កសិករ​ស្រុក​កៀនស្វាយ​និង​ស្រុក​លើកដែក​សម្រុក​ប្រមូល​ផល​ខណៈ​ទឹកទន្លេ​មេគង្គ​ហក់​ឡើង​ខ្លាំង​

1607
ចែករម្លែក

(​កណ្តាល​) ៖ ខណៈដែល​ស្ថានភាព​ទឹកទន្លេ​មេគង្គ​កំពុង​ហក់​ឡើង​ខ្លាំង និង​បណ្តាល​ឲ្យ​លិច​ផលដំណាំ​ប្រជាកសិករ​ជាច្រើន​ដែល​រស់នៅក្នុង​​ស្រុក​កៀនស្វាយ​និង​ស្រុក​លើកដែក​ខេត្តកណ្តាល​។​ក្នុងស្ថានភាព​នេះ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុងស្រុក​កៀនស្វាយ បាន​រៀបរាប់​ប្រាប់សារពត៌មានក្នុងស្រុកមួយថា ដីចម្ការ​របស់​ពួក​កាត់​តាម​ជួរ​មាត់ទន្លេ​បាន​លិចលង់​ស្ទើរ​ទាំងអស់ ដែល​តម្រូវ​ឲ្យ​ពួកគាត់​ត្រូវ​សម្រុក​ចុះ​ប្រមូល​ផល​យ៉ាង​ញាប់ដៃ​ញាប់ជើង ទោះបី​ដំណាំ​ពោត​មិនទាន់​ទុំ​ក៏ដោយចុះ​។​
​ ​
​ពួកគាត់​បាន​បន្ដថា ទឹក​ឆ្នាំនេះ​ហក់​ឡើង​លឿន​ខុសពី​ឆ្នាំមុនៗ ទើប​ពួកគាត់​មិនអាច​ត្រៀមខ្លួន​ទាន់​និង​បណ្តាល​ឲ្យ​ផលដំណាំ​របស់​​ដែល​ដាំ​តាម​ជួរ​ដង​ទន្លេមេគង្គ​រង​ការ​លិច​ស្ទើរតែ​គ្រប់​ទីកន្លែង​។
​ ​
​យ៉ាងណាក្ដី​ចំពោះ​បញ្ហា​នេះ លោក​អ៊ូ ឈាង អភិបាលស្រុក​កៀនស្វាយ​បាន​ឲ្យ​ដឹងថា​ចំពោះ​ផលដំណាំ​របស់​បងប្អូន​ប្រជាកសិករ​ជួរ​មាត់​​ទន្លេ​វា​តែងតែ​លិច​ជា​រៀងរាល់ឆ្នាំ​នា​រដូវ​ទឹក​ឡើង​។ ក្នុង​ពេលនេះ​អាជ្ញាធរ​ស្រុក​ក៏បាន​បិទទ្វារ​ទឹក​តាម​ព្រែក​គ្រប់កន្លែង​រង់ចាំ​ប្រជា​កសិករ​ខាងលិច​ថ្នល់​ប្រមូល​ផល​អស់​ទើប​អនុញ្ញាត​ឲ្យ​បើកទ្វារ​ទឹក​។​
​ ​
​ដោយឡែក​ទាក់ទិន​នឹង​តម្លៃ​ទីផ្សារ​ក្នុងឆ្នាំនេះ លោក​ឃឹម សុផល ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​បាន​ឲ្យ​ដឹងថា​តម្លៃ​ពោត​និង​ស្រូវ​ក្នុង​​ឆ្នាំ​២០១៦​តម្លៃ​ជាង​១០០០​រៀល ៩០០​រៀល ឬ ៨០០​រៀល ឥឡូវ​ឆ្នាំនេះ​ចំពោះ​ពោត​ធ្លាក់​មក​នៅ​តម្លៃ​៦៥០​រៀល​ក្នុង​មួយ​គីឡូក្រាម​។​
​ ​
​លោក​ប្រធាន​មន្ទីរ​អះអាងថា បន្តិចទៀត​នឹង​ឡើងថ្លៃ​ខ្ពស់​វិញ ដោយសារ​មាន​ខាង​ក្រុមហ៊ុន​ស៊ី​ភី និង​ឈ្មួយ​ជនជាតិ​វៀតណាម ចូលមក​ទិញ​តាម​បណ្តា​ស្រុក​ជិតខាង​គ្នា​។ ក្នុង​ពេលនេះ​មិនទាន់មាន​ឈ្មួញ​ចុះ​គឺ​ដោយសារ​កសិករ​គាត់​សម្រុក​ប្រមូល​ផល ខណៈ​ទឹក​លិច​ពោត​មុន​រដូវ​ដែល​ឈ្មួញ​មិនទាន់​ចុះមក​ទិញ​៕​ដោយៈ​វិបុល​