កាកបាទក្រហមកម្ពុជា​ខណ្ឌឫស្សីកែវ បន្ត​ចុះជួយ​ពលរដ្ឋ​ងាយ​រងគ្រោះ​ចាស់ជរា​មាន​ជំងឺ នៅ​សង្កាត់​ស្វាយប៉ាក​

432
ចែករម្លែក

ដោយៈសាវ​រក្ស​/ភ្នំពេញ ​៖ អនុសាខា​កាកបាទក្រហមកម្ពុជា​ខ​ណ្ឌ​ឫស្សីកែវ​បាន​នាំយក​គ្រឿង​ឧបភោគបរិភោគ និង​ថវិកា​មួយចំនួន មក​ចូលរួមចំណែក​ឧបត្ថម្ភ ជួយ​ដោះស្រាយ​បញ្ហា​ក្នុង​ជីវភាព​រស់នៅ របស់​ប្រជាពលរដ្ឋ​ក្រីក្រ ចាស់ជរា និង​មាន​ជំងឺ ស្ថិតនៅ​សង្កាត់​ស្វាយប៉ាក កាលពី​រសៀល​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៩​។​

​ស្របតាម​អនុសាសន៍​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ក្នុង​សកម្មភាព​មនុស្សធម៌​ខាងលើនេះ តាងនាម​ជា​អនុប្រធាន​កិត្តិយស​អនុសាខា​ខណ្ឌ លោកស្រី អាន ផល្លា ជា ពិសី តែងតែ​គិតគូរ​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ក្រីក្រ តាម​ជាក់ស្ដែង ព្រោះ​នៅទីណា​ឲ្យ​តែមាន​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ ទីនោះ​តែងតែមាន​វត្តមាន​កាក​បាទ​ក្រហម​កម្ពុជា មកជួយ​សង្គ្រោះ​ជានិច្ច ដូចជា​ក្នុង​ពេលនេះ បើទោះបីជា​អំណោយ​មិនមាន​ចំនួន​ច្រើន ប៉ុន្តែ​អាចជួយ​ដោះស្រាយ ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​បាន​មួយគ្រា ដោយ​មិន​ប្រកាន់ពូជសាសន៍ ពណ៌​សម្បុរ ឬ​និន្នាការ​នយោបាយ​ឡើយ​។​

​អំណោយ​មនុស្សធម៌​តាមរយៈ​អនុសាខា​កាកបាទក្រហមកម្ពុជា​ស​ង្កា​ត់​-​ខណ្ឌ ដឹកនាំ​ដោយ​លោកស្រី អាន ផល្លា ជា ពិសី និង​លោកស្រី សួស សូលី​ដា ជាមួយ​សហការី​នេះ​ផងដែរ ប្រជាពលរដ្ឋ​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ជូន​ចំពោះ​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​បាន​យកចិត្តទុកដាក់​ជួយ​ដល់​ពួកគាត់​កំពុង​ជួប​បញ្ហា​ខ្វះខាត ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​៕​B/

#