កសិករ​:​មើមដំឡូង​មី​ឆ្នាំ​​នេះ​មានតម្លៃ​ខ្ពស់ជាង​ឆ្នាំមុន​ទោះជា​ដក​មុន​កំណត់​

1348
ចែករម្លែក

ដោយ : ភ្នំ​ស្វាយ​/បន្ទាយមានជ័យ : អ្នក​ដាំ​ខ្លះ​បាន​និយាយថា មើមដំឡូង​មី​នៅ​ឆ្នាំ​២០១៨​នេះ ទោះ​ប្រមូល​ក្នុង​រដូវវស្សា​និង​មិន​គ្រប់​ខែ​ក៏មាន​តម្លៃ​ខ្ពស់ជាង​ឆ្នាំមុន​ដែរ​ព្រោះ​ទីផ្សារ​មាន​ទាំង​ខាង​ព្រំដែន​វៀតណាម​និង​ខាង​ព្រំដែន​ថៃ​។​

កសិករ​:​មើមដំឡូង​មី​ឆ្នាំ​២០១៨​នេះ​មានតម្លៃ​ខ្ពស់ជាង​ឆ្នាំមុន​ទោះជា​ដក​មុន​កំណត់​

កសិករ​ឈ្មោះ​ឆេង​រស់នៅ​ភូមិ​ព្រីង​កោង​ឃុំ​បុ​ស្បូវ​ស្រុក​ព្រះនេត្រព្រះ​ប្រាប់​កាសែត​រស្មី​កម្ពុជា​ល្ងាច​ថ្ងៃទី​៣០​ខែសីហា​ថា​ដីចម្ការ​ដំឡូង​មី​នៅ​នៅ​ឃុំ​នេះ​ជា​ដីស្រែ​ទួល​ហើយ​កសិករ​នាំគ្នា​កែប្រែ​ពី​ធ្វើ​ស្រូវ​មក​ធ្វើការ​ដាំដំឡូង​មី​។​ហេតុនេះ​វា​មិនបាន​ទិន្នផល​និង​គុណ​ភាពល្អ​ដូច​ដំឡូង​មី​ដាំ​នៅ​ដីចម្ការ​មែនទែន​នៅឯ​ស្រុក​ស្វាយចេក ថ្មពួក ភ្នំស្រុក​ឬ​ម៉ាឡៃ​ទេ ។​
កសិករ​បន្តថា ដោយ​សណ្ឋាន​ដី​បែបនេះ ទើប​ខ្លួន​និង​កសិករ​ដទៃទៀត​នៅ​ឃុំ​នេះ បាននាំគ្នា​ដក​មើមដំឡូង​មី​នៅមុន​កំណត់​ព្រោះ​បារម្ភ​ភ្លៀង​ជោកជាំ​មក វា​នឹង​រលួយ​។ ប៉ុន្តែ ទោះបីជា​មើមដំឡូង​មី​អាយុ​ត្រឹម​៦​ខែ​ក៏​មើម​ស្រស់​នៅ​ឆ្នាំនេះ​លក់បាន​ថ្លៃ​ពី​២,២​ទៅ​២,៤​បាត​(​ប្រាក់​ថៃ​)​ក្នុង​មួយ​គីឡូក្រាម​(១​បាត​ប្រហាក់ប្រហែល​ជាង​១២០​រៀល​)​គឺ​ថ្លៃ​ជាង​ឆ្នាំ​២០១៧ ដែល​លក់​បានតែ​១,៤​ទៅ​១,៥​បាត​ក្នុង​មួយ​គីឡូក្រាម​។​

កសិករ​:​មើមដំឡូង​មី​ឆ្នាំ​២០១៨​នេះ​មានតម្លៃ​ខ្ពស់ជាង​ឆ្នាំមុន​ទោះជា​ដក​មុន​កំណត់​

