ ផ្តល់​ទិន្នផល​ខ្ពស់ជាង​ការធ្វើ​ស្រូវ​ដក​ស្ទូង និង​ចំណេញ​ពេលវេលា នៃ​ភ្ជួរ​រាស់​ដក​ស្ទូង​នោះ​ទៅ​ប្រកបការងារ​ផ្សេងៗ​ទៀត​បាន​ច្រើន​៕S/​ដោយ​: ភោគ សម្បត្តិ​

​កសិករ​នៅ​ស្រុក​កំពង់សៀម​៩០​ភាគរយ​ងាក​មក​ធ្វើស្រែ​ពង្រោះ​(រូប៖ភោគសម្បត្តិ)


​ ​
​ ​