កសិករ​អំពាវនាវ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ឲ្យ​ជួយ​រក​ទីផ្សារ​ផលិតផល​ម្រេច​កំពត​

933

(​កំពត)​៖ គ្រប់​ម្ចាស់​កសិដ្ឋាន​ដំណាំ​ម្រេច​ក្នុង​ខេត្តកំពត និង​ខេត្ត​កែប​កំពុងមាន​បញ្ហា​ចំពោះ​ការលក់​ផលិតផល​របស់ខ្លួន​មិន​ចេញ ជាហេតុ​នាំ​ឲ្យ​ជួប​ការលំបាក សម្រាប់​ការចំណាយ​ប្រចាំថ្ងៃ​លើ​មុខរបរ​នេះ​។ បើ​ពុំមាន​កិច្ច​អន្តរាគមន៍​ពី​ស្ថាប័ន​ជំនាញ​នូវ​ការស្វែងរក​ទីផ្សារ​ទេនោះ វិស័យនេះ​នឹងរង​វិបត្តិ​ធ្ងន់ធ្ងរ​បំផុត​។​

​លោក ហ៊ីង ចាន់ថា​រិ​ទ្ធ អាយុ ៤៩​ឆ្នាំ ជា​ម្ចាស់​កសិដ្ឋាន​ដំណាំ​ម្រេច​ដែលមាន​ទីតាំង​ក្នុងភូមិ​អង្គ្រង ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច ខេត្តកំពត​បាន​រៀបរាប់ថា ព្រោះតែ​ការលក់​មិន​ចេញ ពេលនេះ ផលិតផល​ម្រេច​របស់លោក​កំពុង​ជាប់​ក្នុង​ស្តុក​រហូតដល់​ជាង​បី​តោន​។ កាលពី​ប្រហែល​បួន​ខែ​មុន ខាង សមាគម​ម្រេច​កំពត​បាន​ទទួលយក​ម្រេច​លោក​ជាច្រើន​រយ​គីឡូក្រាម​ដែរ ប៉ុ​ន្ត​តែ​រហូតមក​ដល់ពេលនេះ ពុំទាន់​ទូទាត់​ឲ្យ​គាត់​នៅឡើយ​ទេ ដោយ​អះអាងថា​ប្រមូល​លុយ​ពី​អ្នកទិញ​បន្ត​មិនបាន​។ ម្ល៉ោះហើយ​ធ្វើ​ឲ្យ​លោក​ជួប​ការលំបាក​សម្រាប់​ចំណាយ​ប្រចាំថ្ងៃ​យ៉ាងខ្លាំង​។

​ម្ចាស់​កសិដ្ឋាន​រូបនេះ​បញ្ជាក់ថា លោក​មាន​ម្រេច​ចំនួន​១៥.៣០០​ជន្លង់ ដោយ​ប្រើប្រាស់​កម្លាំង​ពី​៤០​នាក់​ទៅ​៥០​នាក់​ជាប្រចាំ និង​ត្រូវ​ចំណាយ​សរុប​ប្រមាណ​៤.០០០​ក្នុង​មួយខែ​។ សម្រាប់​អ្នក​បាន​ទទួលផល និង​លក់​ឲ្យ​សមាគម​កន្លង​មកជួប​ការលំបាក ឬ​ងាយស្រួល​យ៉ាងណា​មិនបាន​ដឹង​ទេ​ព្រោះ​លោក​ទើបតែ​ដល់ពេល​ប្រមូល​ផល​ក្នុងឆ្នាំនេះ ឯ​ឆ្នាំមុន​សាកល្បង​ទុក​បាន​៣០០​គីឡូក្រាម ក្រៅពី​ការ​បេះ​ផ្លែ​ដំបូង​ចោល​នោះ​។

​លោក ចាន់ថា​រិ​ទ្ធ បាន​បញ្ជាក់ថា តម្លៃ​ម្រេច​ដែល​សមាគម​បានកំណត់​រួមមាន ប្រភេទ​លេខ​មួយ​ពណ៌​ស ២៨​ដុល្លារ ក្នុង​មួយ​គីឡូក្រាម លេខ​ពីរ ពណ៌​ក្រហម ២៥​ដុល្លារ និង​លេខ​បី​ពណ៌​ខ្មៅ ១៥​ដុល្លារ​។ តម្លៃ​នេះ ទាំង​លោក និង​សមាជិក​គ្រប់គ្នា​មិន ជំទាស់​ទេ តែ​សូម​ឲ្យ​ការប្រមូលទិញ​ពី​អ្នក​ផលិត​មាន​លក្ខណៈ​ប្រសើរ​ជាង​នេះ​ដោយ​កុំ​ប្រកាន់​បក្ខពួក​។​

