កសិករ​ម្នាក់​រកប្រាក់​ចំណូល​បាន​ខ្ទង់​ម៉ឺន​ដុល្លារ​បង្ហាញ​ពី​រៀប​ដាំ​ម្នាស់​ទឹកឃ្មុំ​

1175

(​ស្ទឹងត្រែង​)៖ ម្នាស់​ជា​ឈ្មោះ​ដំណាំ​មួយ​ប្រភេទ ស្លឹក​មាន​បន្លា​សណ្ឋាន​ស្រដៀង​នឹង​ស្លឹក​រំចេក​ផ្លែ​មាន​ក្រឡា​ដេរដាស​ជុំវិញ​ហៅថា​ភ្នែក​។​សំបក​ផ្លែ​ក្រាស់​ពេល​ទុំ​ក្លិនក្រអូប​ភ្លក្ស​ទៅ​មាន​រសជាតិ​ផ្អែម​លាយ​ភ្លាវ​ឬ​ជូរ​បន្តិចៗ​ប្រើ​ជា​អាហារ​។​

​នៅ​ប្រទេស​កម្ពុជា​យើង​ម្នាស់​មានឈ្មោះ​ខុសៗ​គ្នា ទៅតាម​តំបន់​ខ្លះ​ហៅថា​ម្នាស់ប្រាសាទ​,​ម្នាស់ឃ្វាំ​ឬ​ម្នាស់ខម​,​ម្នាស់សំពៅ​ជាដើម​។​ប៉ុន្តែ​នៅ​ខេត្តស្ទឹងត្រែង​គេ​ហៅថា​ម្នាស់​ទឹកឃ្មុំ​។​ម្នាស់​ខេត្តស្ទឹងត្រែង បើ​បាន​ភ្លក្ស​ទៅ មាន​រសជាតិ​ផ្អែម​ដូច​ទឹកឃ្មុំ ទើប​គេ​ហៅថា​ម្នាស់​ទឹកឃ្មុំ​។​

​កសិករ​ម្នាក់​រស់នៅ​ឃុំ​អូរ​ប្ញ​ស្សី​កណ្តាល ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង​បានបង្ហាញ​ពីបទ​ពិសោធន៍​ដាំ​ម្នាស់​ធ្លាប់​ឆ្លងកាត់​រយៈពេល​ជិត​១០​ឆ្នាំ​រៀបរាប់ថា​ក្រោយពី​បាន​ស្រាវជ្រាវ​លើ​វិស័យ​ដាំ​ដុះ នៅតាម​ប្រព័ន្ធ​អ៊ិន​ធើ​ណែ​ត​(YouTube)​និង​ឆ្លងកាត់​វគ្គ​បណ្តុះបណ្តាល​ពីសា​លា​ផ្នែក​កសិកម្ម​ទើប​ធ្វើឱ្យ​ករុណា​សម្រេចចិត្ត​ដាក់ខ្លួន​ធ្វើជា​អ្នកចម្ការ​ដាំ​ម្នាស់​។​

​ពូជ​ម្នាស់​ដាំ​នៅ​ស្ទឹងត្រែង​សព្វថ្ងៃជា​ពូជ​មកពី​ប្រទេស​ឡាវ​។​

​ដោយសារតែ​ខេត្តស្ទឹងត្រែង អំណោយផល លើ​ផ្នែក​សណ្ឋាន​ដី​និង​មាន​ប្រភពទឹក​ទើប​កសិករ​ក្នុង​ខេត្ត​មួយ​នេះ​អាច​ដាំ​ម្នា​ស់បាន​គ្រប់​ទីកន្លែង​។​ម្នាស់​នៅ​ខេត្តស្ទឹងត្រែង​ខុសពី​ខេត្ត​ដទៃ​ព្រោះថា​វា​មាន​រសជាតិ​ផ្អែម​ចាប់​មាត់​ស្អិត​ដូច​ទឹកឃ្មុំ​។ ហេតុនេះហើយ​បានជា​កសិករ​នៅ​ស្ទឹងត្រែង​ដាក់ឈ្មោះថា​ម្នាស់​ទឹកឃ្មុំ​រហូតមក​។​

​បន្ថែម​ពីនេះ​ដំណាំ​ម្នាស់ ត្រូវបាន​លើកយក​ទៅ​សម្តែង ជាប់​ឈ្មោះ​ជា​របាំ ភោគផល​ម្នាស់​ទឹកឃ្មុំ​ថ្នាក់ជាតិ នៅ​ក្រុងភ្នំពេញ​ហើយ​ទទួលស្គាល់​ដោយ ក្រសួង​វប្បធម៌​និង​វិចិត្រ​សិប្បៈ​ទៀតផង​។​

