កសិករ​ប្រែក្លាយជា​អ្នក​ប្រយុទ្ធ ៖ ជន​សកម្មប្រយុទ្ធ​រ៉ូ​ហ៊ីង​យ៉ា “​រីក​ធំ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​”

508

ម៉ូ​ហា​ម៉ាត់ អូ​ម៉ា (Mohammad Omar) ធ្លាប់​ឆ្លងកាត់​ព្រំដែន​ចូលទៅ​បង់​ក្លា​ដែ​ស​ដើម្បី​លក់​បារី ប៉ុន្តែ​សព្វថ្ងៃនេះ​បុរស​វ័យក្មេង​រូបនេះ​មាន​របៀបវារៈ​ផ្សេង គឺ​ផ្គត់ផ្គង់​សម្ភារៈ​ចាំបាច់​សម្រាប់​ជន​សកម្មប្រយុទ្ធ​រ៉ូ​ហ៊ីង​យ៉ា ដែល​កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​កងកម្លាំង​សន្តិសុខ​មី​យ៉ាន់​ម៉ា​។​

​អូ​ម៉ា​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​បារាំង (AFP) ថា ជន​សកម្មប្រយុទ្ធ​ថ្មីៗ​កំពុង​ត្រូវបាន​បណ្តុះបណ្តាល​និង​បំពាក់អាវុធ​នៅតាម​តំបន់ភ្នំ​នៅតាម​ព្រំដែន​ក្នុង​រដ្ឋ​រ៉ា​ឃី​ន​រប​ស់មី​យ៉ាន់​ម៉ា ជា​កន្លែង​ជម្លោះ​បង្ហូរឈាម​មួយ​សប្តាហ៍​មកនេះ​បាន​បណ្ដាលឱ្យ​មនុស្ស​ស្លាប់​យ៉ាងហោចណាស់ ១១០ នាក់ និង​បណ្តាលឱ្យ​ជន​ស៊ីវិល​ជិត ២០.០០០ នាក់​ភៀសខ្លួន​ចូលទៅក្នុង​ប្រទេស​បង់​ក្លា​ដែ​ស​។​

​អូ​ម៉ា អាយុ ២០ ឆ្នាំ​បាន​និយាយថា គាត់​គឺ​ស្ថិតក្នុង​ចំណោម​អ្នក​ប្រយុទ្ធ​រ៉ូ​ហ៊ីង​យ៉ាង​ជាង ១៧០ នាក់ ដែល​កំពុង​លាក់ខ្លួន​នៅឯ​ព្រៃ​មួយកន្លែង ជាទី​ដែល​ពួកគេ​រៀបចំ​ការ​វាយឆ្មក់​ដើម្បី​រឹបអូស​យក​កាំភ្លើង​ពី​ប៉ុស្តិ៍​ការពារ​សន្តិសុខ​មី​យ៉ាន់​ម៉ា​។​

​អូ​ម៉ា​បាន​ប្រាប់ AFP អំពី​ការ​វាយឆ្មក់​មួយ​ដោយ​ប្រើ​ឈ្មោះ​ក្លែងក្លាយ​ដើម្បី​ការពារ​អត្តសញ្ញាណ​របស់គាត់​ថា “​យើង​មិនមាន​កាំភ្លើង​ទេ ដូច្នេះ​យើង​វាយប្រហារ​ពួកគេ​ដូចជា​ហ្វូង​ឱ​ម៉ា​ល់ ដោយ​ស្រែកថា “​អា​ឡា​ហ៊ូ អាក់​បា​” (Allahu Akbar) ដោយ​កាន់ដំបង​និង​កាំបិត​។ យើង​មាន​គ្នា​ច្រើនជាង​ពួកគេ គឺ ១៧ នាក់​ទល់​ម្នាក់​។ ពួក​ទាហាន​ភាគច្រើន​ភ័យខ្លាច​និងរ​ត់រក​ប្រាស​អាយុ ហើយ​យើង​បាន​រឹបអូស​យក​អាវុធ​និង​យុទ្ធភណ្ឌ​របស់​ពួកគេ​”​។​

