កាកបាទក្រហម​បន្ទាយ​មានជ័យ ផ្តល់​អំណោយ​ដល់​កុមារ​ដែល​មក​ពិនិត្យ​ព្យ​បាល និង​វះកាត់​

1343
ចែករម្លែក

ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: កាកបាទក្រហមកម្ពុជា​ខេត្តបន្ទាយមានជ័យ បានផ្តល់​អំណោយ​ម្ហូបអាហារ​ដល់​កុមារ ដែល​មក​ទទួល​ពិនិត្យ និង​ព្យ​បាល​ដោយ​ឥតគិតថ្លៃ​ចំនួន​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​៨​ដល់ ថ្ងៃទី​១០​ខែមិថុនា នៅក្នុង​មន្ទី​ពេទ្យ​ខេត្ត​មិត្តភាព​កម្ពុជា​-​ជប៉ុន​មង្គល​បូរី​។​

​លោក លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ​ឲ្យ​ដឹង​ថ្ងៃទី​១០​ខែមិថុនា ឆ្នាំ​២០១៨ ថា សម្ភារៈ​ដែល​ចែកជូន​ដល់​កុមារ​តូច​រួមមាន : ១-​កន្សែងពោះគោ​ធំ​១​។ ២- ទឹក​ឡែ​ស​តា​សយ ២​យួរ​។ ៣-​សាប៊ូកក់សក់ ១​ដប​។ ៤-​សាប៊ូ​ដុស​ខ្លួន ២​ដុំ​។ ៥-​នំ​ធុង ១​ធុង​។ ៦-​ទឹក​សុទ្ធ ១​ដប​ធំ​។ ៧-​ប្រាក់​២​ម៉ឺន​រៀល​។​

​លោក​អភិបាលរង​ខេត្ត​បាន​ពាំ​នាំនូវ​បណ្តាំ​ផ្ញើ​សាកសួរ​សុខទុក្ខ ពីស​ម្តេច​កិត្តិ​ព្រឹទ្ធិ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ក៏​ដូច​ពី​លោក សួន បវរ អភិបាលខេត្ត និង​ជា​ប្រធានកិត្តិយស​គណៈកម្មាធិកា​រ​សាខា​កាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ ជូន​ចំពោះ​គ្រួសារ​កុមារ​ដែល​មក​ទទួល​សេវា ក៏ដូចជា​ជូន​ក្រុមគ្រូពេទ្យ​កុមារ​ជាតិ មន្ទីរពេទ្យ​ខេត្ត​មិត្តភាព​កម្ពុជា ជប៉ុន មង្គល​បូរី ដែល​បាន​ខិតខំ​ពិនិត្យ ព្យាបាល​ជូន​កុមារ​ទាំងឡាយ​ដែល​មក​តាំងពី​ខេត្តបន្ទាយមានជ័យ​ទាំង​ខេត្ត​ដទៃទៀត​។​

លោក​វេជ្ជបណ្ឌិត ច័ន្ទ​វិ​ឌ្ឍី​ណា​វុ​ឌ្ឍ ប្រធាន​មន្ទីរពេទ្យ​ខេត្ត​មិត្តភាព​កម្ពុជា ជប៉ុន មង្គល​បួ​រី លោក​វេជ្ជបណ្ឌិត កែវ វណ្ណា ផ្នែក​វះកាត់​ត្រចៀក ច្រមុះ លោក​សាស្ត្រាចារ្យ ឈឿន វ​ឌ្ឍី ផ្នែក​ខាង​វះកាត់​មកពី​មន្ទីរពេទ្យ​កុមារ​ជាតិ ឲ្យ​ដឹងថា គិត​ត្រឹម​ថ្ងៃទី​៩ មិថុនា គ្រូពេទ្យ​បាន​ពិនិត្យ​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ ជូន​កុមារ​បាន​៦០​នាក់​។ នៅ​ថ្ងៃទី​១០​មិថុនា បាន​រាប់សិប​នាក់​បន្ថែមទៀត​។​

​លោក​បន្តថា កុមារ​ដែល​មក​ទទួល​សេវា​ពិនិត្យ ព្យ​បាល​ភាគច្រើន​មាន​ជំងឺ​ឆែបមាត់ ក្លន ខ្វែរ​ដៃជើង​ពី​កំណើត ស្លាកស្នាម​ផ្សេងៗ ត្រចៀក ច្រមុះ បំពង់ក​។​ល​។​

​លោក​បាន​កោតសរសើរ​ដល់​លោក​វេជ្ជបណ្ឌិត និង​លោកគ្រូ​ពេទ្យ​ទាំងអស់ ដែល​ខិតខំ​ប្រឹងប្រែង​ប្រកបដោយ​ឆន្ទៈ​ទទួលខុសត្រូវ​ខ្ពស់ ក្នុងការ​បំពេញភារកិច្ច​។ ពោលគឺ​បាន​ឆ្លុះបញ្ចាំង​នូវ​សាមគ្គី​ភា​ភ​យ៉ាង​ល្អប្រសើរ រឹងមាំ​ក្នុង​ថ្នាក់ដឹកនាំ​របស់​មន្ទីរ​ពេទ្យ​ខេត្ត​មិត្តភាព​កម្ពុជា ជប៉ុន​ស្រុក​មង្គល​បូរី​។​

​សូមបញ្ជាក់ថា ក្រុម​សាស្ត្រា​ច​រ្យ​វេជ្ជបណ្ឌិត​ឯកទេស​វះកាត់ ឆែបមាត់ ត្រចៀក ច្រមុះ បំពង់ក ខ្លន​លូន សន្លាក់ ឆ្អឹង ស្នាក​ស្នាម រលាកភ្លើង ទឹក​ក្តៅ​នៃ​មន្ទីរពេទ្យ​កុមារ​ជាតិ បាន​សហការ​នឹង​ក្រុម​វេជ្ជបណ្ឌិត​មន្ទី​ពេទ្យ​ខេត្ត​មិត្តភាព​កម្ពុជា ជប៉ុន មង្គល​បូរី និង​ចូលរួម​ពី​ក្រុម​សម្ព័ន្ធ​គ្រូពេទ្យ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ក្រោម​ការឧបត្ថម្ភ​ដោយ​អង្គការ NextSteps ដល់​ពលរដ្ឋ​និង​កុមារ​៕ ល​