កាកបាទក្រហមកម្ពុជា ទទួលអំណោយអាល់កុលចំនួន១ម៉ឺនលីត្រពីក្រុមហ៊ុន GALAXY

82
ចែករម្លែក

ដោយៈសុផល/ភ្នំពេញ ៖ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានជួបសំណេះសំណាល និងទទួលអំណោយជាអាល់កុលចំនួន ១០,០០០លីត្រ ពី លោក ទៀ ចាង តំណាងលោក លី បាក់ឡេង (SAMBOON SOKJAROUENKRAISRY) ប្រធានក្រុមហ៊ុន GALAXY RESORT CLUB CO,.LTD នាព្រឹកថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២០នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។

ក្នុងជំនួបនោះ លោកស្រីអគ្គលេខាធិការ បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៏សប្បុរសរបស់លោក លី បាក់ឡេង ដែលបានឧបត្ថម្ភជាអាល់កុលដល់កាកបាទក្រហមកម្ពុជា។

លោកស្រី ពុំ ចន្ទីនី បានបន្តថា៖កាកបាទក្រហមកម្ពុជា នឹងចាត់ចែងបែកចែក​អាល់កុលទាំងនេះទៅតាមសាខាកាកបាទក្រហមកម្ពុជាទាំង២៥រាជធានីខេត្តដើម្បីប្រើប្រាស់ទៅតាមតម្រូវការចាំបាច់ ជាពិសេសក្នុងយុទ្ធនាការទប់ស្កាត់ការរីករាលដាលនិងប្រយុទ្ធនឹងជំងឺកូវីដ១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះ លោក ទៀ ចាង តំណាងលោក លី បាក់ឡេង បានថ្លែងអំណរគុណចំពោះកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានដែលបានអនុញ្ញាតឱ្យក្រុមហ៊ុនបានរួមចំណែកកិច្ចការងារមនុស្សធម៌ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ជាពិសេសក្នុងការលើកកម្ពស់សេវាសុខភាពសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕/B