​អត្តសញ្ញាណ​ពិតប្រាកដ​របស់គាត់​មិនអាច​ត្រូវបាន​ផ្ទៀងផ្ទាត់​ដោយ​ឯករាជ្យ​ដោយ AFP បានទេ ប៉ុន្តែ​វា​ផ្តល់នូវ​ការយល់ដឹង​អំពី​ល្បែង​ឆ្មា​ចាប់​កណ្តុរ​រវាង​ក្រុម​សកម្មប្រយុទ្ធ​និង​កងកម្លាំង​សន្ដិសុខ​ដែល​កំពុង​លេង​គ្នា នៅតាម​ភូមិ​ដាច់ស្រយាល វាលស្រែ​និង​ព្រៃឈើ​នៅ​រដ្ឋ​រ៉ា​ឃី​ន ស្ថិតនៅ​ចុង​ភាគ​ខាងលិច​របស់​មី​យ៉ាន់​ម៉ា​។​

​អូ​ម៉ា​និយាយថា​គាត់​គឺជា​ទាហានជើងគោក​ម្នាក់​ជាមួយនឹង​កងទ័ព​សង្គ្រោះ​រ៉ូ​ហ៊ីង​យ៉ា​អា​រ៉ា​ខាន់ (ARSA) ដែល​អះអាងថា កងទ័ព​នេះ​ស្ថិតនៅ​ពីក្រោយ​ការវាយប្រហារ​គួរឱ្យភ្ញាក់ផ្អើល​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ដែល​បានសម្លាប់​មន្ត្រី​មី​យ៉ាន់​ម៉ា ១១ នាក់ និង​បង្កឱ្យមាន​ការប្រយុទ្ធ​គ្នា​ដ៏​អាក្រក់​បំផុត មិន​ធ្លាប់​ឃើញ​នៅ​រដ្ឋ​រ៉ា​ឃី​ន​ជាច្រើន​ខែ​មកនេះ​។​

​បន្ទាប់ពី​បញ្ចៀស​អំពើហិង្សា​ជាច្រើន​ឆ្នាំ​មក​នោះ កងទ័ព ARSA ទីបំផុត​បាន​ងើប​ចេញពី​ស្រមោល​កាលពី​ខែតុលា នៅពេលដែល​ពួកគេ​រៀបចំ​ការវាយប្រហា​រដែ​ល​បានគ្រោង​ទុក​ទៅលើ​ប៉ុស្តិ៍​ប៉ូលិស​ជាច្រើន​។​

​ការវាយប្រហារ​នោះបាន​ជំរុញឱ្យមាន​ការបង្ក្រាប​រយៈពេល​ជាច្រើន​ខែ​ដោយ​កងទ័ព​មី​យ៉ាន់​ម៉ា ដែល​បានសម្លាប់​មនុស្ស​ជាច្រើន​នាក់ និង​បង្ខំ​ឱ្យ​មនុស្ស ៨៧.០០០ នាក់​ភៀសខ្លួន​ទៅ​ប្រទេស​បង់​ក្លា​ដែ​ស​។​

​ក្រុមអ្នកវិភាគ​បាន​និយាយថា ការ​ងើបឡើង​នៃ​ក្រុម​សកម្មប្រយុទ្ធ​នេះ​បានបង្ហាញ​ពី​ការផ្លាស់ប្តូរ​ស្ថានការណ៍​សម្រាប់​រដ្ឋ​រ៉ា​ឃី​ន ដែលជា​រដ្ឋ​សេសសល់​មួយ ដែល​រង​នូវ​ភាព​រង្គោះរង្គើ​ដោយ​អំពើហិង្សា​សាសនា​ចាប់តាំងពី​ឆ្នាំ ២០១២​។​

​អូ​ម៉ា​បាន​ចូលរួម​ក្រុម​នេះ ដែល​អ្នកស្រុក​ស្គាល់​ថា ក្រុម​សកម្មប្រយុទ្ធ ហា​រ៉ា​កា អាល់ យ៉ា​គីន (Harakah al-Yaqin) បន្ទាប់ពី​ការវាយប្រហារ​កាលពី​ខែតុលា នៅពេលដែល​ក្រុម​រ៉ូ​ហ៊ីង​យ៉ា​បាន​ឆ្លើយតប​ចំពោះ​ការអំពាវនាវ​ឱ្យ​ប្រមូលផ្តុំ​គ្នា​កាន់​អាវុធ​ការពារ​ភូមិ​របស់​ពួកគេ​។​

