កាកបាទក្រហមកម្ពុជា​និង​អាយ​.​ស៊ី​.​អរ​.​ស៊ី​អំពាវនាវ​មានការ​ប្រើប្រាស់​បដិរូប​កាកបាទក្រហម​និង​អឌ្ឍចន្ទ​ក្រហម​ឱ្យបាន​ត្រឹមត្រូវ​

128
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញ​៖​កាកបាទក្រហមកម្ពុជា​និង​គណៈកម្មាធិការ​អន្តរជាតិ​កាកបាទក្រហម​(​អាយ​.​ស៊ី​.​អរ​.​ស៊ី​) បានរៀបចំ​វគ្គ​ផ្សព្វផ្សាយ​មួយ​ស្តីពី​«​បដិរូប​នៃ​ភាព​មនុស្សធម៌​និង​ច្បាប់​មនុស្សធម៌​អន្តរជាតិ​» ជូន​ដល់​បណ្តាញ​អ្នកសារព័ត៌មាន​មកពី​បណ្តា​ស្ថានីយ៍ទូរទស្សន៍​វិទ្យុ​ទស្សនា​វ​ដ្តី​កាសែត​និង​ព័ត៌មាន​សង្គម សរុប​ចំនួន ៥៧​នាក់ ដែល​ប្រព្រឹត្តទៅ​នៅ​សណ្ឋាគារ​ហ៊ី​ម៉ា​វ៉ា​រី រាជធានី​ភ្នំពេញ​។​

​គោលបំណង​នៃ​ការជួបជុំ​នេះ​គឺ​ដើម្បី​លើ​កម្ពស់​ការយល់ដឹង​អំពី​ការ​បដិរូប​ការពារ​កា​ក​បាទ​ក្រហម​និង​អឌ្ឍចន្ទ​ក្រហម​និង​ដើម្បី​ចែករម្លែក​សកម្មភាព​ម​នុស្ស​ធម៌​របស់​ចលនា​កាកបាទក្រហម​នៅក្នុង​ប្រទេស​និង​លើ​កម្ពស់​កិច្ចសហប្រតិបត្តិការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​នានា​។​

​លោកស្រី​ម៉ែន​នារី​សោ​ភ័គ​អគ្គលេខាធិការរង​ទី​១​កាកបាទក្រហមកម្ពុជា​និង​លោក​រ៉ូ​ម៉ាន់​ផា​រ៉ា​ម៉ូ​នូវ​ប្រធាន​បេសកកម្ម​អាយ​.​ស៊ី​.​អរ​.​ស៊ី​(ICRC)​បាន​អំពាវនាវ​រួមគ្នា​ដល់​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ឈ្វេងយល់​អំពី​ប្រើប្រាស់​និង​ការការពារ​បដិរូប​កា​ក​បាទ​ក្រហម​និង​អឌ្ឍចន្ទ​ក្រហម​ឱ្យបាន​ត្រឹមត្រូវ​។​ដើម្បី​លើកកម្ពស់​តម្លៃ​នៃ​ការងារ​មនុស្សធម៌​ឱ្យ​កាន់តែ​ប្រសើរ​និង​ជា​ប្រយោជន៍​ជួយ​ដល់​ពលរដ្ឋ​កម្ពុជា​យើង​ដែល​កំពុង​ត្រូវការ​ជួយសង្គ្រោះ​ពី​ភាពលំបាក​ផ្សេងៗ​ដូចជា​គ្រោះមហន្ដរាយ​ជាដើម​។​

​ស្ថាប័ន​ដែល​អាច​ប្រើ​បដិរូប​បស់​កាកបាទក្រហម​ឬ​អឌ្ឍចន្ទ​ក្រហម​បាន​គឺ​ត្រូវ​ប្រើប្រាស់​សមស្រប​ទៅ​ច្បាប់​អន្ដរ​មនុស្ស​អន្ដរជាតិ​។​ជាពិសេស​ការពារ​ជន​ណា​ដែល​ធ្វើតាម​ទំនើង​ចិ​ត្ដ​ដោយ​ពុំមាន​ការអនុញ្ញាត​ត្រឹមត្រូវ​ពុំមាន​ការផ្ដល់​សិទ្ធិ​ប្រើប្រាស់​បដិរូប​កាកបាទ​ក្រហម​ឬ​អឌ្ឍចន្ទ​ក្រហម​សញ្ញាណ​សម្គាល់​ផ្សេងៗ​រូបភាព​ដែល​ធ្វើឱ្យមាន​ការភ័ន្ដច្រឡំ​ពិសេស​យកទៅ​ប្រើប្រាស់​ខុស​គោលដៅ​ដែល​នឹង​ផ្ដល់​ប៉ះពាល់​ដល់​ការងារ​មនុស្សធម៌​និង​ប្រយោជន៍​របស់​ពលរដ្ឋ​យើង​ផងដែរ​។​