​ម្ចាស់​ចម្ការ​ខាងលើនេះ​បាន​បញ្ជាក់ថា ផ្ទៃដី​ដាំ​ម្នាស់​ដែល​កំពុង​ឈរ​ជាមួយ​អ្នកកាសែត​រស្មី​កម្ពុ​ជាមាន​ទំហំ​ប្រហែល​២០​ហិកតា​។​ទីនេះ​ស្ថិតនៅ​មិន​ឆ្ងាយ​ពី​ប្រភពទឹក ប៉ុន្មាន​ឡើយ​ទើប​គេ​អាច​ប្រើ​ប្រព័ន្ធ​ទុយោ​បូ​ប​ទឹក​ដើម្បី​ស្រោចស្រព​ម្នាស់​បាន​គ្រប់ពេល​។​

​ម្នាស់​ដែល​បាន​ដាំ​ត្រូវ​ជ្រើសរើស​ពូជ​ខ្នែង​ដុះ​ល្អៗ ដាក់​លើ​ថ្នាល​សម្អាត​រួចរាល់​ក្នុង​ចន្លោះ​៤​តឹក​និង​ពី​គុម្ព​ទៅមួយ​ទៀត មាន​ប្រវែង​រង​១​ទៅ​១,៥០​ម៉ែត្រ​។​ដើម្បី​ដាំ​ឱ្យទទួល​បាន​ផល​ច្រើន​គឺ​ត្រូវ​ប្រើ​ប្រព័ន្ធ​ដំណក់ទឹក​។​ចំណុច​សំខាន់​គឺ​ការគ្រប់គ្រង​ទឹក​ឱ្យ​បានល្អ​និង​សម្អាត​ស្មៅ​។​អ្នក​ដាំ​ម្នាស់​ទាំងអស់​បើ​ធ្វើ​មិនបាន​ពីរ​ចំណុច​នេះ​ទេ​អាចនឹងទទួល​បរាជ័យ​ក្នុង​ការដាំ​ម្នាស់​ជាមិនខាន​។​

​ប្រព័ន្ធ​តំណក់ទឹក​អាច​ទទួលបាន​ផល ពី​៦០​ទៅ​៧០​តោន​ក្នុង​១​ហិកតា​។​កសិករ​អាចមាន​ដី​ដាំ​ត្រឹមតែ​៥០​ម៉ែត្រ​បួន​ជ្រុង​ក៏​អាច​ដាំ​ម្នាស់ ដោយ​មិន​ប្រើ​ប្រព័ន្ធ​តំណក់​ទឹកបាន​។​តែបើ​ដាំ​ច្រើន​ហិកតា​ត្រូវ​ប្រើ​កម្លាំង​ពលកម្ម​ច្រើន​ក្នុងការ​មើលថែទាំ​។​

​លោក​ករុណា​ដែលជា​ម្ចាស់​ចំការ​បាន​អះអាងថា ផ្ទៃដី​ចម្ការ​ម្នាស់​របស់លោក​បាន​ចំណាយ​ដើមទុន​ក្នុង​១៥.០០០​ដុល្លារ​ក្នុង​មួយ​ហិកតា​ដើម្បី​ដាំ​។ ក្រោយពី​ដាំ​រួច ក្នុង​រយះពេល​១៤​ខែ ទើប​អាច​បាន​ផល​។​ក្នុងនោះ​រយះពេល​៤​ទៅ​៦​ខែ ទើប​ចេញ​ផ្កា​ដល់​១៤​ខែ​ទើប​ប្រមូល​ផល​។​គិត​ជា​មធ្យម​ផ្លែ​មួយ​អាច​លក់បាន​តម្លៃ​៣.០០០​រៀល​។ ចំពោះ​ផ្លែ​ណា ដែល​ធំ ក៏​អាច​លក់បាន​១៥.០០០​រៀល​ក្នុង​១​ផ្លែ​ផងដែរ​។​ផល​ម្នាស់​នេះ គេ​អាច​លក់បាន​តម្លៃ​ប្រហែល​២៥.០០០​ដុល្លារ​ក្នុង​១​ហិកតា​។​នេះ​បើតាម​ការបញ្ជាក់​ពី​លោក​ករុណា​ម្ចាស់​ចម្ការ​ដាំ​ម្នាស់​នៅ​ឃុំ​អូរ​ប្ញ​ស្សី​កណ្តាល​ស្រុក​សៀម​បូក​ខេត្តស្ទឹងត្រែង​។​

​ជា​ចុងក្រោយ​លោក​ករុណា​បាន​ផ្ញើ​សារ​ទៅ​កសិករ​អាច​ចង់​ដាំ​ម្នាស់​ទទួលបាន​ផល​ជោគជ័យ​មកជួប​លោក​ដោយ​ផ្ទាល់ ឬក៏​តាម​ប្រព័ន្ធ​ទូរស័ព្ទ ដើម្បី​ទទួលបាន​បទពិសោធន៍​ដាំ​និង​បច្ចេកទេស​ក្នុង​ការដាំ​ម្នាស់​ទឹកឃ្មុំ​៕