កសិករ​រាប់ម៉ឺន​នាក់​លើកគ្នា​ជិះ​ត្រាក់ទ័រ​ទៅ​តវ៉ា​ដល់​កណ្ដាល​ក្រុង​បែរ​ឡាំង​

393
ចែករម្លែក

កសិករ​រាប់ម៉ឺន​នាក់​បាន​លើកគ្នា​ជិះ​ត្រាក់ទ័រ​ពី​ជនបទ ទៅដល់​កណ្ដាល​រដ្ឋធានី​បែរ​ឡាំង ប្រទេស​អាល្លឺម៉ង់ កាលពី​ថ្ងៃទី​២៦ ខែវិច្ឆិកា ដោយ​ប្រមូល​ផ្តុំគ្នា​នៅ​ខ្លោងទ្វារ​ប្រវត្តិ សាស្ត្រ Brandenburg Gate ហើយ​បាន​បិទ​ចរាចរណ៍​ទៅមក ដើម្បី​សម្ដែង​ការជំទាស់​នឹង​គោល នយោបាយ​កសិកម្ម​ដែល​រដ្ឋាភិបាល​បានដាក់​ចេញ​។
​ ​
ប្រព័ន្ធ​ផ្សព្វផ្សាយ​បានឱ្យដឹងថា កសិករ​រហូតដល់​ទៅ​ប្រមាណ ១០.០០០ នាក់​បាន​លើកគ្នា បើក​ត្រាក់ទ័រ​ប្រហែល ៥.០០០ គ្រឿង​ចូល​កណ្ដាល​រដ្ឋធានី​។
​ ​
​កសិករ​ទាំងនេះ​អះអាងថា ការ​រឹតបន្តឹង​ថ្មី​ទៅលើ​ការប្រើប្រាស់​ថ្នាំ​សម្លាប់​ស្មៅ និង​សត្វល្អិត ដែល​រដ្ឋាភិបាល​ទើប​ដាក់ចេញ​មាន​លក្ខណៈ​តឹងរ៉ឹង​ខ្លាំងពេក ហើយ​ថា រដ្ឋាភិបាល​កំពុងតែ​ធ្វើ ឱ្យ​កសិកម្ម​ក្នុងស្រុក​មិនអាច​ប្រកួតប្រជែង​ជាមួយ​ផលិតផល​កសិកម្ម​នាំចូល​។​
​ ​
បដា​មួយ​សរសេរថា “​ក្នុងចំណោម​ប្រជាជន​ទាំង ៧,៥ ពាន់​លាន​នាក់ មាន ២០០​លាន​នាក់ អាច​ផ្គត់ផ្គង់​ចំណីអាហារ​ខ្លួនឯងបាន​តាមរយៈ​ការ​បរបាញ់ ក្រៅពីនោះ​គឺ​ត្រូវការ​កសិករ​”​។ បដា​មួយទៀត​សរសេរថា “​បើ​គ្មាន​កសិករ ក៏​គ្មាន​ស្បៀង​ដែរ​។ ពួកយើង​ជា​អ្នក​បំពេញ ក្រពះ​របស់​អ្នក​”​។
​ ​
ក្បួន​ត្រាក់ទ័រ​បាន​បើក​យឺតៗ​ក្នុង​បំណង​ធ្វើយ៉ាងណា​ឱ្យ​បង្ក​ការកកស្ទះ​ក្នុង​ម៉ោង​មាន​មនុស្ស ធ្វើដំណើរ​ទៅមក​ច្រើន​។ ប៉ូលិស​រាយការណ៍​ថា មាន​គ្រោះថ្នាក់ ២​ករណី​កើតឡើង​បង្ក ដោយ​រថយន្ត​ដែល​ព្យាយាម​បើក​ឆ្លងកាត់​ក្បូន​ត្រាក់ទ័រ​។​
​ ​
ទោះជា​យ៉ាងណា គ្មាន​ព័ត៌មាន​លម្អិត​បន្ថែមទៀត​ទេ​ជុំវិញ​ការតវ៉ា​នេះ​៕ ប្រែ​សម្រួលៈ​ខុម​