​លោក សម ភាព អាយុ ៤១​ឆ្នាំ អ្នកមើល​ការងារ​នៅ​កសិដ្ឋាន​ដំណាំ​ម្រេច​ក្នុងភូមិ​ចម្ការ​បី ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប​បាន​ពន្យល់ថា ជាធម្មតា​ដំណាំ​ម្រេច​ចាប់ផ្តើម​ផ្លែ​តាំងពី​ដាំ​បាន​មួយឆ្នាំ​ម្ល៉េះ​។ ប៉ុន្តែ​ចាំបាច់​ត្រូវតែ​បេះ​ចោល ហើយ​ធ្វើ​ជាប់ៗ​គ្នា​ពី​បី​ឆ្នាំទៅ​ប្រាំ​ឆ្នាំ​។ បើ​មិន​ដូច្នេះ​ទេ ដើម​ម្រេច​អាច​ប្រឈម នឹង​ការ​ងាប់​ដើម ឬ​អាច​រក្សាទុក​ពាក់កណ្តាល​ចាប់ពី​ឆ្នាំ​ទី​បី​អាស្រ័យ​លើ អ្នក​ដាំ​ពិនិត្យមើល​គុណភាព និង​កម្លាំង​ដើម​ដែល​ទ្រទ្រង់បាន​។ ចាប់ពី​នោះ​ទៅ ផល​នឹង​ទទួលបាន​យូរអង្វែងរ​ហូត​រាប់សិប​ឆ្នាំ ប៉ុន្តែ​ត្រូវការ​ថែទាំ​យ៉ាង​ដិតដល់​បំផុត​។

​អ្នក​ថែ​ដំណាំ​ម្រេច​រូបនេះ​បញ្ជាក់ថា និយាយ​រួម​មុខរបរ​ដាំ​ម្រេច​មានកា​លំបាក ណាស់​ទម្រាំ​ទទួលផល ហើយ​ត្រូវ​ចំណាយលុយ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ទៀតផង​។​

មានការ​និយាយ​ស្រដៀងៗ​គ្នា ក្នុងចំណោម​ក្រុម​កសិករ​ដាំ​ម្រេច​ថា ពេល​ចាប់ផ្តើម​ចងក្រង និង​ដឹក នាំ​ដោយ​សមាគម​នៅ​គ្រា​ដំបូង​មាន​លក្ខណៈ​ល្អប្រសើរ​។ ប៉ុន្តែ​មកដល់​សព្វថ្ងៃ ភាពអយុត្តិធម៌​កំពុង​កើតឡើង​ពេញបន្ទុក ពោលគឺ​អ្នកដឹកនាំ​ហាក់​ពុំមាន​សមត្ថភាព​គ្រប់គ្រង​តែម្តង​។ ព្រោះតែ​ការលក់​មិន​ចេញ ទើប​កើតមាន​រូបភាព​ឈ្មួញ​ដើរ​ទិញ ពី​កសិករ​ថោក​ជាង​តម្លៃ ដែល​សមាគម​ធ្លាប់​កំណត់​។ ប៉ុន្តែ​មិនឃើញ ប្រធាន​សមាគម​ទប់ស្កាត់​សោះ និង​មើលទៅ​ហាក់ដូចជា​ឃុបឃិត បើកឱកាស​ឲ្យ​ធ្វើបាប​កសិករ​តែម្តង​។ សម្រាប់​អ្នកមាន​ដើមទុន​ច្រើន គេ​អាច​ស្តុក​ទុក​បាន តែ​អ្នក​ខ្វះខាត​ចាំបាច់​ត្រូវតែ​លក់​ដើម្បី​យកប្រាក់​មក ប្រើប្រាស់​បន្ត​។ ក្រុម​អ្នក​ដាំ​ម្រេច​បាន​សំណូមពរ សូម​ឲ្យ​សមាគម​កែប្រែ​បែបបទ​ក្នុងការ​គ្រប់គ្រង និង​អំ ពា​វនា​វ​ចំពោះ​ស្ថាប័ន​ពាក់ព័ន្ធ​មេត្តាជួយ​រក​ទីផ្សារ​សម្រាប់​ម្រេច​កំពត​ដើម្បី​បាន​តម្លៃ​ខ្ពស់ជាង​សព្វថ្ងៃនេះ​។​