​អូ​ម៉ា​ឈប់​លក់ទំនិញ​នៅ​បង់​ក្លា​ដែ​ស ប៉ុន្តែ​គាត់​បាន​បន្ត​ប្រើប្រាស់​ការអនុញ្ញាត​ចេញចូល​ប្រចាំថ្ងៃ​របស់គាត់​ដើម្បី​ស្តុក​ទុក​ម្ហូបអាហារ​ស្ងួត​និង​សម្ភារៈ​ផ្សេងទៀត​ដើម្បី​រត់ពន្ធ​ទៅឱ្យ​កងជីវពល​។​

​របាយការណ៍​របស់​អង្គការ​វិបត្តិ​អន្តរជាតិ​បានឱ្យដឹងថា ក្រុម​នេះ​ត្រូវបាន​ដឹកនាំ​ដោយ​ពួក​រ៉ូ​ហ៊ីង​យ៉ា ដែល​រស់នៅក្នុង​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ហើយ​ត្រូវបាន​បញ្ជា​នៅ​សមរភូមិ​ដោយ​យុទ្ធជន​ទ័ពព្រៃ​ដែលមាន​បទពិសោធន៍​ជាច្រើន​នាក់​។​

​ប៉ុន្តែ​ក្រៅពី​ការហ្វឹកហ្វឺន​ជា​មូលដ្ឋាន​ចាំបាច់​ជាមួយនឹង​កាំភ្លើង​វែង​ប្រភេទ Kalashnikov និង​កាំភ្លើង​ដទៃទៀត អូ​ម៉ា​បាន​និយាយថា អ្នក​ប្រយុទ្ធ​ចំណូល​ថ្មី​ត្រូវតែ​យល់ដឹង​អំពី​ការ​ទុកដាក់​គ្រាប់​ក្នុង​កេះ​តិចតួច​ដែរ​។​

​អូ​ម៉ា​និយាយថា “​យើង​មាន​កាំបិតផ្គាក់ កាំបិត​វែង ដំបង និង​គ្រាប់មីន​មួយចំនួន ដែលជា​កម្មសិទ្ធិ​របស់​យើង​” ។ អូ​ម៉ា​បាន​បន្ថែមថា ពួកគេ​ទទួលបាន​អាហារ​តិចតួច​ពី​ភូមិ ដែលមាន​ក្តី​អាណិតអាសូរ​ចំពោះ​បុព្វហេតុ​របស់​ពួកគេ​។​

​ក្រុម​សកម្មប្រយុទ្ធ​នេះ​បាន​បង្ហោះ​រូបភាព​តាម​អ៊ី​ន​ធឺ​ណេ​ត​ដែល​បង្ហាញ​ក្រុម​យុទ្ធជន​របស់ខ្លួន​កំពុងកាន់​អាវុធ​ធុន​ធ្ងន់ ប៉ុន្តែ​មី​យ៉ាន់​ម៉ា​ចោទ​ពួកគេ​ថា កំពុង​ធ្វើសង្គ្រាម​ដោយ​ប្រើ​អាវុធ​ធម្មតា​។​

– កសិករ​ប្រែក្លាយ​អ្នក​ប្រយុទ្ធ​

​កាលពី​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​រដ្ឋាភិបាល​បាន​បោះពុម្ពផ្សាយ​រូបថត ដែល​បង្ហាញ​ពី​ការ​រឹបអូស​អាវុធ​របស់​ពួក​សកម្មប្រយុទ្ធ​រ៉ូ​ហ៊ីង​យ៉ា រួមមាន​គ្រាប់បែក​បំពង់​ទុយោ​កែច្នៃ កាំបិត និង​ដំបង ដែល​ខ្លះ​ត្រូវបាន​រកឃើញ​នៅក្នុង​រណ្តៅ​ក្រោយ​ផ្ទះ​។​