​លោកស្រី​ម៉ែន​នារី​សោ​ភ័គ​ក៏បាន​ថ្លែង​ពី​ចំនុច​សំខាន់​ក្នុងការ​ប្រើប្រាស់​នូវ​បដិរូប​ឱ្យបាន​ត្រឹមត្រូវ​ដើម្បី​ចៀសផុត​ផល​ពី​អាក្រក់​ណាមួយ​ដែល​ធ្វើឱ្យប៉ះពាល់​ដល់​កិ​ត្ដិ​នាម​កាកបាទក្រហមកម្ពុជា​ជាពិសេស​កុំឱ្យ​ជន​ខិត​ខូច​ណាមួយ​យក​បដិរូប​របស់​កាក​បាទ​ក្រហម​អឌ្ឍចន្ទ​ក្រហម​និង​គ្រី​ស្ដា​ល់​ក្រហម​យកទៅ​ប្រើប្រាស់​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ហើយ​ប៉ះពាល់​ផលប្រយោជន៍​របស់​ជាតិ​និង​ប្រជាជន​។​

​បើ​មាន​ជន​ណា​ដែល​យកទៅ​ប្រើប្រាស់​ខុស​ក្លែងបន្លំ​តាម​ទំនើង​ចិ​ត្ដ​ដែល​ធ្វើឱ្យ​មានការ​ភ័ន្ដ​ច្រ​លំដោយ​មិន​គិត​ទៅដល់​គោលបំណង​នៃ​ការប្រើប្រាស់​នោះ​នឹងត្រូវ​ផ្ដន្ទាទោស​ទៅតាម​ផ្លូវច្បាប់​ជា​ធរមាន​ផងដែរ​។​ទន្ទឹមនឹងនោះ​លោកស្រី​អគ្គលេខាធិការរង​ទី​១​និង​តំណាង​អាយ​.​ស៊ី​.​អរ​.​ស៊ី​ក៏បាន​លើក​នូវ​គោលការណ៍​គ្រឹះ​ទាំង​៧​ដែល​តែងតែបាន​អនុវត្ដ​ន៍​យ៉ាង​ខ្ជាប់ខ្ជួន​ផងដែរ​ដើម្បី​រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ ការពារ​សេចក្ដីថ្លៃថ្នូរ របស់​មនុស្សជាតិ និង​ការពារ​តម្លៃ​មនុស្សធម៌​របស់​ជនរ​ង​គ្រោះ រួមមាន​៖ ភាពមិនលំអៀង​, អព្យាក្រឹតភាព​, ឯករាជ្យភាព​, សេវាកម្ម​ស្ម័គ្រចិត្ត​, ឯកភាព និង​សកល​ភាព​

​លោកស្រី​បាន​សំណូមពរ​ដល់​អ្នកសារព័ត៌មាន​ទាំងអស់​សូម​សរសេរ​ព័ត៌មាន​ស្តីពី​កាកបាទក្រហមកម្ពុជា​ឱ្យបាន​កាន់តែ​សុក្រឹត​និង​ត្រឹមត្រូវ​ទៅតាម​បរិបទ​របស់​កាកបាទ​ក្រហម​អឌ្ឍចន្ទ​ក្រហម​ជៀសវាង​ការបាត់បង់​នូវ​គោលការណ៍​គ្រឹះ​ណាមួយ​របស់​ចលនា​។

ជាមួយគ្នានេះ លោកស្រី បាន​ថ្លែងអំណរគុណ ចំពោះ​អ្នកសារព័ត៌មាន​ទាំងអស់​ដែល​បាន​អញ្ជើញ​ក្នុង​វគ្គ​ផ្សព្វផ្សាយ​នេះ​និង​សំណូមពរ​សូមមេត្តា​ចូលរួម​ផ្សព្វផ្សាយ​បន្ត​អំពី​សកម្មភាព​មនុស្សធម៌​របស់​កាកបាទក្រហម​កម្ពុជា​ឱ្យ​កាន់តែ​ទូលាយ​។​ដើម្បី​លើកកម្ពស់​កិត្តិសព្ទ​និង​កិត្តិនាម​កាកបាទក្រហម​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ជា​ប្រធាន​ឱ្យ​កាន់តែ​រីកចម្រើន​ថែមទៀត​ក្នុង​បុព្វហេតុ​មនុស្សធម៌​៕S/

​ចំណងជើង​រូបថត​៖​កាកបាទក្រហមកម្ពុជា​និង​គណៈកម្មាធិការ​អន្តរជាតិ​កាកបាទក្រហម​បានរៀបចំ​វគ្គ​ផ្សព្វផ្សាយ​មួយ ស្តីពី «​បដិរូប​នៃ​ភាព​មនុស្សធម៌ និង​ច្បាប់​មនុស្សធម៌​អន្តរជាតិ​» ជូន​ដល់​បណ្តាញ​អ្នកសារព័ត៌មាន​(​រូបៈ​សុផល​)