​ជុំវិញ​បញ្ហា​ខាងលើ លោក​ងួន ឡាយ ប្រធាន​សមាគម​ម្រេច​កំពត​បាន​រៀបរាប់ថា មកដល់​សព្វថ្ងៃ​នៅក្នុង​សមាគម​ម្រេច​កំពត មាន​អ្នកទិញ​លក់​បន្ត​ចំនួន​២១​នាក់​។ សមាគម​មាន​តួនាទី​ជា​បង្គោល​សម្រាប់​កសិករ​ក្នុង​ការប្រមូលទិញ និង​លក់​បន្ត​ប៉ុណ្ណោះ​។ ចំណែក​សហគមន៍​ដែល​ចំណុះ ដោយ​សមាគម​ជា​អ្នក ស្វែងរក​ទីផ្សារ​សម្រាប់​បញ្ចេញ​ផលិតផល​។ ពិតមែន​ហើយ ដោយសារ​ឆ្នាំនេះ អ្នកបញ្ជា​ទិញ​មិនបាន​ដាក់ លុយ​កក់​ដូច​បណ្តា​ឆ្នាំ​កន្លងទៅ ទើប​សមាគម​ជួប​ការលំបាក រហូត​ត្រូវយក​ផលិតផល​របស់​កសិក​រ​ទៅ​លក់ រួចរាល់ និង​ទូទាត់​លុយ​ជា​ក្រោយ​។ ម្យ៉ាងទៀត​ព្រោះតែ​អាកាសធាតុ​ប្រែប្រួល​ធ្វើ​ឲ្យ​ម្រេច​កំពត​មានគុណ ភាពខុស​ពីមុន​ដែល​ទើប​អ្នកបញ្ជា​ទិញ​មានការ​ប្រយ័ត្នប្រយែង​។ ក្នុង​ខេត្ត​ទាំងពីរ អ្នក​ដាំ​ម្រេច​មាន​ចំនួន ៣៨៧​គ្រួសារ លើ​ទំហំ​ផ្ទៃដី​២១៩​ហិកតា​។ មកដល់ពេលនេះ រដូវ​ប្រមូល​ផល​មិនទាន់​បញ្ចប់​នៅឡើយ តែ​ទិន្នន័យ​ទទួលបាន​មាន​ចំនួន​១០០​តោន ដោយ​ជ្រើសរើស​ម្រេច​មានគុណ​ភាព​តាម​ស្តង់ដារ​បាន​៨០​តោន និង​លក់​ចេញ​ប្រមាណ​៤៥​តោន​។

​លោក​ប្រធាន​បាន​បន្តថា ម្រេច​កំពត​ដែល​ប្រកបដោយ​គុណភាព​នេះ មាន​គោលដៅ​លក់​ចេញទៅ​បរទេស​ចំនួន​៧០​ភាករយ និង​លក់​ក្នុងប្រទេស​៣០​ភាគរយ​។ ឯ​ការដើរ​ទិញ ពី​ឈ្មួញ​ដែល​ត្រូវ​កសិករ​រិះគន់​នោះ លោក​ងួន ឡាយ​បាន​បញ្ជាក់ថា ថ្នាក់ដឹកនាំ​សមាគម​បាន​ពិភាក្សា រួចរាល់ ហើយនឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ចំពោះ​អ្នកប្រព្រឹត្ត ព្រោះ​ជា​ចលករ​មួយ​ធ្វើ​ឲ្យ​បាត់បង់​ទាំង​គុណភាព ទាំង​តម្លៃ​ម្រេច​កំពត​ដែល​គេ​ធ្លាប់​ទទួលស្គាល់​ជា​លំដាប់​អន្តរជាតិ​នេះ​។

​តាម​ការផ្សាយ​របស់​ប​ណ្តា​ញ​ព័ត៌មាន​បរទេសមួយ បាន​ឲ្យ​ដឹងថា ម្រ​ច​កំពត​លក់​នៅ​ទីផ្សារ​អឺរ៉ុប​មួយ គីឡូក្រាម​តម្លៃ​៤២៥​ដុល្លារ ខណៈដែល​ម្រេច​វៀតណាម​តម្លៃ​ត្រឹម ៨​ដុល្លារ​ប៉ុណ្ណោះ​។ ដូច្នេះ ស្ថាប័ន​ពាក់ព័ន្ធ​គួរពិនិត្យមើល​ដំណើរការ​គ្រប់គ្រង​រប​ស់​សហគមន៍​ម្រេច​កំពត និង​ជួយ​ជ្រោមជ្រែង​ក្នុង​ការរក​ទីផ្សារ​ជូន​កសិករ​ចំពោះ​វិស័យនេះ​ផង​៕​

កសិករ​អំពាវនាវ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ឲ្យ​ជួយ​រក​ទីផ្សារ​ផលិតផល​ម្រេច​កំពត​ (រូប៖ កំពត)