កាក់​ឌីជីថល Bitcoin ឡើងថ្លៃ​ហួស ១៦.០០០ ដុល្លារ​ហើយ ខណៈ​ក្តីបារម្ភ​កំពុង​កើនឡើង​ខ្លាំង​

473

​កាក់​ឌីជីថល Bitcoin បាន​លោត​ឡើង​ជាមួយ​តម្លៃ ១៧.០០០ ដុល្លារ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៧​ធ្នូ ដោយ​បង្កឱ្យមាន​ការព្រមាន ថា​រូបិយ​បណ្ណ​ឌីជីថល​នេះ​គឺ​ហាក់បីដូចជា “​រថភ្លើង​គ្មាន​ហ្វ្រាំង​អ៊ីចឹង​” និង ញ៉ាំងឱ្យមាន​ការព្រួយបារម្ភ​ថ្មី​អំពី​ការចាប់ផ្តើម​ដំណើរការ​ដ៏​ផុសផុល​ខ្លាំង​បំផុត​របស់​រូបិយ​បណ្ណ​នេះ​នៅលើ​ទីផ្សារ​អន​ឡាញ​។​

​យោងតាម​ទិន្នន័យ​របស់​វេ​ប​សាយ Bloomberg បានឱ្យដឹងថា ដោយ​កំពុង​ស្ថិតនៅក្រោម​តម្លៃ ១៤.០០០ ដុល្លារ​ក្នុងការ​ជួញដូរ​នៅ​អាស៊ី កាក់​នេះ​បាន​ឡើងថ្លៃ​ដល់ ១៥.០០០ ដុល្លារ​នៅ​អឺរ៉ុប ហើយ​ថែមទាំង​បាន​ឡើងដល់​ទៅ ១៦.៧៧៧ មុនពេល​ធ្លាក់ចុះ​មកវិញ​។ គិត​ត្រឹម​ម៉ោង ២១:៤៥ ម៉ោង​សកល កាក់ Bitcoin មានតម្លៃ ១៦.០៧០ ដុល្លារ​។

​ការឡើង​ថ្លៃ​នេះ​បាន​កើតឡើង​មួយថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​រូបិយ​បណ្ណ​និម្មិត​នេះ ដែល​គេ​ប្រើ​ដើម្បី​ទិញ​អ្វីៗ​គ្រប់យ៉ាង​ចាប់ពី​ការ៉េម​រហូតដល់​ស្រា​បៀរ​មួយ​កែវ បាន​ឡើងដល់​តម្លៃ ១២.០០០ ដុល្លារ​ជា​លើកដំបូង​។ ការកើនឡើង​តម្លៃ​ដ៏​គំហ៊ុក​នេះ​បានធ្វើឱ្យ​តម្លៃ​រូបិយ​បណ្ណ​ឌីជីថល​នេះ​ស្ទុះ​ឡើង​ជាង ៥០ ភាគរយ​ក្នុង​រយៈពេល​ត្រឹមតែ​១​សប្តាហ៍ និង​ពី​តម្លៃ ៧៥២ ដុល្លារ​កាលពី​ពាក់កណ្តាល​ខែមករា​។​

​កាក់ Bitcoin ដែល​ចូលមកក្នុង​ឆ្នាំ ២០០៩ ជា​សូ​ហ្វ​វែ​ល​ដាក់​កូដ​សម្ងាត់​ខ្ពស់ គឺ​គ្មាន​ធនាគារកណ្តាល​គាំទ្រ​វា​ទេ និង​គ្មាន​អត្រា​ប្តូរប្រាក់​ស្របច្បាប់​ឡើយ​។​

​កាក់​នេះ​បាន​កើនឡើង​តម្លៃ​យ៉ាងខ្លាំង​កាលពី​ខែវិច្ឆិកា ដោយសារតែ​ការកើនឡើង​នៃ​ការទទួលយក​ក្នុងចំណោម​អ្នកវិនិយោគទុន​តាមបែប​ប្រពៃណី​ពោរពេញ​ដោយ​ការច្នៃប្រឌិត ដែល​ពីមុន​គេ​ទុក​វា​សម្រាប់​អ្នកជំនាញ​ហិរញ្ញវត្ថុ​តាម​កុំព្យូទ័រ និង​ជួនកាល​អ្នកប្រើប្រាស់​បែប​លាក់កំបាំង​។​

​ប៉ុន្តែ​ស្ថាប័ន​មួយចំនួន​រួមទាំង​ធនាគារកណ្តាល​អាមេរិក​បាន​ព្រមាន​អំពី​ការខាតបង់​ប្រាក់​ក្នុង​វិនិយោគ​លើ​កាក់​ឌីជីថល​នេះ ខណៈ​វា​អាច​គំរាមកំហែង​ដល់​ស្ថិរភាព​ហិរញ្ញវត្ថុ ហើយ​ការព្រួយបារម្ភ​អំពី​ការឡើង​ចុះ​តម្លៃ​ដ៏​គំហ៊ុក​បាន​កើនឡើង​ខ្លាំង ខណៈដែល​តម្លៃ​កាក់​នេះ​ចេះតែ​កើនឡើង​រហូត​ឥត​ឈប់​។​

​លោក សេន ឆា​នែ​ល មក​ក្រុមហ៊ុន​ប្រឹក្សា​ហិរញ្ញវត្ថុ ASR Wealth Advisers នៅ​ទីក្រុង​ស៊ីដនី​បាន​និយាយថា “​កាក់ Bitcoin ឥឡូវនេះ​ហាក់ដូចជា​រថភ្លើង​ដែល​កំពុង​សាក​ភ្លើង​មួយ ដែល​គ្មាន​ហ្វ្រាំង​។ មាន​មនុស្ស​ចូលរួម​ថ្មីៗ​ជាច្រើន​កំពុង​សម្រុក​ចូលក្នុង​ទីផ្សារ​រូបិយ​បណ្ណ​ឌីជីថល​នេះ​”៕ ដោយ៖ កញ្ញាដាលីស

កាក់​ឌីជីថល Bitcoin ឡើងថ្លៃ​ហួស ១៦.០៧០ ដុល្លារ កាលពី​ថ្ងៃ​ព្រហស្បតិ៍