ដោយៈសៅវ៉ាន់ឌី/ព្រះវិហារៈនៅខេត្តព្រះវិហារប្រជាកសិករមួយចំនួនមានកម្លាំងចិត្តក្នុងការដាំដំណាំល្ពៅដោយផ្លែល្ពៅមានតម្លៃខ្ពស់នៅលើទីផ្សារក្នុងស្រុកក៏ដូចនាំចេញទៅក្រៅប្រទេសជិតខាង។
លោកពឹងទ្រីដាប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារបានឱ្យដឹងនៅព្រឹកថ្ងៃទី១៩ ខែមិថុនាឆ្នាំ២០១៩នេះថាដោយសារតែមានការប្រកួតប្រជែងទីផ្សារក្នុងស្រុកនិងក្រៅស្រុកទៅលើដំណាំល្ពៅទើបធ្វើឱ្យដំណាំល្ពៅរបស់កសិករក្នុងខេត្តព្រះវិហារនៅតែមានតម្លៃខ្ពស់គឺមួយគីឡូក្រាមមានតម្លៃ២.៥០០រៀល។
លោក ពឹង ទ្រីដាបានបន្តថា ដំណាំផ្លែល្ពៅរបស់ប្រជាកសិករ នៅខេត្តព្រះវិហារត្រូវបានឈ្មួញកណ្តាល ចុះប្រមូលទិញដល់ចម្ការតែម្តងមានតម្លៃ២.៥០០រៀលក្នុងមួយគីឡូក្រាមបើប្រៀបធៀបទៅបណ្តាឆ្នាំកន្លងទៅ គឺមានតម្លៃខ្ពស់ហើយទិន្នផលក៏បានច្រើនដែរ។គឺ១ហិកតាទទួលបានទិន្នផល២០.០០០តោន ទៅ២៥.០០០តោន។
លោកពឹងទ្រីដាបានបន្តថាផ្លែល្ពៅរបស់កសិករខេត្តព្រះវិហារត្រូវបានឈ្មួញនាំទៅលក់នៅឯក្រុងភ្នំពេញនិងមួយផ្នែកទៀតនាំយកទៅលក់នៅប្រទេសថៃ។ដោយសារប្រទេសថៃគេយកផ្លែល្ពៅទៅចូលក្នុងរោងចក្រឧស្សាហកម្មកែច្នៃទៅជាផលិតផលផ្សេងៗ។កត្តាដែលធ្វើឱ្យតម្លៃផ្លែល្ពៅរបស់ប្រជាកសិករ នៅខេត្តព្រះវិហារមានតម្លៃខ្ពស់។
ដោយសារមានឈ្មួញកណ្តាល ចុះប្រមូលទិញច្រើន ទើបធ្វើឱ្យមានការប្រកួតប្រជែងតម្លៃទីផ្សារក្នុង និងក្រៅស្រុក ធ្វើឱ្យដំណាំល្ពៅមានតម្លៃខ្ពស់។ ឯកសិករអ្នកដាំដុះក៏ទទួលផលចំណេញច្រើនដែរ។
លោកបញ្ជាក់ទៀតថា ផ្ទៃដីដាំដំណាំល្ពៅក្នុងខេត្តព្រះវិហារ មានប្រមាណ២.០០០ហិកតា ហើយកសិករដាំដំណាំល្ពៅនៅក្រុងព្រះវិហារ មាននៅស្រុកសង្គមថ្មី និងស្រុកគូលែន៕S/