កាកបាទក្រហមកម្ពុជា បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​កណ្ដាល​ប្រចាំឆ្នាំ​ដើម្បី​ពិភាក្សា និង​អនុម័ត​ផែនការ​សកម្មភាព​

131

(​ភ្នំពេញ​)៖ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាក បាទ​ក្រហម​កម្ពុជា កាលពី​រសៀល​ថ្ងៃទី​២៩ ខែធ្នូ​ឆ្នាំ​២០១៧​បាន អញ្ជើញ ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​កណ្តាល​កាកបាទក្រហមកម្ពុជា​ដែល​ប្រព្រឹត្តទៅ​នៅ​ទីស្នាក់ការ​កណ្តាល​កាកបាទក្រហមកម្ពុជា​រាជធានី​​ភ្នំពេញ​។​

​កិច្ចប្រជុំ​នេះ បាន​ពិភាក្សា និង​អនុម័ត​ទៅលើ​ឯកសារ​ដែល​បាន រៀបចំ​ក្នុងនោះ​មាន​៖​របាយការណ៍​សកម្មភាព ឆ្នាំ​២០១៧​និង​លើក​ទិស​ ដៅ​ឆ្នាំ​២០១៨, របាយការណ៍​ចំណូល និង​ចំណាយ ឆ្នាំ​២០១៧​និង​ព្យាករណ៍​ចំណ​ថវិកា​នៅ​ឆ្នាំ​២០១៨,​ការស្នើសុំ​អនុម័ត​ថវិកា​សម្រាប់​ចំណាយ​​ជា​អាទិភាព​នៅ​ឆ្នាំ​២០១៨​និង​បញ្ហា​ផ្សេងៗ​មួយចំនួនទៀត​។​

​ក្នុងឱកាស​នោះដែរ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​ថ្លែង​នូវ​ការកោតសរសើរ​ចំពោះ​ថ្នាក់ដឹកនាំ មន្ត្រី​ប្រតិបត្តិ អ្នកស្ម័គ្រចិត្ត​និង យុវជន កាកបាទក្រហមកម្ពុជា​ទាំងអស់​ដែល បាន​ខិតខំ​បំពេញភារកិច្ច​យ៉ាង​ខ្ជាប់ខ្ជួន​ក្នុង​ការជួយ​សម្រាល​ការលំបាក​ដល់ ជនរងគ្រោះ និង​ងាយ​រងគ្រោះ​បាន​ទាន់ពេលវេលា​និង​ប្រកបដោយ​ប្រសិទ្ធភាព​ទៅតាម​ផែនការ​ប្រចាំឆ្នាំ​ដែល​បានកំណត់ និង​ក្នុង​កិច្ចការងារ​ក្រៅ អាទិភាព​ជាច្រើន​ទៀត​។​

​សូមបញ្ជាក់ថា ៖​ក្នុង​ឆ្នាំ​២០១៧​នេះ​កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះ​មហាក្សត្រី​នរោត្តម​មុនីនាថ​សីហនុ ព្រះវររាជ​មា តា ជាតិខ្មែរ​គង់ប្រថាប់​ជា​ព្រះប្រធាន​កិត្តិយស​និង​មាន​សម្តេច កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជា​ប្រធាន បាន​ជំរុញ​គ្រប់​សកម្មភាព ការងារ នៃ​វិស័យ​ស្នូល​ទាំង​៤ ឱ្យ​ប្រតិបត្តិការ​ទៅដោយ​រលូន និង​មាន​ប្រសិទ្ធភាព​ដោយបាន​ឆ្លើយតប​ចំពោះ​ភាព​ងាយ​រងគ្រោះ និង​រងគ្រោះ សរុប​ប្រមាណ​ជាង​២៤០.០០០​គ្រួសារ​និង​សម្រេចបាន​សមិទ្ធផល​សំខាន់ៗ​ដូចជា ៖ ខួងអណ្តូង​ទឹក​ចំនួន ២៩៧, ជីក​ស្រះ​ទឹក​ចំនួន ៩, សង់​បង្គន់ អ​នា ម័​យ​ចំនួន​១.១៦១,​សង់ផ្ទះ​ចំនួន ១៨០​ខ្នង​,​ផ្តល់​ធុង​ចម្រោះ​ទឹក​ចំនួន ១៥០,​ផ្តល់​ពាងទឹក​ចំណុះ ៧០០​លីត្រ​ចំនួន ៤៨, ផ្តល់​ស៊ីទែន​ទឹក​ចំណុះ​៣.០០០​លីត្រ​ចំនួន​១២,​ផ្តល់​បំពង់​ពន្លត់អគ្គីភ័យ​ចំនួន​៨៧,​ផ្តល់​មួកសុវត្ថិភាព​ចំនួន ២១០,​ចែក​ខិតប័ណ្ណ​ពិការភាព​ចំនួន​២៨.១៩០ និង​ខិត ប័ណ្ណ​គ្រឿង​ស្រវឹង​ចំនួន​៦៧.៥០០​និង ការបណ្តុះបណ្តាល​ជំនាញ​ផ្សេងៗ និង​ធ្វើការ​ផ្សព្វផ្សាយ​ពី​គ្រប់​សកម្មភាព​របស់​កា​ក​បាទ​ក្រហម​កម្ពុជា​បាន​ចំនួន​ជាង​១​ម៉ឺន​នាក់​។​ល​។​

​សូមបញ្ជាក់ថា​វិស័យ​ស្នូល​ទាំង​៤​របស់​កាកបាទក្រហម​កម្ពុ​ជាមាន​៖ ទី​១-​ការគ្រប់គ្រង​គ្រោះមហន្តរាយ​,២-​សុខភាព​និង​ការថែទាំ​សុខភាព​ក្នុង​សហគមន៍​,៣- ការលើកកម្ពស់​គោលការណ៍​គ្រឹះ​និង​តម្លៃ​មនុស្សធម៌​របស់​ចលនា និង​ទី​៤- ការអភិវឌ្ឍន៍​ស្ថាប័ន​និង​អភិវឌ្ឍ​ធនធាន​៕​ដោយៈ​សុផល​/sn​