​មី​យ៉ាន់​ម៉ា​ចាត់ថ្នាក់​ក្រុម​សកម្មប្រយុទ្ធ​នេះ​ថា​ជា “​ក្រុម​ភេរវជន​បេង​ហ្គា​ល់​” ហើយ​បាន​ចោទប្រកាន់​ពួកគេ​ពីបទ​ធ្វើឃាត​មិន​រើសមុខ និង​ដុតបំផ្លាញ​ផ្ទះ​របស់​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា និង​ផ្ទះ​របស់​សហគមន៍​ផ្សេងទៀត​។​

​អ្នកយកព័ត៌មាន​រប​ស់ AFP ម្នាក់​ត្រូវបាន​ប្រាប់​ដំណឹង​នៅតាម​ផ្លូវ ដែល​ដឹកនាំ​ដោយ​រដ្ឋាភិបាល​ទៅកាន់​តំបន់​រងគ្រោះ​ខ្លាំង​បំផុត​របស់​រដ្ឋ​រ៉ា​ឃី​ន​ថា ក្រុម​អ្នក​កាន់សាសនា​ព្រះពុទ្ធ និង​ក្រុម​កុលសម្ព័ន្ធ​ជនជាតិភាគតិច​ដទៃទៀត​ក៏​ស្ថិត​ក្នុងចំណោម​អ្នកស្លាប់​ផងដែរ បន្ទាប់ពី​ត្រូវបាន​ពួក​សកម្មប្រយុទ្ធ​ខាងលើ​ផ្តោត​គោលដៅ​វាយប្រហារ​។​

​ក្រុម​សកម្មប្រយុទ្ធ ARSA និយាយថា ខ្លួន​កំពុង​ប្រយុទ្ធ​ដើម្បី​ការពារ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ពី​ការរំលោភបំពាន​ដោយ​កងកម្លាំង​សន្តិសុខ​មី​យ៉ាន់​ម៉ា និង​សហគមន៍​រ៉ា​ឃី​ន ដែលមាន​អ្នក​កាន់សាសនា​ព្រះពុទ្ធ​ច្រើន​លើសលប់ ដែល​ពួក​សកម្ម​ប្រុ​ទ្ធ​ចោទប្រកាន់ថា​ព្យាយាម​រុញច្រាន​ពួកគេ​ចេញពី​រដ្ឋ​នេះ​។​

​ក្រុម​រ៉ូ​ហ៊ីង​យ៉ា​ត្រូវបាន​ប្រមាថ​ម៉ាក់​ងាយ​នៅ​មី​យ៉ាន់​ម៉ា​ថា​ជា​ជនអន្តោប្រវេសន៍​ខុសច្បាប់ ហើយ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ប្រហែល​១​លាន​នាក់​ត្រូវបាន​បដិសេធ​សិទ្ធិ​ជា​ពលរដ្ឋ​ស្របច្បាប់​។​

​អង្គការសហប្រជាជាតិ​ជឿជាក់ថា​ការឆ្លើយតប​របស់​កង​ទ័ព​ចំពោះ​ការវាយប្រហារ​ដោយ​ក្រុម​សកម្មប្រយុទ្ធ​នៅក្នុង​ខែតុលា​អាច​នឹង​បោសសម្អាត​ជនជាតិភាគតិច ដែល​ការចោទប្រកាន់​នេះ​ត្រូវបាន​បដិសេធ​ទាំងស្រុង​ដោយ​រដ្ឋាភិបាល​របស់លោក​ស្រី​អ៊ុង​សាន​ស៊ូ​ជី និង​កងទ័ព​។​

​ប៉ុន្តែ​ពួក​រ៉ូ​ហ៊ីង​យ៉ា​មួយចំនួន​បាន​ចោទ​ប្រកាន់ពួក​ឧទ្ទាម​ថា​បាន​ញុះញង់​ឱ្យ​កងទ័ព​មី​យ៉ាន់​ម៉ា​វាយប្រហារ​សងសឹក និង​មិនបាន​នាំ​អ្វី​មក​ទេ​ក្រៅពី​ទុក្ខវេទនា​មកលើ​ជនជាតិភាគតិច​ដែល​គេ​ធ្វើទុក្ខបុកម្នេញ​ជា​យូរ​មកហើយ​នោះ​។​

