កាកបាទក្រហម​រំលែក​ទុក្ខ​ជាមួយ​គ្រួសារ​សព​យោធា​ស្លាប់​ដោយ​បាក់​ស្អាន​នៅ​ខេត្តស្ទឹងត្រែង​

747
ចែករម្លែក

ដោយ​: បូកគោ​
​កំពត​:
ថ្នាក់ដឹកនាំ​របស់​កាក​បាទ​ក្រហម​កម្ពុជា​តែង​ស្ទុះស្ទា និង​ខ្នះខ្នែង​ក្នុងការ​រំលែក​ទុក្ខ​ជាមួយ​ប្រជាពលរដ្ឋ​ដែល​ជួប​ការលំបាក ឬ​គ្រោះអាសន្ន​គ្រប់​ករណី​ទាំងអស់​។​

តំណាងឱ្យ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី ហ៊ុនសែន នា​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៩ ខណៈពេល​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​គ្រួសារ​សព​យោធិន​ពីររូប ដែល​បាន​បាត់បង់​ជីវិត​ដោយសារ​ហេតុការណ៍​បាក់​ស្ពាន​នៅ​ខេត្តស្ទឹងត្រែង​ថ្មីៗ​នេះ លោក គៀង វឌ្ឍនៈ ជំនួយការ​អគ្គលេខាធិការ​កាកបាទ​ក្រហម​កម្ពុជា បាន​មានប្រសាសន៍ថា បន្ទាប់ពី​មាន​សេចក្តីរាយការណ៍​នូវ​ករណី​យុទ្ធជន​ទាំង​ពីររូប​ធ្លាក់​បាត់​ក្នុង​ទឹក​ដោយសារ​ហេតុការណ៍​បាក់​ស្ពាន​ពេល​កំពុង​ជិះ​ម៉ូតូ​នោះ សម្តេច​ប្រធាន ក៏ដូចជា​ថ្នាក់ដឹកនាំ ព្រមទាំង​មន្ត្រី​កាកបាទក្រហមកម្ពុជា​សែន​អាណិតអាសូរ និង​សោកសៅ​បំផុត​។ ជាមួយនឹង​ភាព​ក្តុកក្តួល​នោះ ក្រោយ​ទទួល​ព័ត៌មាន​ថា​សព​ទាំងពីរ​បាន​រកឃើញ និង​បញ្ជូន​ដល់​ស្រុកកំណើត​ក្នុង​ខេត្តកំពត សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​បាន​ណែនាំ​ឱ្យ​លោក​ចុះមក​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​ក្រុមគ្រួសារ​សព​ដោយផ្ទាល់​នាពេលនេះ​។

​លោក​ជំនួយការ​អគ្គលេខាធិការ​បានបញ្ជាក់​ថា​ថ្នាក់ដឹកនាំ​របស់​កាកបាទ​ក្រហម​កម្ពុជា​តែង​ស្ទុះស្ទា និង​ខ្នះខ្នែង​ក្នុងការ​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​ប្រជាពលរដ្ឋ​ពេល​ជួប​ទុក្ខលំបាក ឬ​គ្រោះអាសន្ន​គ្រប់​ករណី​ទាំងអស់​។ ដូច្នេះ ក្នុងករណី​ប្រជាពលរដ្ឋ​ជួប​ការលំបាក ឬ​មាន​គ្រោះអាសន្ន​អ្វីមួយ អាជ្ញាធរ​មូលដ្ឋាន ក៏ដូចជា​មន្ត្រី​អ្នកស្ម័គ្រចិត្ត​ទាំងអស់​ត្រូវ​រាយការណ៍​ជាបន្ទាន់​ជូនទៅ​កាកបាទក្រហមកម្ពុជា​ដើម្បី​បាន​កិច្ច​អន្តរាគមន៍ និង​ដោះស្រាយ​ទាន់​វេលា​។​

​សូមបញ្ជាក់ថា​ក្នុង​ដំណើរ​ចូលរួម​រំលែក​ក្តី​ទុក្ខ​នេះ លោក​គៀង វឌ្ឍនៈ បាន​នាំយក​អំណោយ​របស់​កាក​បាទ​ក្រហម​កម្ពុជា​ផ្តល់ជូន​គ្រួសារ​សព ដោយ​មួយ​គ្រួសារៗ​ទទួលបាន អង្ករ​ទម្ងន់​១២០​គីឡូក្រាម មី​ប្រាំ​កេស ទឹក​ផ្លែឈើ​ប្រាំ​កេស ត្រីខ ៥០​កំប៉ុង ថវិកា​១០​លាន​រៀល​។ ជាមួយគ្នានេះ គណៈកម្មាធិការ​កាកបាទ​ក្រហម​កម្ពុជា​សាខា​ខេត្តកំពត​បាន​ឧបត្ថម្ភ​ថវិការ​ប្រាំ​លាន​រៀល​សម្រាប់​គ្រួសារ​សព​នីមួយៗ​ផងដែរ​។​

​គួររំលឹកថា​យោធិន​ពីរ​នាក់​បាន​ស្លាប់​បន្ទាប់ពី​ជិះ​ម៉ូតូឌុប​គ្នា​ទៅកាន់​មន្ទីរពេទ្យ ព្រោះតែ​ម្នាក់​ក្នុងចំណោម​នោះ​មាន​ជំងឺគ្រុនចាញ់ ហើយ​ចៃដន្យ​ធ្លាក់ចូល​ក្នុង​ទឹក​កំពុង​ហូរ​បោកបក់​ខ្លាំង ដោយសារ​ស្របពេល​កើតហេតុ​ការណ៍​បាក់​ស្ពាន​កាលពី​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២0១៩ ត្រង់ចំនុច​ស្ពាន​អូរ​ម៉ា​ក្នុងស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង​។ សព​យោធិន​ទាំងពីរ​ត្រូវបាន​រកឃើញ​នៅ​ព្រឹក​ថ្ងៃ​បន្ទាប់ និង​បញ្ជូន​មកដល់​ស្រុកកំណើត​នា​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៩ ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រ​ណៃ​ណី​។ ជនរងគ្រោះ​ទាំងពីរ​នាក់ គឺ ១. ឈ្មោះ​ភី​នី ដា​លិ ភេទ​ប្រុស អាយុ ២៣​ឆ្នាំ មា​នទី​កំណើត​ភូមិ​ភ្នំ​ត្រែ​ល ឃុំ​ភ្នំ​កុង ស្រុក​អង្គរជ័យ ខេត្តកំពត​, ២. ឈ្មោះ​សុខ សុវណ្ណ​ឌី ភេទ​ប្រុស អាយុ ២១​ឆ្នាំ ស្រុកកំណើត​ភូមិ​ថ្កូវ ឃុំ​ឫស្សីស្រុក​ខាងលិច ស្រុក​កំពង់ត្រាច ខេត្តកំពត​។ ទាំងពីរ​នាក់​បម្រើការ​នៅ​អង្គភាព​កងអនុសេនាធំ​ទី​បី វរ​សេនា​តូច​កាំភ្លើង​ធំ​នៃ​យោធភូមិភាគ​ទីមួយ​ប្រចាំការ​ក្នុងភូមិ​សាស្ត្រ​អូរ​អាឡៃ​ក្បែរ​ព្រំដែន​កម្ពុជា ឡាវ​៕ ល​