កាណាដានឹងលែងផ្តល់ការការពារសន្តិសុខជូនហារីនិងមេហ្គាន

153
ចែករម្លែក

រដ្ឋាភិបាលកាណាដាបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី២៧ កុម្ភៈថា ប្រទេសកាណាដានឹងលែងផ្តល់សន្តិសុខការពារដល់ព្រះអង្គម្ចាស់ហារី និង ព្រះនាងមេហ្គាន ម៉ាកិល ទៀតហើយ ល្គឹកណាទ្រង់ទាំងពីរលែងជាសមាជិកនៃគ្រួសាររាជវង្សអង់គ្លេសនៅក្នុងសប្តាហ៍ខាងមុខនេះ។

ប៉ូលិសកាណាដាបានកំពុងជួយប៉ូលិសទីក្រុងឡុងដ៍ក្នុងការការពារសន្តិសុខ “បណ្តោះអាសន្ន” ជូនទ្រង់ទាំងពីរ ចាប់តាំងពីខែវិច្ឆិកា នៅពេលដែលគូស្វាមីភរិយានេះបានចាប់ផ្តើមវិស្សមកាលរយៈពេល ៦ សប្តាហ៍នៅប្រទេសកាណាដា។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យសហព័ន្ធនៃក្រសួងសន្តិសុខសាធារណៈ។

ប៉ុន្តែនៅពេលណាដែលហារីនិងមេហ្គានលែងត្រូវបានចាត់ទុកថាជាសមាជិកជាន់ខ្ពស់នៃគ្រួសាររាជវង្សអង់គ្លេស ពួកទ្រង់នឹងលែងទទួលបានសន្តិសុខការពារដែលប្រើលុយរដ្ឋរាប់លានដុល្លារទៀតហើយ។

គូស្វាមីភរិយានេះបានធ្វើឱ្យមានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសាររាជវង្សកាលពីដើមខែមករាដោយចេញសេចក្តីប្រកាសដ៏គួរឱ្យភ្ញាក់ផ្អើលថាពួកទ្រង់នឹងចុះចេញពីតួនាទីជារាជវង្សជាន់ខ្ពស់ដើម្បីទទួលបានសេរីភាពពីការឃ្លាំមើលយ៉ាងខ្លាំងក្លាពីប្រព័ន្ធផ្សព្វផ្សាយ ដែលបានតាមដានពួកទ្រង់អស់រយៈពេលជាច្រើនឆ្នាំ។

ពួកទ្រង់បានប្រកាសពីបំណងក្នុងការចំណាយពេលបន្ថែមទៀតនៅក្នុងប្រទេសកាណាដា ដែលអាចដាក់ការទទួលខុសត្រូវផ្នែកសន្តិសុខរបស់ពួកទ្រង់ទៅលើរដ្ឋាភិបាលកាណាដា។

សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលបាននិយាយថា “នៅពេលដែលទ្រង់ទាំងពីរព្រះអង្គត្រូវបានទទួលស្គាល់ថាជាបុគ្គលដែលត្រូវបានការពារជាអន្តរជាតិ កាណាដាមានកាតព្វកិច្ចផ្តល់ជំនួយសន្តិសុខតាមតម្រូវការចាំបាច់។ ជំនួយនេះនឹងត្រូវបញ្ឈប់នៅប៉ុន្មានសប្តាហ៍ខាងមុខនេះស្របតាមការផ្លាស់ប្តូរស្ថានភាពរបស់ពួកទ្រង់”៕ ដោយ៖ កញ្ញាដាលីស

ហារីនិងមេហ្គាននឹងលែងទទួលបានការការពារសន្តិសុខពីកាណាដានៅសប្តាហ៍ខាងមុខ