ចំណែក​កសិករ​ឈ្មោះ ស៊ីតុ​ក​និង​ប្តី​ឈ្មោះ​សូ ហ៊ឺ រស់នៅ​ឃុំ​សា​រង្គ​ស្រុក​ស្វាយចេក មក​ធ្វើ​ចម្ការ​ក្បែរ​កសិករ​ខាងលើ ប្រាប់​កាសែត​រស្មី​កម្ពុជា​ល្ងាច​ថ្ងៃទី​៣០​ខែសីហា​ថា ប្រពន្ធ​ប្តី​វ័យក្មេង​របស់ខ្លួន​បានធ្វើ​ស្រែ​ផង​និង​ធ្វើ​ដំឡូង​មី​លើ​ផ្ទៃដី​មួយ​ហិកតា ។​មកទល់ពេលនេះ ដំឡូង​មី​ទើបបាន​អាយុ​៦​ខែ ក៏​នាំគ្នា​ដក​លក់​ហើយ​ព្រោះតែ​មើមដំឡូង​មី​ស្រស់​លក់បាន​ថ្លៃ​ជាង​ឆ្នាំទៅ​។ គឺ​លក់​ឲ្យ​ស្តង់​ទិញ​ដំឡូង​ស្រស់​នៅ​ភូមិ​ផ្លាស់​កង់ឃុំ​សារ​ង្គ បាន​ថ្លៃ​២,២​ទៅ​២,៣​បាត​/​គ​ក្រ ។​
យោង​ស​ន្ទ​ស្សន៍​ថ្លៃ​មុខទំនិញ​នៅ​ខេត្ត​របស់​មន្ទីរ​ពាណិជ្ជ​កម្ម​ខេត្តបន្ទាយមានជ័យ​ក្នុង​ខែសីហា លោក​ប៉ុក ឡាយ​ជី ប្រធាន​មន្ទីរ​ឲ្យ​ដឹងថា ចំពោះ​មើមដំឡូង​មី (​ស្រស់​) ថ្លៃ​២៨៣​រៀល​ក្នុង​មួយ​គីឡូក្រាម ថ្លៃ​ជាង​ពេល​គោល​ដែល​ថ្លៃ​២៣៧,១​រៀល​ក្នុង​មួយ​គីឡូក្រាម ។ មើម​ស្ងួត​ថ្លៃ​៧៦៣​រៀល​ក្នុង​មួយ​គីឡូក្រាម​ថោក​ជាង​គ្រា​គោល​ដែល​ថ្លៃ​៦៧៣,៩​រៀល​ក្នុង​មួយ​គីឡូក្រាម​។​
រីឯ​គ្រាប់​ពោតក្រហម​(​ស្ងួត​) (​ពោត​ចំណី​សត្វ​) វិញ ថ្លៃ​៥៥៦​រៀល​ក្នុង​មួយ​គីឡូក្រាម ថ្លៃ​ជាង​គ្រា​គោល​ដែល​បាន​ថ្លៃ ៤៩២,៤​រៀល​ក្នុង​គីឡូក្រាម​។​
សូម​រំលឹកថា ក្នុង​ខេត្តបន្ទាយមានជ័យ​នា​ឆ្នា​២០១៨​នេះ កសិករ​បាន​ដាំដំឡូង​មី​លើ​ផ្ទៃដី​ជាង​៩​ម៉ឺន​ហិកតា ។​អំពី​ស្ថានភាព​ដុះ​លូតលាស់ គឺ​ឆ្នាំនេះ​មាន​អំណោយផល​ល្អ​ទាំង​របាយ​ទឹកភ្លៀង ទាំង​អាកាសធាតុ​និង​ទាំង​តម្លៃ​ទីផ្សារ​៕​សរន

កសិករ​:​មើមដំឡូង​មី​ឆ្នាំ​២០១៨​នេះ​មានតម្លៃ​ខ្ពស់ជាង​ឆ្នាំមុន​ទោះជា​ដក​មុន​កំណត់​