​មេដឹកនាំ​រ៉ូ​ហ៊ីង​យ៉ា​ដ៏​លេចធ្លោ​មួយរូប​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់ AFP នៅឯ​ជំរំ​មួយ​នៅ​បង់​ក្លា​ដែ​ស​ថា “​កសិករ​ប្រែក្លាយ​អ្នក​ប្រយុទ្ធ​ប្រដាប់អាវុធ​ទាំងនេះ នឹងមិន​នាំ​អ្វី​មក​ទេ​ក្រៅពី​ទុក្ខវេទនា​បន្ថែមទៀត​ដល់​ពួក​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា​” ។​

​អង្គភាព​រប៉ាត់រប៉ាយ​នេះ​មានការ​ប្រយុទ្ធ​ពិតប្រាកដ​នៅក្នុង​ដៃ​ពួកគេ ប្រឆាំងនឹង​កង​យោធា​មី​យ៉ាន់​ម៉ា​ដែល​បំពាក់អាវុធ​បាន​យ៉ាង​ល្អ និង​ត្រូវបាន​ផ្តល់ជំនួយ​យោធា​បន្ថែម​ពី​ប្រទេស​បង់​ក្លា​ដែ​ស ដើម្បី​បោសសម្អាត​ក្រុម​ឧទ្ទាម​នៅ​ជិត​ព្រំដែន​នេះ​។​

​ប៉ុន្តែ​សក្ខីកម្ម​ដែល​ប្រមូលបាន​ដោយ AFP ពី​ជនភៀសខ្លួន​ដែល​ទៅកាន់​ប្រទេស​បង់​ក្លា​ដែ​សបាន​លើកឡើងថា ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ខ្លះ​កំពុង​ស្តាប់​តាម​ការអំពាវនាវ​រប​ស់​ពួក​សកម្មប្រយុទ្ធ​នេះ​ដើម្បី​ងើបឡើង​កាន់​អាវុធ​តស៊ូ​ជាមួយ​ពួកគេ​។​

​ក្រុមគ្រួសារ​ជាច្រើន​បាន​ប្រាប់ AFP ថា កូនប្រុស​និង​បងប្អូន​ប្រុស​របស់​ពួកគេ​បាន​ត្រឡប់​ទៅវិញ​ដើម្បី​ប្រយុទ្ធ​ឬ​ធ្វើដំណើរ​ឆ្លងកាត់​ព្រំដែន​ចូលទៅ​មី​យ៉ាន់​ម៉ា​វិញ នៅពេល​សាច់ញាតិ​របស់​ពួកគេ​បាន​ចាកចេញ​ផុតពី​អំពើហិង្សា​។​

​អូ​ម៉ា​និយាយថា បុរស​រ៉ូ​ហ៊ីង​យ៉ា​វ័យក្មេង​ចំនួន ៦៤ នាក់​បាន​ចូល​បម្រើកងទ័ព​របស់​គាត់​ក្នុង​រយៈពេល ២ ថ្ងៃ​មកនេះ ដោយ​ដើរ​ចេញពី​ជំរំ​បណ្តោះអាសន្ន​នៅក្នុង​ប្រទេស​បង់​ក្លា​ដែ​ស​ដើម្បី​ចូលរួម​ការប្រយុទ្ធ​នេះ​។​

​អូ​ម៉ា​ដែល​ពាក់​អាវយឺត​និង​ស្បែកជើងសង្រែក​និយាយថា “​ឥឡូវ​យើង​កំពុង​បង្វឹក​ពួកគេ​នៅក្នុង​ជំរំ​របស់​យើង​។ បុរស​ជាច្រើន​បានមក​ដល់ ហើយ​ក្រុម​សកម្មប្រយុទ្ធ​អាល់​យ៉ា​គីន​កំពុងតែ​រីកធំឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។ ឯករាជ្យ​របស់​យើង​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ទេ​” ៕ ដោយ៖កញ្ញាដាលីស

​ដកស្រង់​ពី​កាសែត​វៀតណាម vnexpress

ប៉ូលិស​មី​យ៉ាន់​ម៉ា​កំពុង​ដឹក​បុគ្គលិក​អ​.​ស​.​ប ភៀសខ្លួន​ចេញពី​ទីក្រុង​មួង​ដោ