កសិករ​២២​នាក់​ត្រូវបាន​ចាប់ខ្លួន​នៅ​ឥណ្ឌា​ពីបទ​បង្ក​ការបំពុល​ខ្យល់​អាកាស​

168
ចែករម្លែក

មន្ត្រី​រដ្ឋាភិបាល​ម្នាក់​បាន​និយាយ​ថា​កសិករ​ចំនួន​២២​នាក់​ត្រូវបាន​ចាប់ខ្លួន​នៅ​ប្រទេស​ឥណ្ឌា​ភាគ​ខាងជើង​កាលពី​ថ្ងៃ​ពុធ​ទី​២០​វិច្ឆិកា​ពីបទ​ដុត​សម្អាត​សំណល់​តាម​វាលស្រែ​របស់​​ពួកគេ​ដែល​នាំឱ្យ បំពុល​ខ្យល់អាកាស​អាក្រក់​បំផុត​នៅ​ប្រទេស​នេះ​។​

​អ្នកនាំពាក្យ​រដ្ឋាភិបាល​នៅ​រដ្ឋ​អ៊ុត​តា ប្រា​ដែស បាន​និយាយថា ពួក​អ្នក​ដែល​ត្រូវបាន​ចាប់ខ្លួន​នៅ​ទីក្រុង​ភី​លី​ប​ហ៊ី​ត ​រដ្ឋ​អ៊ុត​តា ប្រា​ដែស ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ពីបទ​មិន​​គោរព​បម្រាម​ដុត​សំណល់​ដំណាំ​និង​ធ្វើឱ្យពុល​បរិយាកាស​។​

​តុលាការ​កំពូល​របស់​ប្រទេស​ឥណ្ឌា​កាលពី​សប្តាហ៍​មុន​បាន​បញ្ជា​ឱ្យ​ពិន័យ​ជា​ទឹកប្រាក់​រហូតដល់ ១០០.០០០ រូ​ពី (១.៤២០ ដុល្លារ​) សម្រាប់​អ្នក​ដែល​បំពុល​ខ្យល់​បរិយាកាស​នេះ​។​

​ការ​បំពុល​បរិយាកាស​នៅ​ប្រទេស​ឥណ្ឌា​ភាគ​ខាងជើង​កើនឡើង​ខ្ពស់​នៅក្នុង​រដូវរងារ​ដោយសារ​ផ្សែង​ចេញពី​ការដុត​សំណល់​កសិកម្ម​។​ផ្សែង​នេះ​លាយឡំ​ជាមួយ​ការបំភាយ​ឧស្ម័ន​​ពុល​ពី​យានយន្ត​និង​ធូលី​សំណង់​។​

​ស​ន្ទ​ស្សន៍​គុណភាព​ខ្យល់​នៅ​ក្រុង​ញូវដេលី​បានឡើង​លើសពីក​ម្រិត​៥០០ ដែល​ប្រហែល​១០ ដង​នៃ​កម្រិត​គុណភាព​ខ្យល់​អតិបរិមា​ដែល​បាន​ណែនាំ​កាលពីដើម​ខែ​នេះ​ប៉ុន្តែ​ខ្យល់​ខ្លាំង​​បានធ្វើអោយ​ស​ន្ទ​ស្សន៍​គុណភាព​ខ្យល់​នៅ​ក្រុង​ញូវដេលី​ធ្លាក់​មក​នៅ​កម្រិត​២៥០ នៅ​សប្តាហ៍​នេះ​។​

​កាលពី​ថ្ងៃ​អង្គារ​សមាជិក​សភា​ប្រឆាំង​ជាច្រើន​នាក់​នៅក្នុង​សភា​ឥណ្ឌា​បានទាមទារ​ឱ្យ​រដ្ឋាភិបាល​ផ្តល់​ការលើកទឹកចិត្ត​ដល់​កសិករ​និង​ផ្តល់​គ្រឿង​ម៉ាស៊ីន​ដើម្បី​កាត់​និង​ប្រមូល​​សំណល់​ដំណាំ​ដើម្បី​បញ្ឈប់​ការដុត​សម្អាត​វាលស្រែ​និង​ចម្ការ​នៅ​មុន​ពេល​ដាំ​ដំណាំ​ជាថ្មី​នោះ​៕​ដោយ​៖​សុខា​/sn

ផ្សែង​អាក្រក់​គ្របដណ្តប់​លើ​ទីក្រុង​ញូវដែលី ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃ​អង្គារ​