កាកបាទក្រហមកម្ពុជា​ប្រារព្ធ​ពិធីសូត្រមន្ត​និង​រាប់បាត្រ​ព្រះសង្ឃ​៨៤​អង្គ​ ថ្វាយព្រះពរ​សម្ដេចម៉ែ

1119
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញ​៖​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​ថ្នាក់ដឹកនាំ​មន្ត្រី​បុគ្គលិក​កាកបាទក្រហមកម្ពុជា​ព្រមទាំង​សប្បុរសជន​ យុវជន​កាកបាទក្រហម​កម្ពុជា កាលពី​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៩ ​បានរៀបចំ​ពិធីសូត្រមន្ត រាប់បាត្រ ប្រគេនសម្តេច​សង្ឃ ព្រះសង្ឃ​៨៤​អង្គ​។​

​ពិធីសូត្រមន្ត​រាប់បាត្រ​ក្នុងឱកាស​បុណ្យចម្រើនព្រះជន្ម​វស្សា​គម្រប់​៨៣​យាង​ចូល​៨៤​ព្រះវស្សា ​ថ្វាយ​សម្ដេចព្រះ​មហាក្សត្រី ន​រោ​ត្ដម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សិរី​ភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល ព្រះប្រធាន​កិត្តិយស​កាក​បាទ​ក្រហម​កម្ពុជា ជាទី​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​។​

​ក្នុងឱកាស​នោះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត និង​សហការី​នៃ​កាកបាទក្រហមកម្ពុជា​ទាំងអស់ បាន​លើក​ហត្ថ​ប្រណម្យ បួងសួង ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ​ទាំងអស់​ក្នុង​លោក ទេវតា​ថែរក្សា​ព្រះមហា​ស្វេតច្ឆត្រ ព្រះ​បារមី នៃ​អតីតព្រះមហាក្សត្រ ព្រះមហា​ក្សត្រិយានី​ខ្មែរ គ្រប់​ព្រះអង្គ ព្រះ​បារមី ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ​។

​ជាពិសេស​ទេវតា​ឆ្នាំ​ថ្មី ឆ្នាំកុរ សំរឹទ្ធ​ស័ក ព​.​ស ២៥៦៣ ព្រះនាម ទុ​ង្ស​ទេវី សូមជួយ​បីបាច់​ថែរក្សា សម្ដេចព្រះ​មហាក្សត្រី​ព្រះវររាជ​មាតា​ជាតិខ្មែរ​ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ សូម​ព្រះអង្គ​ប្រកបដោយ​ព្រះ​ពុទ្ធពរ​ទាំង​៤​ប្រការ​ គឺ​អាយុ​ វណ្ណៈ សុ​ខៈ​ ពលៈ​កុំបី​ឃ្លៀងឃ្លាត​ឡើយ ​ដើម្បី​គង់ប្រថាប់​ជា​ម្លប់​ដ៏​ត្រជាក់ដល់​ប្រជានុរាស្ត្រ​ជា​កូនចៅ ចៅទួត​របស់​ព្រះអង្គ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​ជា​ដរាប​តរៀង​ទៅ​។​

​ព្រះ​រាជពិធី​ថ្វាយព្រះពរ​ព្រះមហាក្សត្រី​ព្រះវររាជ​មាតា​ជាតិខ្មែរ​ត្រូវបាន​កាកបាទក្រហមកម្ពុជា​ដែល​ដឹកនាំ​ដោយ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​រៀបចំ​ធ្វើឡើង​ស្ទើរ​រាល់​ឆ្នាំ​មិនដែល​ដាច់​ ក្រោមរូបភាព​ទ្រង់ទ្រាយ​ធំ​តាម​លំ​អាន​ប្រពៃណី​ព្រះពុទ្ធសាសនា ​ដោយ​និមន្ត​ព្រះសង្ឃ​ចម្រើន​ព្រះ​បរិ​ត​និង​រាប់​បាត្រ​ទៅតាម​ព្រះជន្ម​វស្សា​របស់​ព្រះមហាក្សត្រី​ខ្មែរ​។​

​សូមជម្រាបថា​ព្រះសង្ឃ​និមន្ដ​រាប់បាត្រ​៨៤​អង្គ​ក្នុង​ពិធីសូត្រមន្ដ​ចម្រើន​ព្រះជន្ម​វស្សា​សម្ដេច​ព្រះមហា​ក្ស​ត្រី ន​រោ​ត្ដម មុនិនាថ សីហនុ និមន្ដ​ពី​វត្ដ ចំពុះក្អែក ៣១​អង្គ​, វត្ដ​ក្រពើ​ហា ២៨​អង្គ​, វត្ដ​លង្កា ១០​អង្គ​, វត្ដ​បុ​ទុម​វ​ត្ដី ១​អង្គ​, វត្ដ​ស្វាយជ្រុំ ១​អង្គ​, វត្ដ ច័ន្ទបូរី​វង្ស ១​អង្គ​, វត្ដ​ស្រះចក ១​អង្គ​, វត្ដ​ព្រែកតាទែន ១​អង្គ​, និង​វត្ដ ឧណ្ណាលោម ១​អង្គ​។​

​ក្នុង​មួយ​វត្ដ​នីមួយៗ ទទួលបាន​ទេយ្យវត្ថុ​៖ អង្ករ ចំនួន​១០០​គីឡូក្រាម​, មី​យើង ចំនួន ៥​កេស​តូច​, ត្រីខ ចំនួន ២​កេស​, ស្ករស ចំនួន ២០​គី​ឡូក្រាម​, ទឹកដោះគោ​ខាប់ ចំនួន ១​កេស​, កាហ្វេ ចំនួន ១​កេស​, ទឹកក្រូច ចំនួន​៥​កេស​,​ទឹក​សុទ្ធ​អរុណា ចំនួន​៥​កេស​, ផ្លែឈើ​មួយ​កន្ដ្រក​,​ផ្កា​ស្រស់​ចំនួន​១​កន្ដ្រក​, បច្ច័យ​ចំនួន​២​លាន​រៀល​។​

​សម្ដេច​សង្ឃ​ព្រះគ្រូ​ចៅអធិការ​វត្ដ​ចំនួន​៩​អង្គ​ក្នុង​១​អង្គៗ​ប្រគេន​បច្ច័យ​១​លាន​រៀល​និង​រាប់បាត្រ​ព្រះសង្ឃ​ចំនួន ៨៤​អង្គ ក្នុង​អង្គៗ​ទទួលបាន​៖ ចង្ហាន់​ចំនួន​១​ស្រាក់​, បង្អែមចំនួន ១​កា​តូ​, សាដក ចំនួន​១, មី​យើង​ចំនួន​១​កេស​,​ថវិកា​ចំនួន​៥​ម៉ឺន​រៀល​។​ទន្ទឹមនឹងនោះ​ព្រះសង្ឃ​៨៤​អង្គ​ក្នុង​មួយអង្គៗ​ទទួល​បច្ច័យ​១.០០០.០០០​រៀល​បន្ថែម​ពីស​ម្ដេច​តេ​ជោ​និង​សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី ហ៊ុនសែន​ផងដែរ​៕S/Ha